អានតួអត្ថបទ
ចិន-ហុងកុង-ប្រជាធិបតេយ្យ

ណាតាន់ ឡ៖ ប្រជាជនហុងកុង​ដែល​ភៀសខ្លួន​មក​ក្រៅ មាន​កាតព្វកិច្ច​ប្រាប់ទៅ​ពិភពលោក​ឲ្យ​ដឹង​​ ពីសារជាតិ​ផ្តាច់ការ​នៃ​របប​កុម្មនីស្តចិន

កាលពី៣៣ឆ្នាំមុន​ ថ្ងៃទី​៤មិថុនា ១៩៨៩ រថក្រោះរបស់កងទ័ពចិន បានបើកសង្កត់ទីលានធានអានមេន កណ្តាលក្រុងប៉េកាំង ផ្តាច់យកជីវិតបាតុករប្រជាធិបតេយ្យ យ៉ាងហោច១ម៉ឺននាក់ ស្លាប់​នៅក្នុងថ្លុកឈាម។ ខណៈដែល ការជួបជុំរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន និងនៅហុងកុងផងនោះ ប្រជាជនហុងកុង ដែលបានភៀសខ្លួនមកកាន់ប្រទេសអង់គ្លេស បានរៀបចំកម្មវិធីជាច្រើននៅតាមទីក្រុងធំៗនានា។ លោក ណាតាន់ ឡ (Nathan LAW) អតីតសាមជិក​សភាបក្សប្រជាធិបតេយ្យហុងកុង ដែលបានភៀសខ្លួនមករស់នៅអង់គ្លេស បានថ្លែងថា វាជារឿងចាំបាច់ណាស់ ព្រោះពួកខ្លួនមានកាតព្វកិច្ចជាប់នៅលើស្មារ ពាំនាំយកសំឡេងរបស់ប្រជាជនហុងកុង ប្រាប់ទៅពិភពលោក​ឲ្យ​បានដឹង អំពីមុខមាត់ផ្តាច់ការ នៃរបបចិនប៉េកាំង។

សមត្ថកិច្ចហុងកុង កំពុងបណ្តេញ​ក្រុមមនុស្ស ដែល​មានបំណងចូលទៅទីលាន​ Victoria ដើម្បីជួបជុំរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ដោយការបង្រ្កាបនៅទីលានធានអានមេន ថ្ងៃទី ៤ ​មិថុនា ១៩៨៩។ ហុងកុង ថ្ងៃទី ៤ មិថុនា ២០២២
សមត្ថកិច្ចហុងកុង កំពុងបណ្តេញ​ក្រុមមនុស្ស ដែល​មានបំណងចូលទៅទីលាន​ Victoria ដើម្បីជួបជុំរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ដោយការបង្រ្កាបនៅទីលានធានអានមេន ថ្ងៃទី ៤ ​មិថុនា ១៩៨៩។ ហុងកុង ថ្ងៃទី ៤ មិថុនា ២០២២ REUTERS - LAM YIK
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់សម្រង់ប្រសាសន៍ របស់​លោក ណាតាន់ ឡ ដែល​បានផ្តលបទសម្ភាសន៍ឲ្យ វិទ្យុបារាំងអន្តរជាតិ RFI កាលពីរសៀលថ្ងៃទី​៤មិថុនា២០២២៖​

02:56

សម្រង់​សំដីលោក Nathan LAW

"របបផ្តាច់ការចិន ចង់ឲ្យ​គេ​ភ្លេចនូវអំពើព្រៃផ្សៃទាំងអស់​ ដែលខ្លួនបានប្រព្រឹត្តិ។ របបនេះ មិនចង់ឲ្យ​យើងចងចាំ ​មិនចង់ឲ្យយើងរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ ហើយ​ក៏មិនចង់ឲ្យ​នរណាមកតវ៉ា ឲ្យខ្លួនទទួលខុសត្រូវ​ទោសកំហុសនោះដែរ។ ប៉ុន្តែសម្រាប់យើង វាជារឿងសំខាន់ណាស់ ដែលត្រូវតែបន្ត​រំឭក ឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវរបបនេះ កាប់​សម្លាប់នៅថ្ងៃទី​៤ មិថុនា ១៩៨៩។ ទោះបីជាយើង ស្ថិតនៅទីកន្លែងណាក៏ដោយ យើងនៅតែ​បន្ត​ស្រែក​ ដាស់សតិស្មារតីមនុស្សគ្រប់គ្នា ឲ្យបាន​ដឹង អំពីមុខមាត់ពិតនៃរបបផ្តាច់ការកុម្មុយនីស្តចិន ដែលមិនបាន​ផ្លាស់ប្តូរសារជាតិទេ តាំងពីមុនរហូតដល់ឥឡូវ។​

នៅហុងកុង វាសឹងតែមិនអាចរៀបចំការជួបជុំអ្វីបានទេ នៅទីសាធារណៈ។ តែខ្ញុំជឿថាប្រជាជននឹងអុជទៀននៅតាមផ្ទះរៀងៗខ្លួន ព្រោះគ្រប់គ្នាដឹងថាប្រឈមគ្រោះថ្នាក់អាចត្រូវគេចាប់ខ្លួន។ នេះហើយ​ ជាតថៈភាពនយោបាយ ពិតជាក់ស្តែងនៅហុងកុងរាល់ថ្ងៃនេះ។ ដូច្នេះ​ ចំពោះអ្នកដែលបានភៀសខ្លួនចេញក្រៅ គឺយើងរៀបចំនូវការជួបជុំ តាមទីក្រុងធំៗ។ នៅអង់គ្លេស យ៉ាងហោចណាស់ នៅទីក្រុងចំនួន​១០ ដែលគេបានរៀបចំកម្មវិធី អុជទៀនរំឭកវិញ្ញាណក្ខន្ធ ព្រោះជាប្រទេសដែលមាន​ប្រជាជនហុងកុងភៀសខ្លួនមកនៅច្រើនបំផុត។

 

លោក Nathan Law សកម្មជនប្រជាធិបតេយ្យហុងកុង
លោក Nathan Law សកម្មជនប្រជាធិបតេយ្យហុងកុង REUTERS - BOBBY YIP

 

ខ្ញុំមិនហ៊ាននិយាយថា មានចលនាជាក់ស្តែងណាមួយ ដើម្បីប្រជាធិបតេយ្យ​នៅឯបរទេសទេ។ តែខ្ញុំសង្កេតឃើញថា មានមនុស្សកាន់តែច្រើន ដែលបានចូលរួម ធ្វើសកម្មភាពដើម្បីបុព្វហេតុនេះ ក្នុងកម្មវត្ថុពញ្ញាក់ស្មារតីមហាជន ឲ្យ​យល់អំពី​ការរំលោភបំពានសិទ្ធិមនុស្ស​ នៅក្នុង​ប្រទេសចិន។ វាគឺជាកាតព្វកិច្ចរបស់យើង។ យើងបានភៀសខ្លួនចេញពីហុងកុងមែន តែយើងមានតួនាទីនៅលើស្មារ គឺពាំនាំយកសំឡេងរបស់ប្រជាជនហុងកុង ប្រាប់ទៅពិភពលោកឲ្យ​បាន​ដឹង។

អ្វីដែលខ្ញុំអាចដឹងគឺថា វាមានការលំបាកខ្លាំងណាស់នាពេលនេះ សម្រាប់អ្នកនៅក្នុងស្រុក​ក្នុងការធ្វើសកម្មភាព​ទាមទារលទ្ធិប្រជាធិបតេយ្យ។ តែខ្ញុំជឿថា នៅតែមានមនុស្សមួយចំនួន​ ដែលក្លាហាន បន្តការប្រយុទ្ធនេះ។ វាគឺជាទំរង់នៃការធ្វើសកម្មភាពបែបស្ងាត់ស្ងៀមផ្សេងៗ តួយ៉ាងការជួយជ្រោមជ្រែង​ អ្នកដែលជាប់ឃុំ ឬក្រុមគ្រួសារពួកគេជាដើម។ អ្នកខ្លះបន្តធ្វើសន្និសីទជាលក្ខណៈឯកជន លួចលាក់ ដើម្បី​បញ្ចេញមតិ​តវ៉ាប្រឆាំង។​

ខ្ញុំ​គិតថា ចិនប៉េកាំងលែងខ្លាចញញើតនឹងការថ្កោលទោសពីអន្តរជាតិទៀតហើយ។ របបនេះ ទំនងជាបានប្តេជ្ញាចិត្តហើយ ថានឹងបន្តដើរលើមាគ៌ា​ផ្តាច់ការ​តទៅទៀត។ ដូច្នេះ ពួកយើងត្រូវតែប្រុងប្រយ័ត្ន ហើយ​បន្តការពារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងធ្វើទាំងធ្វើយ៉ាងណាទាមទារឲ្យចិន ​ទទួលស្គាល់​ទោសកំហុស ចំពោះការរំលោភបំពាន​សិទ្ធិមនុស្ស​ ដែលចិនបានធ្វើនៅក្នុងស្រុកខ្លួន។ វាគឺជា​អ្វីដែលយើង​ទាំងអស់​គ្នា អាចជួយគាំទ្រ ដល់ប្រជាជនហុងកុង ដែល​នៅតែបន្ត​ប្រឹងប្រែង​ប្រយុទ្ធ​ដើម្បី​សិទ្ធិសេរីភាព។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ