អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខការពារជាតិចិនចាប់ដៃ ប៉ុន្តែមិនជួបពិភាក្សាស៊ីជម្រៅជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាពមិនចុះ​សម្រុងគ្នា​រវាង អាមេរិក និង​ចិន ត្រូវ​បាន​ភាគីអាមេរិកយកទៅ​លាតត្រដាង​ នៅក្នុងជំនួបកំពូល​ស្តីពីសន្តិសុខ​អាស៊ី ដែលចាប់ផ្តើម​បើកទ្វារ នៅ​ប្រទេស​សិង្ហបុរី ពី​ថ្ងៃ សុក្រទី​២​មិថុនា ដល់ថ្ងៃអាទិត្យ​ទី ៤មិថុនា។ ថ្លែងនៅក្នុង សន្និសីទ​Sangri-La ដែលមានការចូលរួម​ពី​ប្រមុខការពារជាតិ​របស់​បណ្តាប្រទេស​អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃ​សៅរ៍នេះ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក​ឡយ អូស្ទីន​បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃជំនួប ពិភាក្សា ជាមួយ​ភាគីចិន ដើម្បី​ជៀសវាង​ការភ័ន្តច្រលំ ដែលអាច​ឈាន​ទៅបង្កឲ្យមានជម្លោះរវាង​មហាអំណាច​ទាំងពីរ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលើកឡើង​ពីសារៈសំខាន់នៃ​ជំនួបជាមួយ​សមភាគីចិន នៅបន្ទាប់ពី ចិន​បដិសេធ​មិនទទួលការអញ្ជើញ​របស់អាមេរិក ដែលចង់​ឲ្យមានជំនួបពិភាក្សាផ្ទាល់​រវាង​រដ្ឋមន្រ្តីការពារអាមេរិក និងចិន នៅក្នុង​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​ Sangri-La នៅប្រទេស​សិង្ហបុរី។

​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​រដ្ឋមន្រ្តីការពារជាតិ​ចិនចាប់រលាក់ដៃ នៅក្នុង​ចំណោមថ្នាក់ដឹកនាំ​ផ្សេងទៀត នៅមុន​កម្មវិធីទទួលទានអាហារ របស់កិច្ចពិភាក្សា​សង់គ្រីឡា នៅប្រទេស​សិង្ហបុរី កាលពីថ្ងៃសុក្រទី ២​មិថុនា
​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​រដ្ឋមន្រ្តីការពារជាតិ​ចិនចាប់រលាក់ដៃ នៅក្នុង​ចំណោមថ្នាក់ដឹកនាំ​ផ្សេងទៀត នៅមុន​កម្មវិធីទទួលទានអាហារ របស់កិច្ចពិភាក្សា​សង់គ្រីឡា នៅប្រទេស​សិង្ហបុរី កាលពីថ្ងៃសុក្រទី ២​មិថុនា AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបកំពូលស្តីពីសន្តិសុខអាស៊ី នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តី​ការពារ​អាមេរិកបញ្ជាក់ជំហរ​របស់អាមេរិក​ដើម្បីការពារសម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ នៅចំពោះមុខ​ការគំរាមកំហែង ដាក់សម្ពាធ​របស់​ចិន។

ដូចទម្លាប់ ជំនួបកំពូល​ស្តីពីសន្តិសុខ​អាស៊ី បាន​ក្លាយជា​វេទិកា ដែល​មហាអំណាច​អាមេរិក និង​ចិនដំឡើង​សំឡេង​រិះគន់ វាយប្រហារ​គ្នា ទៅវិញ ទៅមក គិតចាប់តាំង​ពី​ចិន​ពង្រីក​ដែន​ឥទ្ធិពល ប្រកាសជាម្ចាស់ផ្តាច់មុខ នៅ​សមុទ្រ​ចិន​ខាងត្បូង។

អាមេរិក​ផ្ទាល់​ដែល​បែរយុទ្ធសាស្រ្ត​យោធា ទៅ​អាស៊ីប៉ាស៊ីហ្វិក បន្ត​បញ្ចុះបញ្ចូល​ប្រទេស​នៅក្នុងតំបន់​ឲ្យគាំទ្រ​នយោបាយ​ចក្ខុវិស័យ​របស់អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក នោះគឺ ការគោរព​ច្បាប់អន្តរជាតិ ការធានាសេរីភាពក្នុងការធ្វើដំណើរ នៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេស​នៅសមុទ្រ​ចិនខាង​ត្បូង។ ថ្លែងទៅកាន់​អ្នកចូលរួម ដែល​ជារដ្ឋមន្រ្តីការពារជាតិ មន្រ្តីការទូត និង​ក្រុមហ៊ុន​លក់អាវុធ នៅក្នុង​កិច្ចសន្ទនា សង់គ្រីឡា នៅថ្ងៃនេះ ប្រមុខការបរអាមេរិក​លោក​ឡយ អូស្ទីន មិនរារែក​នឹង​និយាយ​ថា ការគាំទ្រ​ចក្ខុវិស័យរបស់អាមេរិក​ជា​មធ្យោបាយ​ដ៏ល្អបំផុត​ដើម្បី​ទប់ទល់​ការពង្រីកដែនឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់។ តាម​ប្រមុខការពារជាតិអាមេរិក អាមេរិក​បង្កើនការសហការ បណ្តុះបណ្តាល​ជាមួយ​ប្រទេស​ដៃគូនៅក្នុងតំបន់ ដើម្បី​ធានា​ថា ប្រទេស​តូចធំ អាច​ធ្វើការហោះហើរ និង​ធ្វើនាវាចរ ដោយ​គ្មាន​បញ្ហា នៅក្នុង​តំបន់​ទឹក​អន្តរជាតិ ដូចជា​នៅ​សមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​បាន​និយាយ​ធានា​សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ ថា អាមេរិក​នឹងនៅ​ការពារ ​មិន​បណ្តោយឲ្យ​ចិនធ្វើបាប គំរាមកំហែងសម្ព័ន្ធមិត្ត​របស់អាមេរិក។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​ក៏មិនព្យាយាម ចង់បាន​ជម្លោះ ចង់​បាន​ការប្រឈមមុខ​ដាក់គ្នា ជាមួយចិនដែរ។ អាមេរិក​នៅតែបើកទ្វារសម្រាប់ការពិភាក្សា​ថ្នាក់ដឹកនាំជាន់ខ្ពស់​យោធា​របស់​ប្រទេស​ទាំងពីរ ចិន និងអាមេរិក។

តាំងពីមុនជំនួបកំពូល​នៅ​សិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក​ឡយ អូស្ទីន​បាន​ទាមទារ​ចង់​ជួប​រដ្ឋមន្រ្តីការពារជាតិ​ចិន ដើម្បី​កាត់បន្ថយភាពតានតឹង រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិ​ថ្មី​របស់​ចិន គឺ​លោក​លី ស្ហាំងហ្វូ​បាន​បដិសេធ​មិនទទួលជួប។

លោកឡយ អូស្ទីន​និង​លោក​លី ស្ហាំងហ្វូចាប់ដៃ និងសើចដាក់គ្នា នៅក្នុង​កម្មវិធី​ទទួល​ទានអាហារ

រូបថត​របស់ទីភ្នាក់ងារព័ត៌មានបរទេស បង្ហាញ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និង​រដ្ឋមន្រ្តីការពារជាតិ​ចិនចាប់ដៃ និង​សើចដាក់គ្នា នៅក្នុង​ចំណោមថ្នាក់ដឹកនាំ​ផ្សេងទៀត នៅមុន​កម្មវិធីទទួលទានអាហារ កាលពីថ្ងៃ​សុក្រម្សិលមិញ។ ប្រមុខ​ការពារជាតិ​ទាំងពីរ នៅបានអង្គុយទល់មុខគ្នា នៅក្នុង​កម្មវិធីពិភាក្សារួម ដែលជាផ្នែកមួយនៃ​កិច្ចប្រជុំ​កំពូល សង់គ្រីឡា។ ប៉ុន្តែ នៅក្នុង​សន្និសីទ នៅ​ថ្ងៃសៅរ៍ រដ្ឋមន្រ្តីការពារជាតិ លោកឡយ អូស្ទីន​និយាយ​ថា ការចាប់ដៃ រលាក់តែមួយភ្លែត នៅក្នុងកម្មវិធីទទួលទានអាហារ មិន​គ្រប់គ្រាន់ ទៅ​អាចជំនួស​ការពិភាក្សា​ស៊ីជម្រៅរវាង​ភាគីទាំងពីរដែរ។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិក​បាន​លើក​យក​បញ្ហា​នេះ ទៅ​និយាយបើកចំហរ​នៅ​ក្នុង​សន្និសីទ នៅព្រឹកថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់ថា ការជួបពិភាក្សា​ជាមួយ​ចិន គឺ​សំខាន់​ដើម្បី​ជៀសវាង ការយល់ច្រលំ ការគិតខុស ដែលអាចបណ្តាល ឲ្យកើតមាន​ជម្លោះ។ បើតាម​លោក​ឡយ អូស្ទីន អាមេរិក​ជឿថា ការបើកផ្លូវពិភាក្សា​ជាមួយ​ចិន សំខាន់ណាស់ ជាពិសេស រវាងថ្នាក់ដឹកនាំក្រសួងការពារជាតិរបស់ប្រទេស​ទាំងពីរ។

នៅចំពោះមុខ​អ្នកចូលរួម រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​និយាយដោយមិនលាក់លៀមថា លោកបារម្ភខ្លាំងណាស់ ដែល​ឃើញ ចិន មិន​ចង់​ពិភាក្សាជាមួយអាមេរិក មិន​ចង់​ស្វែងរកដំណោះស្រាយ​ដើម្បីរកច្រកចេញ ឲ្យ​វិបត្តិដែល​កងទ័ពរបស់​ប្រទេស​ទាំងពីរ​កំពុងមាននឹងគ្នា។ នៅត្រង់ចំណុចនេះ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​រិះគន់សកម្មភាព ទង្វើដ៏គ្រោះថ្នាក់ របស់​ចិន សមុទ្រចិនខាងត្បូង។ នៅ​សបា្តហ៍មុននេះ អាមេរិក​បាន​ចោទ​ចិនថា​បាន​បញ្ជូន យន្តហោះចម្បាំង​ទៅបើកបំភិតបំភ័យ​អ្នកបើកយន្តហោះអាមេរិក ដែល​កំពុងធ្វើបេសកកម្ម​ហោះហើរ ធានា​សន្តិសុខ នៅក្នុងដែនអាកាស ពីលើ​សមុទ្រ​ចិន​ខាងត្បូង។

ចិនទាមទារ​ឲ្យ​អាមេរិក​ដក​លោក លី ស្ហាំងហ្វូ ចេញពីបញ្ជីទណ្ឌកម្ម

នៅថ្ងៃសៅរ៍ គេ​នៅមិនទាន់​លឺ​រដ្ឋមន្រ្តី​ការពារ​ជាតិចិន លោក​លី ស្ហាំងហ្វូ និយាយ​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិក។ គេ​មិនដឹងច្បាស់ថា តើ​រដ្ឋមន្រ្តីការពារជាតិ​ចិន មានវត្តមាននៅក្នុងបន្ទប់សន្និសីទ​ជាទីដែល​រដ្ឋមន្រ្តីការបរទេស​អាមេរិក​និយាយ​រិះគន់​ចិនដែរឬទេ។

តាមគម្រោងរបស់​កិច្ចប្រជុំកំពូល សង់គ្រីឡា រដ្ឋមន្រ្តីការពារជាតិ​ចិន​នឹង​ឡើង​និយាយ​នៅថ្ងៃអាទិត្យទី ៤​មិថុនា។ ប៉ុន្តែ នៅមុនប្រតិកម្មយ៉ាងណា​របស់​រដ្ឋមន្រ្តីការពារជាតិ ចិន មន្រ្តីរបស់​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​ប្រាប់អ្នកកាសែត​បណ្តើរៗ​ពីជំហរយល់ឃើញ​របស់​ចិន។ ជាក់ស្តែង អ្នកនាំពាក្យ​របស់ក្រសួងការពារជាតិ​ចិន លោក Tang Hefei បាន​និយាយ​ថា ចិន​ប្រឆាំង​ដាច់ខាត​ការលើកឡើង​របស់​អាមេរិក និងថា រដ្ឋមន្រ្តីការពារជាតិអាមេរិក​បាន​និយាយ​ចោទប្រកាន់​ចិន ខុស​ទាំងស្រុង។ តាម​មន្រ្តីចិន អ្វីដែល​កងទ័ពចិន​កំពុងធ្វើសព្វថ្ងៃ គឺ​ផ្អែកទៅលើ​ប្រយោជន៍សន្តិសុខជាតិចិន ដែលសំខាន់ណាស់​សម្រាប់​ចិន។ មន្រ្តីជាន់ខ្ពស់ម្នាក់​ទៀត​របស់គណៈប្រតិភូចិន គឺលោក Jing Jianfeng ដែលដកស្រង់សំដី ដោយ​ទីភ្នាក់ងារ​APបាននិយាយថា ​ចិននៅតែ​រក្សា​ជំហរដដែល គឺចិន​ជាម្ចាស់កម្មសិទ្ធិ​ទៅលើ​បណ្តាកោះ នៅ​សមុទ្រចិន​ខាងត្បូង និងតំបន់ដែនទឹកក្បែរកោះទាំងនោះ និង​ថា តៃវ៉ាន់ ជា​ផ្នែកមួយ​នៃដែនដី​របស់​ចិន។

ទាក់ទង​នឹងការអញ្ជើញ របស់អាមេរិក ដើម្បី​បើកជំនួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីការពារជាតិ​ចិន អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ចិន នៅបាន​និយាយបែបចំអក​ថា អាមេរិក​ត្រូវ​ដកទណ្ឌកម្ម​ចេញពី​រដ្ឋមន្រ្តីការពារជាតិជាមុន។ តាមមន្រ្តីខាងលើ ការដកចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច្ ដែលអាមេរិក​បាន​ដាក់​ទៅលើ​លោក លី ស្ហាំងហ្វូ តាំងពីលោកនៅមិនទាន់ ក្លាយជា​រដ្ឋមន្រ្តីការពារជាតិ ថ្មី របស់​ចិន អាច​ជា​លក្ខខណ្ឌមួយ បើសិន រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​ចង់ជួបពិភាក្សា​ជាមួយ លោក​រដ្ឋមន្រ្តីចិន លី ស្ហាំងហ្វូ។ លោក​លី ស្ហាំងហ្វូ ត្រូវ​រដ្ឋបាលលោកដូណាល់ ត្រាំ ដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់​អាមេរិក ក្នុងរឿង​លោកទិញសព្វាវុធ និងយន្តហោះចម្បាំង​របស់រុស្ស៊ី នៅឆ្នាំ ២០១៨។ ប៉ុន្តែ អាមេរិកថា ទោះលោក លី ស្ហាំងហ្វូ រដ្ឋមន្រ្តីការពារជាតិ​ចិន​សព្វថ្ងៃ ជាប់ក្នុងបញ្ជីទណ្ឌកម្ម មានន័យថា លោកមិនអាច​ធ្វើដំណើរ ធ្វើ​ជំនួញ នៅអាមេរិក ប៉ុន្តែ អាមេរិក​នៅតែ​អាចជួបពិភាក្សា​ជាមួយរដ្ឋមន្រ្តីការពារជាតិ​ចិនដដែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ