អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អត្តសញ្ញាណរបស់​ហុងកុង​នៅ​២៥ឆ្នាំក្រោយនៃការផ្ទេរការគ្រប់គ្រង​ពីអង់គ្លេស​​ទៅ​ឲ្យចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

១កក្កដាឆ្នាំ​១៩៧៧ ១កក្កដា ឆ្នាំ ២០២២។ មានរយៈពេល​២៥ឆ្នាំគត់ ដែលអង់គ្លេស​ប្រគល់ទឹកដី​ហុងកុង​​ទៅ​ឲ្យ​ប្រទេស​ចិនគ្រប់គ្រងវិញ។ នៅក្នុង​ឱកាស​ខួប​២៥ឆ្នាំ​នៃការប្រគល់​ទឹកដី​ហុងកុងពីអាណាចក្រ​អង់គ្លេសទៅ​ឲ្យចិន លោក​ប្រធានាធិបតី ស៊ីជីនពីង​ នៅក្នុង​ពិធីបុណ្យ​នៅទីក្រុង​ហុងកុង បានអះអាងនៅថ្ងៃនេះថា ចិន​នឹង​នៅបន្ត​អនុវត្តគោលការណ៍ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរនៅហុងកុង។

កងទ័ពចិន​បង្ហូត​ទង់ជាតិចិន នៅក្នុងពិធីផ្ទេរដែនដីហុងកុងពីអាណាចក្រ​អង់គ្លេស​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​នៅថ្ងៃទី ១​កក្កដា ១៩៩៧
កងទ័ពចិន​បង្ហូត​ទង់ជាតិចិន នៅក្នុងពិធីផ្ទេរដែនដីហុងកុងពីអាណាចក្រ​អង់គ្លេស​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​នៅថ្ងៃទី ១​កក្កដា ១៩៩៧ REUTERS - DYLAN MARTINEZ
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីរំលឹកខួប​២៥ឆ្នាំ​នៃការផ្ទេរដែនដីហុងកុង​ពីអង់គ្លេស​ទៅ​ឲ្យ​ចិន​គ្រប់គ្រងវិញ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ បាននិយាយ​ថា ថ្ងៃដែល​ហុងកុង​បាន​វិលត្រលប់មករួមរស់ជាមួយមាតុភូមិ ជាថ្ងៃ​ដែល​ហុងកុង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ នៅមួយថ្ងៃ​មុន​ខួប​២៥ឆ្នាំ​នៃការប្រគល់ដែនដីហុងកុង​ពីអង់គ្លេស​ទៅឲ្យ​ចិន កាលពី​ថ្ងៃទី ១​កក្កដា ឆ្នាំ ១៩៩៧ លោក​ប្រធានាធិបតី​ចិន​ដែលធ្វើដំណើរ​ជាលើកទី​២ ទៅកាន់​ទីក្រុង​ហុងកុង (លើកទី​១ឆ្នាំ ២០១៧)បាននិយាយ​ថា ហុងកុង​បាន​ងើបចេញពីផេះផង។ លោកចង់សំដៅដល់​បាតុកម្ម​ភ្លូកទឹកភ្លូកដី ឆ្នាំ ២០១៩ រហូតដល់​មានការប៉ះទង្គិចគ្នាដ៏ហិង្សា​រវាង​ប៉ូលិស​និង​ប្រជាជន​ហុងកុង។

ប្រមុខរដ្ឋ​ចិន​បាន​ចេញមុខ​ការពារ​ច្បាប់ការពារ​សន្តិសុខ​​ជាតិ ដែល​ចិន​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០២០ ព្រោះថា​ច្បាប់នេះ បាន​ជួយ​ឲ្យហុងកុង​ងើបចាកផុត​ពី​ភាពវឹកវរ ចលាចល។ “នៅក្រោយ​ព្យុះភ្លៀង គ្រប់គ្នារៀនសូត្រ​ថា ហុងកុង​មិនអាច​ធ្លាក់ក្នុងភាពវឹកវរ ហើយ​ហុងកុង​មិនអាច​កើតមាន​ភាពវឹកវរ។ ក្រុង​ហុងកុង​ត្រូវ​បំរះ ដកខ្លួន​ចេញពី​ការបំផ្លាញ ដោយត្រូវ​ប្រមូលផ្តុំ​កម្លាំងសម្រាប់តែ​ការអភិវឌ្ឍ” នេះជា​ប្រសាសន៍​របស់​លោក​ ស៊ី ជីនពីង។

ពិធីរំលឹកខួប​២៥ឆ្នាំ​នៃការផ្ទេរដែនដីហុងកុង​កត់សំគាល់ផងដែរដោយការស្បថចូលកាន់តំណែង​របស់​ប្រមុខដឹកនាំ​ហុងកុង លោក​ចន លី។

សម្រាប់ប្រធានាធិបតីចិន ប៉េកាំង​បានធ្វើគ្រប់យ៉ាង​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន​ហុងកុង។ គឺ​ក្នុងហេតុផលនេះ​បានជាលោក​ចង់ឲ្យ​រដ្ឋាភិបាល​ចិន ​​បន្ត​អនុវត្ត​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធពីរ នៅ​ហុងកុង ​តទៅទៀត។

តាមកិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស នៅ​ឆ្នាំ ១៩៨៤ ចិន​សន្យា​អនុវត្ត​គោលការណ៍ ប្រទេស​មួយ ប្រព័ន្ធពីរ​នៅហុងកុង​សម្រាប់រយៈពេល ៥០ឆ្នាំ (ចាប់ពីឆ្នាំ​ផ្ទេរទីក្រុង​ហុងកុង នៅឆ្នាំ ១៩៩៧ ដល់​ឆ្នាំ ២០៤៧)។

តាម​ប្រធានាធិបតី​ចិន គោលការណ៍ប្រទេស​មួយ ប្រព័ន្ធពីរ​មានដំណើរការល្អ។ វា​ជាប្រព័ន្ធល្អ ដែលទាំង​ប្រជាជន​ហុងកុង​ និង​សហគមន៍អន្តរជាតិគាំទ្រទទួលយកគ្រប់គ្នា។ ដូច្នេះ គ្មានហេតុផលអ្វីដែល​ចិន​បោះបង់ លែង​ប្រើគោលការណ៍​ប្រទេស​មួយ ប្រព័ន្ធពីរនៅហុងកុងនោះទេ។

ច្បាប់ការពារសន្តិសុខជាតិ​សម្លាប់​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធពីរ

សម្រាប់​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង ចិន​បាន​ក្បត់សន្យា ដោយ​បាន​សម្លាប់​គោលការណ៍​ ប្រទេស​មួយ ប្រព័ន្ធពីរ តាមរយៈ ការ​បង្កើតច្បាប់​ការពារសន្តិសុខ​ជាតិ ដែល​បើកផ្លូវ​ឲ្យ​អាជ្ញាធរ​ចុះបង្រ្កាប​ចាប់ដាក់ពន្ធនាគារ បំបិទមាត់​អ្នកប្រឆាំង។

ថ្ងៃ​ទី​១​កក្កដា​ ជា​ថ្ងៃ​ខួប​២៥​ឆ្នាំ ​នៃការផ្ទេរការគ្រប់គ្រង​ហុងកុង ពីរាជាណាចក្រ​អង់គ្លេស​ទៅ​ឲ្យចិនដែលជា​ម្ចាស់ដើម។ នៅក្រោយ​ធ្វើអាណានិគមកាន់កាប់ហុងកុង​ជាង​១៥០ឆ្នាំ​អង់គ្លេស​បាន​ប្រគល់​ហុងកុងទៅ​ឲ្យ​ចិន​គ្រប់គ្រងវិញ នៅ​ឆ្នាំ ១៩៩៧ ប៉ុន្តែ ហុងកុង​ត្រូវ​បាន​គេ​ដាក់​ជា “តំបន់​រដ្ឋបាល​ពិសេស” តាម​គោលការណ៍ “ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ”។ មានន័យថា លើកលែង​តែ​នយោបាយការបរទេស និង​នយោបាយការពារជាតិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កោះហុងកុង​ប្រៀបដូចជា​ប្រទេស​ឯករាជ្យ​មួយ ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ផ្ទាល់ខ្លួន ​ដាច់​ដោយឡែក​ពី​​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ហុងកុង​មាន​​​អំណាច​នីតិ​បញ្ញតិ នីតិប្រតិបត្តិ និង​អំណាចតុលាការ​ផ្ទាល់​ខ្លួន។ មាន​​ច្បាប់​កំពូល​ផ្ទាល់ខ្លួនមួយ ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​រដ្ឋធម្មនុញ្ញ ហើយ​មាន​ប្រព័ន្ធ​បោះឆ្នោត​ផ្ទាល់ខ្លួន ដោយ​មិនស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។ ប្រជាជន​ហុងកុង​ក៏មាន​សិទ្ធិសេរីភាព​​យ៉ាងទូលំទូលាយ តាមបែប​ប្រជាធិបតេយ្យ​ ដែល​ផ្ទុយ​ស្រឡះ​ពី​ប្រជាជន​ចិន​ដីគោក។

ប៉ុន្តែ នៅ​១០ឆ្នាំចុងក្រោយនេះ អំណាច​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ​ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ត្រូវ​បាន​ប៉េកាំងច្រិបកាត់ចោល​បន្តិចម្តង ប៉េកាំង​បាន​លូកដៃកាន់ខ្លាំងទៅក្នុង​កិច្ចការហុងកុង តាំងពីរឿងកែប្រែច្បាប់​បោះឆ្នោត​ដើម្បី​បើកផ្លូវ​ឲ្យ​ចិន​អាច​ជ្រើសតាំង​មេដឹកនាំ​ហុងកុង​ដែល​ស្នេហាជាតិ ស្មោះស្ម័គ្របក្សកុម្មុយនិស្ត រហូត​ដល់​សិទ្ធិសេរីភាព​បញ្ចេញមតិ។ សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង​ធ្លាក់​ចុះ​ដោយ​គំហុក នៅ​បន្ទាប់ពី​ចិន​បង្កើតនិង​អនុវត្ត​ច្បាប់​ការពារ​សន្តិសុខជាតិនៅហុងកុង នៅ​ឆ្នាំ ២០២០។ ដោយសារតែ​ច្បាប់ការពារសន្តិសុខជាតិ​ អ្នកនយោបាយប្រឆាំងរបស់​ហុងកុង​​ជាច្រើន​រូប​ត្រូវ​ចាប់ខ្លួន ឬ​បើមិនអីចឹង​ត្រូវរត់គេចខ្លួនទៅបរទេស​។ សមាគម គណបក្ស​ប្រឆាំង​ត្រូវ​គេ​រំលាយ ចំណែក​កាសែតដែល​រិះគន់​រដ្ឋាភិបាល​ចិន និង​ថ្នាក់ដឹកនាំ​ហុងកុង ត្រូវ​អាជ្ញាធរ​ចុះបិទទ្វារ និងអ្នកកាសែត​ត្រូវ​ប្រឈម​នឹងការចាប់ខ្លួន។ ការអនុវត្តច្បាប់​ការពារ​សន្តិសុខជាតិ​របស់​ចិន នៅ​ហុងកុង បាន​ធ្វើ​ ហុងកុង ក្នុងរយៈពេលតែ ១ឆ្នាំ ​ធ្លាក់ដល់​ចំណាត់ថ្នាក់​ទី ១៤៨​នៃក្រុម​ប្រទេស​ដែលមាន​ការបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។​

ខុសស្រឡះ​ពី​ឆ្នាំមុនៗ ដែលពិធីរំលឹកខួប​នៃការផ្ទេរដែនដីហុងកុង​ទៅ​ឲ្យ​ចិន​កត់សំគាល់​ដោយសារ​មហាបាតុកម្ម​ប្រឆាំង​របស់​ប្រជាជន​ហុងកុង ដែល​ស្រែករិះគន់​​រដ្ឋាភិបាល​ប៉េកាំង និង​ទាមទារ​ឲ្យមានការគោរព​សិទិ្ធសេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅហុងកុង ពិធីរំលឹកខួប​២៥​ឆ្នាំ នៅថ្ងៃ​សុក្រ​ទី​១​កក្កដា ២០២២ ស្ងាត់ បាត់​អ្នកតវ៉ាហុងកុង។

​សកម្មជន​របស់​សម្ព័ន្ធ​សង្គមប្រជាធិបតេយ្យ ដែលជា​បក្ស​ប្រឆាំងចុងក្រោយ​ នៅហុងកុង បាននិយាយ​ថា ពួកគេ​មិន​ធ្វើ​បាតុកម្ម​អ្វីទាំងអស់ នៅថ្ងៃ​ទី​១កក្កដា ព្រោះថា នៅ​ប៉ុន្មានថ្ងៃមុនការរៀបចំ​កម្មវិធីបុណ្យ ប៉ូលិសហុងកុង ​បានចាប់ខ្លួន​មនុស្ស​៩នាក់ ហើយ​និង​បាននិយាយ​បញ្ចុះបញ្ចូល​សមាជិក​របស់​គណបក្ស​ប្រឆាំង កុំ​ឲ្យគេ​ធ្វើបាតុកម្ម​នៅថ្ងៃរៀបចំពិធីប្រារព្ធខួប​២៥ឆ្នាំ ដែលមាន​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ចូលរួម។ អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បាន​បញ្ជាក់ថា មាន​អ្នកកាសែត​ក្នុងស្រុកហុងកុង និង​បរទេស​១៣នាក់ ត្រូវបាន​អាជ្ញាធរ​ហាម​មិន​ឲ្យចូល​យកព័ត៌មាន​នៅក្នុង​ថ្ងៃនេះដែរ។

បើសិន​ប្រជាជនហុងកុង​មិនអាច​ចុះថ្នល់​ធ្វើ​បាតុកម្ម​ អ្នកនយោបាយ​ប្រឆាំង​ត្រូវ​អាជ្ញាធរ​បង្រ្កាប ​ចាប់ដាក់ពន្ធនាគារ ដោយ​យោងទៅលើ​ច្បាប់ការពារ​សន្តិសុខជាតិ ហើយ​មេដឹកនាំ​ហុងកុងត្រូវជ្រើសរើស​ចេញពី​ក្រុមដែល​ស្មោះស្ម័គ្រ​នឹង​ទីក្រុង​ប៉េកាំង សកម្មជនប្រឆាំង​ហុងកុង​ដឹងខ្លួនហើយថា គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធគ្រប់គ្រង​ពីរ​នៅហុងកុងគឺ​បាន​រលាយស្លាប់បាត់ទៅហើយ។

តើ​ហុងកុង​ក្លាយទៅជាយ៉ាងណា នៅ​២៥ឆ្នាំខាងមុខ?

ហុងកុង​នៅតែ​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​អន្តរជាតិធំជាងគេ​នៅអាស៊ី? តើ​ហុងកុង​នៅជា​ដែនដី​នៃសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​?

តាំងពីវិលត្រលប់ទៅរួមរស់ជាមួយ​ចិន​ដីគោក ហុងកុង ដែល​ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុអន្តរជាតិ សំខាន់​ធំទី​៣​នៅក្នុងពិភពលោក​បាន​ផ្លាស់ប្តូរមុខមាត់ខ្លាំង​របស់ខ្លួន សឹង​មើលមិនស្គាល់ ចាប់តាំង​ពី ​រដ្ឋអំណាច​ចិនពង្រីកដែនឥទ្ធិពល​របស់ខ្លួន តាមរយៈ​ការ​អនុវត្ត​ច្បាប់ការពារ​សន្តិសុខជាតិ នៅហុងកុង នៅ​ឆ្នាំ ២០២២។

ការរឹតបន្តឹង​សិទ្ធិសេរីភាពបញ្ចេញមតិ ការចាប់អ្នកកាសែត​ដាក់ពន្ធនាគារ​ក្រោមច្បាប់​ការពារ​សន្តិសុខជាតិ​ ហើយនិង​ការអនុវត្ត​តឹងរ៉ឹង​វិធានការ​សុខភាពដោយសារ​ជំងឺកូវីដ បានធ្វើ​ឲ្យអ្នកជំនួញបរទេស​ខ្លាចរអែង និងមួយចំនួន​បាន​ដកខ្លួន​ចេញពី​ហុងកុង។ ចំនួន​វិនិយោគ​បរទេស​បានធ្លាក់ចុះ។

នៅ​ឆ្នាំ​១៩៩៧ ផលិតផលក្នុងស្រុកសរុប​របស់ហុងកុង ស្មើនឹង​មួយភាគបី​នៃ​ផលិតផលក្នុងស្រុកសរុប​របស់​ចិន​ទាំងមូល។ ប៉ុន្តែឥលូវនេះ វា​ស្មើ​តែ​នឹង​២%​នៃ​ផលិតផលក្នុងស្រុកសរុប​របស់​ចិន​ទៅវិញ។ ហុងកុង​ដែលធ្លាប់ជា​ទីក្រុង​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ​សំខាន់ជាងគេ​នៅអាស៊ីពេលនេះ ត្រូវរួបរឹត​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ដោយសារ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច នៅក្រោយ​ការបង្រ្កាប​ទៅលើ​ក្រុមបាតុករ​។ លើសពីនោះ ហុងកុងក៏ត្រូវ​មក​ប្រឈមប្រកួតប្រជែងជាមួយទីក្រុង​ផ្សេងទៀត​របស់​ចិនដែលមាន​សេដ្ឋកិច្ច​លូតលាស់ខ្លាំង ដូចជា​សៀងហៃជាដើម។

ដោយសារតែ​ការបង្រ្កាប​​ ការគំរាមកំហែង​ចាប់ខ្លួន ដោយ​យោងទៅតាម​ច្បាប់​ការពារ​សន្តិសុខជាតិ ប្រជាជន​ហុងកុងកាន់តែច្រើន​ដែល​ស្រឡាញ់សេរីភាព លទ្ធិប្រជាធិបតេយ្យ ​បាន​រត់ចាកចោល​ហុងកុង ទៅ​រស់នៅប្រទេស​អង់គ្លេស ឬ​ទៅនៅតៃវ៉ាន់។ ៧០%នៃប្រជាជន​ហុងកុង​ សរុប ៥,៤លាននាក់ មាន​លិខិតឆ្លងដែនអង់គ្លេស។ ពី​ខែ មករា ឆ្នាំ ២០២១ ដល់​ខែ​មីនា​ឆ្នាំ ២០២២ មាន​ប្រជាជន​ហុងកុង ១២៣ ០០០នាក់​បាន​ដាក់ពាក្យ​សុំ​វីសា​BNO visa សម្រាប់​រើទៅរស់នៅអង់គ្លេស។

នៅក្នុង​អតីតកាល ប្រជាជន​ហុងកុង​ធ្លាប់​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ អង់គ្លេស​ ដោយសារ​ ​ព្រឹត្តិការណ៍​សំខាន់ ដូចជា នៅពេល​អង់គ្លេស​ចុះ​ហត្ថលេខា​ប្រគល់​ហុងកុង​ទៅ​ឲ្យ​ចិន ឬ​ដោយសារ​ការតាមចាប់ខ្លួន នៅក្រោយ​មាន​​ការបង្រ្កាប​ទៅលើ​ក្រុមនិស្សិត​នៅ​ទីលាន​ធានអានមេនហុងកុង​ជាដើម។ ប៉ុន្តែ នៅពេល​ប្រជាជន​ហុងកុងទាំងនោះ សង្ឃឹម​ត្រលប់​មក​ជាន់ទឹកដី​ហុងកុងវិញនៅថ្ងៃណាមួយ ប្រជាជន​ដែលចាកចេញពីហុងកុង នៅក្រោយ​ការបង្កើតច្បាប់​ការពារ​សន្តិសុខ​ជាតិចិននៅ​ឆ្នាំ ២០២០ មិន​សង្ឃឹមថា នឹង​អាច​​ត្រលប់​មក​ជាន់​ដីហុងកុងសាជាថ្មីសោះឡើយ។  ហុងកុង​នឹង​ត្រូវ​ចាក់បំពេញវិញ ដោយប្រជាជន​មកពីចិន​ដីគោក​ដូច​ក្រុងម៉ាកាវ។ នៅសល់​២៥ឆ្នាំទៀត ទើបចិនអាច​ចូលគ្រប់គ្រង​ហុងកុង ដូចចិន​គ្រប់គ្រង​ខេត្តចិន​ដទៃទៀត ពោល គឺ​នៅគោលការណ៍ប្រទេស​មួយ ប្រព័ន្ធពីរ ចប់អស់សុពលភាព នៅ​ឆ្នាំ ២០៤៧។ ប៉ុន្តែ នៅត្រឹមឆ្នាំទី ​២៥ឆ្នាំ ហុងកុង​ដែលបាន​ទទួល​ឯកសិទ្ធិ​ជា​​តំបន់ស្វយ័ត ដឹកនាំដោយរដ្ឋាភិបាល​ឯករាជ្យ តាម​គោលការណ៍ប្រទេស​មួយ ប្រព័ន្ធពីរ បានធ្លាក់ខ្លួន ក្លាយដូចជា​ខេត្ត​ផ្សេងទៀត​របស់​ចិន រួចទៅហើយ ដោយ​មិនចាំបាច់​រង់ចាំ ២៥ឆ្នាំទៀត (នៅ​ឆ្នាំ ២០៤៧)នោះទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ