អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន-អាមេរិក

អ៊ីស្រាអែលព្រមបើកច្រកKerem Shalomឡើងវិញ​ បន្ទាប់​ពី​​​អាមេរិកសម្រេច​​ផ្អាក​បញ្ជូនគ្រាប់បែក​​ឲ្យ

ថ្ងៃ​ពុធទី​៨ឧសភា អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើក​ច្រក​ កេរ៉េម ស្ហាឡុម​ (Kerem Shalom) ឡើងវិញ ដើម្បី​អនុញ្ញាតឲ្យ​មានការបញ្ជូន​ស្បៀងជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា។ ការសម្រេច​របស់អាជ្ញាធរអ៊ីស្រាអែលនេះ គឺត្រូវបានធ្វើឡើងស្របពេល​ដែល​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថារដ្ឋបាលលោកចូ​ បៃដិន បាន​សម្រេចផ្អាក​ការបញ្ជូនគ្រាប់បែកធន់ធំទៅ​ឲ្យ​អ៊ីស្រាអែល ដើម្បីបង្ហាញការ​ជំទាស់របស់អាមេរិក ទៅនឹងផែនការ​សំរុកចូល​ទីក្រុងរ៉ាហ្វា​របស់កងទ័ពអ៊ីស្រាអែល​។

សមត្ថកិច្ចអ៊ីស្រាអែលត្រួតពិនិត្យ​រថយន្តដឹកស្បៀង នៅច្រក Kerem Shalom ថ្ងៃទី ១៤ មីនា ២០២៤
សមត្ថកិច្ចអ៊ីស្រាអែលត្រួតពិនិត្យ​រថយន្តដឹកស្បៀង នៅច្រក Kerem Shalom ថ្ងៃទី ១៤ មីនា ២០២៤ AFP - JACK GUEZ
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាន​បិទអស់រយៈពេល​៤ថ្ងៃ អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើកច្រក Kerem Shalom ឡើងវិញ ដើម្បី​អនុញ្ញាតឲ្យ​មានរថយន្តដឹកជំនួយស្បៀងមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា។ ជាវិធានការ​ ដែលអាច​ជាការឆ្លើយតប ទៅនឹងការដាក់សំពាធពីសំណាក់សហរដ្ឋអាមេរិក​ ដែល​បង្ហាញការជំទាស់រិះគន់​កាន់តែខ្លាំង មក​លើ​ប្រតិបត្តិ​ការយោធារបស់អ៊ីស្រាអែល។

សូមបញ្ជាក់ថា កាលពី​ល្ងាចថ្ងៃអង្គារទី​៧ឧសភា មន្ត្រីជាន់ខ្ពស់ម្នាក់​នៃរដ្ឋាភិបាល​អាមេរិក​ ដោយ​សុំមិនបញ្ចេញឈ្មោះ បាន​បញ្ជាក់​ឲ្យដឹងថា រដ្ឋបាល​លោក​ចូ បៃដិន បានសម្រេច​ផ្អាក​ការ​បញ្ជូន​គ្រាប់បែកធន់ធំ​ទៅឲ្យ​អ៊ីស្រាអែល​ ក្នុងនោះគឺមាន​​គ្រាប់បែកទំងន់៩០០គីឡូក្រាម ចំនួន​១៨០០គ្រាប់ និងគ្រាប់បែក​ទំងន់២២០គីឡូក្រាម​ ចំនួន​១៧០០រាប់​។

វ៉ាស៊ីងតោន បានប្រាប់ទៅភាគីអ៊ីស្រាអែល​ច្បាស់ៗ ថា​សហរដ្ឋអាមេរិកប្រឆាំងដាច់ខាត ចំពោះ​ផែន​ការ​ដែល​កងទ័ពអ៊ីស្រាអែលចង់​សំរុក​ចូលទៅ​ទីក្រុងរ៉ាហ្វា​​ភាគខាងត្បូង​ហ្កាហ្សា​ ដរាបណាគ្មាន​ការ​រៀបចំឲ្យ​បានច្បាស់និងគួរឲ្យទុកចិត្ត ​ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីល​ដែល​កកកុញ​នៅទីនោះដល់ទៅជាង​១លាននាក់​។ លោក​ចូ បៃដិន បានទូរស័ព្ទទៅនិយាយប្រាប់លោក​ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ​ទី​៦ឧសភាជាថ្មីម្តងទៀត ដើម្បីបញ្ជាក់គោលជំហរនេះ​។

ប្រភពពីមន្ត្រីអាមេរិក​ខាងលើ បាន​ឲ្យដឹងបន្ថែមថា ភាគីអាមេរិក​សង្កេតឃើញថា ភាគីអ៊ីស្រាអែល​មានចេតនារក្សាជំហរខ្លួនសំរុកចូលទៅ​ទីក្រុងរ៉ាហ្វា ទើប​អាមេរិកសម្រេចចិត្ត​រកផ្លូវផ្សេង ដើម្បី​បង្ហាញ​ការមិនគាំទ្រ តួយ៉ាង​ដូចជាទាក់ទិននឹងគ្រាប់បែកធន់ធ្ងន់​របស់​អាមេរិក ដែល​អ៊ីស្រាអែលអាចយក​ទៅ​ប្រើប្រាស់​ក្នុងប្រតិបត្តិការនេះ​។ បន្ថែមពីនេះ ក្រសួងការបរទេសអាមេរិក ក៏កំពុងតែពិចារណាដែរ ទៅលើការផ្អាកការផ្គត់ផ្គង់គ្រាប់បែកបញ្ជាវាយចំគោលដៅ​ ឈ្មោះថា JDAM។

ទាហានអាមេរិកកំពុងជញ្ជូនគ្រាប់បែកបញ្ជាតម្រង់គោលដៅបាន ប្រភេទ​ JDAM នៅលើនាវាចម្បាំងអាមេរិក «Abraham Lincoln»
ទាហានអាមេរិកកំពុងជញ្ជូនគ្រាប់បែកបញ្ជាតម្រង់គោលដៅបាន ប្រភេទ​ JDAM នៅលើនាវាចម្បាំងអាមេរិក «Abraham Lincoln» AFP - PHILIP MCDANIEL

គួរកត់សំគាល់ថា កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបាន​បញ្ជូនរថក្រោះជាច្រើនគ្រឿង ចូលទៅទីក្បែរទីក្រុងរ៉ាហ្វា ដើម្បីបម្រុងត្រៀមនឹងបើក​ប្រតិបត្តិការធំ តាមសម្លាប់​ក្រុមហាម៉ាស ព្រមទាំងរំដោះចំណាប់ខ្មាំង​។ កងទ័ពអ៊ីស្រាអែល​ក៏បានចូលទៅបិទច្រកព្រំដែនទាំង២ គឺច្រក​រ៉ាហ្វា និងច្រក​កេរ៉េមស្ហាឡុម។ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់នេះ បានបង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ដល់អាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន ប្រមាណ ១លាន៤សែន​នាក់ ដែលរស់នៅកកកុញ ក្នុងលក្ខខណ្ឌដ៏សែនលំបាក​។

ដោយ​ឡែក ការចរចានៅទីក្រុងគែរឯនោះវិញ បានបង្ហាញ​លទ្ធផល​វិជ្ជាមាន​ច្រើន បន្ទាប់ពី​ក្រុមហាម៉ាសបាន​ប្រកាសទទួលយកលក្ខខណ្ឌមួយចំនួន​។ ផ្អែកតាមមេធំទី​២របស់ក្រុមហាម៉ាស Khalil al-Hayya ផែនការនេះមាន៣ដំណាក់កាល ដែល​កាលនីមួយៗមាន​រយៈពេល​៤២ថ្ងៃ គឺមាន ការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា ការធានាសុវត្ថិភាពឲ្យ​ជនភៀសខ្លួន​ត្រលប់ទៅទីរស់នៅរៀងខ្លួន និងការដោះដូរចំណាប់ខ្មាំង​ទល់និងអ្នកទោសប៉ាឡេស្ទីន ដើម្បីឈានទៅ​មាន “បទឈប់បាញ់ជាអចិន្ត្រៃយ៍”។

បណ្តាញទូរទស្សន៍អេហ្ស៊ីប Al-Qahera News បានផ្សាយថាភាគីទាំងអស់បន្តចរចាគ្នាទៀតនៅថ្ងៃពុធនេះ លើផែនការដែលមាន​៣ដំណាក់កាល​។ លោក John Kirby ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងថា ភាគីអ៊ីស្រាអែលនិងហាម៉ាស ត្រូវតែ​ប្រមូល​ការតាំងចិត្តដើម្បីឈាន​ទៅ​បំពេញឲ្យ​បាន​នូវចំណុចខ្វះចន្លោះចុងក្រោយ ដែលនៅមិនទាន់ត្រូវរ៉ូវគ្នា ដើម្បី ឈានទៅសម្រេចឲ្យបានកិច្ចព្រមព្រៀងនេះក្នុងពេល​ដ៏ឆាប់បំផុត។ យ៉ាងណាក៏ដោយ លោក​ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថាលោក​បានប្រាប់ទៅក្រុមចរចាភាគីអ៊ីស្រាអែល ថាត្រូវតែម៉ឺងម៉ាត់បំផុត ទាក់ទិននឹងលក្ខខណ្ឌ​ដោះលែងចំណាប់ខ្មាំង​ទាំងអស់ និង​ការ​ធានាសន្តិសុខរបស់អ៊ីស្រាអែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ