អានតួអត្ថបទ
យេម៉ែន-សហរដ្ឋអាមេរិក

អាមេរិក និងអង់គ្លេសបើកការវាយប្រហារផ្លូវអាកាស​លើ​ក្រុមឧទ្ទាមហ៊ូទី នៅ​ទឹកដីយេម៉ែន

ស្ថានការណ៍នៅដើមបូព៌ា​កំពុង​ឈាន​ដល់​របត់​ថ្មី បន្ទាប់ពី​អាមេរិក និងអង់គ្លេស​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​កក្រុមឧទ្ទាមហ៊ូទី នៅក្នុងទឹកដីយេម៉ែន។ នៅយប់ថ្ងៃព្រហស្បតិ៍ ឈាន​ចូលដល់​ថ្ងៃសុក្រទី ១២​មករានេះ យន្តហោះចម្បាំងអាមេរិក និង​អង់គ្លេស​បាន​ចេញទៅទម្លាក់គ្រាប់​លើទីតាំង​យោធាសំខាន់​ៗ​របស់​ក្រុមហ៊ូទី នៅ​រដ្ឋធានី​សាណា ទីក្រុង​កំពង់ផែ ហូដេដា និងទីក្រុង​មួយចំនួនទៀត ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់​ពួកឧទ្ទាមហ៊ូទី។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​បាន​ចេញមុខ​ការពារ​ប្រតិបត្តិការយោធា​នៅយេម៉ែន ដើម្បី​ស្តារសន្តិសុខ​ចរាចរណ៍​នៅសមុទ្រ​ក្រហម ប៉ុន្តែ អ៊ីរ៉ង់​ដែល​ជាអ្នកគាំទ្ររដ្ឋាភិបាលយោធា​ហ៊ូទី ថ្កោលទោស រិះគន់​អាមេរិក និងអង់គ្លេស​ថា កំពុង​រំលោភដែនអធិបតេយ្យភាព​របស់​យេម៉ែន។

រូបភាពផ្តល់ដោយក្រសួងការពារជាតិអង់គ្លេសបង្ហាញថា នៅយប់ថ្ងៃព្រហស្បតិ៍ ឈាន​ចូលដល់​ថ្ងៃសុក្រទី ១២​មករានេះ យន្តហោះចម្បាំងអាមេរិក និង​អង់គ្លេស​បាន​ចេញទៅទម្លាក់គ្រាប់​លើទីតាំង​យោធាសំខាន់​ៗ​របស់​ក្រុមហ៊ូទី នៅ​រដ្ឋធានី​សាណា ទីក្រុង​កំពង់ផែ ហូដេដា និងទីក្រុង​មួយចំនួនទៀត ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់​ពួកឧទ្ទាមហ៊ូទី។
រូបភាពផ្តល់ដោយក្រសួងការពារជាតិអង់គ្លេសបង្ហាញថា នៅយប់ថ្ងៃព្រហស្បតិ៍ ឈាន​ចូលដល់​ថ្ងៃសុក្រទី ១២​មករានេះ យន្តហោះចម្បាំងអាមេរិក និង​អង់គ្លេស​បាន​ចេញទៅទម្លាក់គ្រាប់​លើទីតាំង​យោធាសំខាន់​ៗ​របស់​ក្រុមហ៊ូទី នៅ​រដ្ឋធានី​សាណា ទីក្រុង​កំពង់ផែ ហូដេដា និងទីក្រុង​មួយចំនួនទៀត ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់​ពួកឧទ្ទាមហ៊ូទី។ AP - Sgt Lee Goddard
ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃ​ព្រហស្បតិ៍ ឈាន​ចូល​ដល់​ថ្ងៃសុក្រ អាមេរិក និងអង់គ្លេស​បញ្ជូន​យន្តហោះចម្បាំង​ទៅ​វាយប្រហារ​ទីតាំង​សំខាន់​របស់​ក្រុមហ៊ូទីយេម៉ែន នៅរដ្ឋធានីសាណា ទីក្រុង​កំពង់ផែជាប់សមុទ្រ​ក្រហម និងតំបន់​ភាគខាងជើង​យេម៉ែន​ដែលស្ថិតក្រោមការកាន់កាប់​របស់​ក្រុមហ៊ូទី។ នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន នៅថ្ងៃសុក្រនេះ អាមេរិក អង់គ្លេស និងសម្ព័ន្ធ​ទាំង​៨ ដូចជា​អូស្ត្រាលី កាណាដា ហូឡង់ អាល្លឺម៉ង់ នូវែលសេឡង់ បារ៉ែន និង​កូរ៉េខាងត្បូង បាន​អះអាងថា គោលដៅ​នៃ​ការវាយប្រហារ​ទៅលើ​ក្រុមហ៊ូទី ក្នុងទឹកដីយេម៉ែន គឺ​ដើម្បី​បន្ថយភាពតានតឹង និង​ស្តារ​ស្ថិរភាព សុវត្ថិភាព​នៅ​សមុទ្រ​ក្រហម។

នៅក្រោយ​ការវាយប្រហារ​នៅទឹកដីយេម៉ែន លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិននិយាយ​ថា ការវាយប្រហារ​របស់​អាមេរិក និងសម្ព័ន្ធមិត្ត ជាសារច្បាស់ៗ​ថា អាមេរិក​មិនអត់ឱនដាច់ខាត​ការវាយប្រហារ​មកលើ​កងទ័ពអាមេរិក និង​ការយាយី​បង្កគ្រោះថ្នាក់​ដល់​សេរីភាព​ចរាចរណ៍ពាណិជ្ជកម្ម អន្តរជាតិ នៅ​ក្នុងពិភពលោក។

អាមេរិក និងអង់គ្លេស សម្រេច​វាយប្រហារ​ទៅលើ​ទីតាំងយោធាសំខាន់ៗ​របស់ក្រុមហ៊ូទី នៅប្រទេស​យេម៉ែន ដែលមាន​ផងដែរ រដ្ឋធានី​សាណា ដើម្បី​សងសឹក​នឹង​ក្រុមហ៊ូទី ដែល​បន្តផ្គើន បាញ់មីស៊ីល និង​បញ្ជូនយន្តហោះដ្រូន ​វាយប្រហារ​កប៉ាល់ចម្បាំង​របស់​អាមេរិកនិង​អង់គ្លេស នៅ​សមុទ្រ​ក្រហម កាលពីថ្ងៃ​ព្រហស្បតិ៍។

នៅថ្ងៃពុធ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច ស្នើ​ដោយ​អាមេរិក ដែល​នៅក្នុង​នោះ គេ​ទាមទារ​ឲ្យ​ក្រុមហ៊ូទី បញ្ឈប់ជា​បន្ទាន់​ ការវាយប្រហារ​កប៉ាល់​ដឹកទំនិញអន្តរជាតិ។ ប៉ុន្តែ បើតាម​នាយករដ្ឋមន្រ្តីអង់គ្លេស លោក​រីស៊ី ស៊ូណាក់ បើទោះជា​មានការព្រមាន​ជាញឹកញាប់ពី​សហគមន៍អន្តរជាតិ ក្រុមហ៊ូទី​យេម៉ែន​នៅតែ​មិន​ព្រម​ឈប់ធ្វើ​សកម្មភាព​ដ៏គ្រោះថ្នាក់ ដោយប្រើដ្រូន និងមីស៊ីល​វាយប្រហារ ២៧ដង ទៅលើ​​កប៉ាល់​ដឹកទំនិញ​អន្តរជាតិ នៅសមុទ្រ​ក្រហម។

ប្រតិបត្តិការយោធា​របស់​ប្រទេស​ទាំង​១០ ដឹកនាំ​ដោយ​អាមេរិក និងអង់គ្លេស កាលពីយប់ថ្ងៃ​ព្រហស្បតិ៍ គ្រាន់តែ​ជាការ​ឆ្លើយតប​ទៅ​នឹងក្រុមហ៊ូទី និងជាវិធានការ​ការពារស្របច្បាប់ មិនហួសប្រមាណ មិន​បង្ក​ឲ្យគ្រោះថ្នាក់បាត់បង់​ជីវិត​ប្រជាជនស៊ីវិល​យេម៉ែន។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ូទី អះអាង​នៅ​ថ្ងៃសុក្រ​នេះថា ការវាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​និងអង់គ្លេស​បាន​សម្លាប់មនុស្ស​៥នាក់ និង​របួស ៦នាក់។ បានទទួល​ជំនួយយោធា និងការគាំទ្រ​ហិរញ្ញវត្ថុពីអ៊ីរ៉ង់ ក្រុមឧទ្ទាម​ហ៊ូទី ដែលធ្វើ​សង្រ្គាម​ចូលកាន់កាប់​ទឹកដី​មួយភាគធំនៅ​យេម៉ែន បាន​គំរាម​អាមេរិក និងអង់គ្លេស​ថា កំពុង​ប្រព្រឹត្ត​កំហុសដ៏ធ្ងន់ធ្ងរ ព្រោះថា ក្រុមហ៊ូទី​នឹង​មិននៅស្ងៀម នៅក្រោយ​ការវាយប្រហារ​របស់​អាមេរិក​នោះទេ។ ម្យ៉ាង សកម្មភាពយោធា​របស់​អាមេរិក និងសម្ព័ន្ធមិត្ត​នឹង​មិនធ្វើ​ឲ្យ​ក្រុមហ៊ូទី​ផ្លាស់ប្តូរ​ចិត្តឈប់​វាយប្រហារ​ប្រយោជន៍របស់អ៊ីស្រាអែលដែរ។ តាំងពីពាក់កណ្តាល​ខែវិច្ឆិកាមក ដើម្បី​បង្ហាញ​សាមគ្គីភាពជាមួយ​ក្រុមហាម៉ាសនៅហ្កាហ្សា ក្រុមហ៊ូទី​ចាប់ផ្តើមប្រើដ្រូន មីស៊ីល​វាយប្រហារ​កប៉ាល់ដឹកទំនិញ ដែល​សង្ស័យថា មានជាប់​ទាក់ទង​នឹងអ៊ីស្រាអែល។

អ៊ីរ៉ង់​វិញ តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ថ្កោលទោសថា ដោយ​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ក្រុមហ៊ូទី នៅយេម៉ែន អាមេរិក និងអង់គ្លេស​កំពុង​រំលោភ​ច្បាប់អន្តរជាតិ រំលោភ​ដែនអធិបតេយ្យភាព​របស់យេម៉ែន។ អ្នកនាំពាក្យ​របស់អ៊ីរ៉ង់ព្រមានដែរថា ការវាយប្រហារ​នៅ​ថ្ងៃព្រហស្បតិ៍ នឹង​មិនផ្តល់លទ្ធផលអ្វី ក្រៅតែពីដុតបញ្ឆេះ ឲ្យមាន​អស្ថិរភាព និងអសន្តិសុខ​នៅក្នុងតំបន់។

ប្រទេស​ចិន​បាន​ប្រតិកម្ម​ភ្លាមភ្លែត​នៅថ្ងៃ​សុក្រនេះ ដោយ​បាន​សំដែងក្តីបារម្ភ​ពីស្ថានការណ៍​កាន់តែតានតឹង​នៅសមុទ្រ​ក្រហម។ ប៉េកាំង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី អត់ធ្មត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ជម្លោះកាន់តែ​រីកធំ។ បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេស​ចិន សមុទ្រ​ក្រហម​ជា​ច្រកដ៏សំខាន់ សម្រាប់​ការដឹកជញ្ជូនថាមពល ​ពាណិជ្ជកម្ម​អន្តរជាតិ។ ដូច្នេះ ចិន​សង្ឃឹមថា គ្រប់ភាគីដើរតួនាទីស្ថាបនា​និង​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ការពារ​សន្តិសុខ និង​ស្ថិរភាពក្នុងតំបន់។ រុស្ស៊ីឯណោះវិញ នៅក្រោយ​ការវាយប្រហារ​របស់​អាមេរិក និងអង់គ្លេស​ទៅលើ​ក្រុមហ៊ូទី នៅយេម៉ែន​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើកកិច្ចប្រជុំ​បន្ទាន់​នៅថ្ងៃ​សុក្រនេះ នៅទីក្រុង​ញូវយ៉ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ