អានតួអត្ថបទ
អាមេរិក-ហ្វីលីពីន

ហ្វីលីពីន​ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​យោធា​ជាមួយ​​អាមេរិក​

ហ្វីលីពីន​ នៅទីបំផុតទៅ​​បាន​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួន​។ ការសម្រេច​បែបនេះ​ ធ្វើឡើង​ដោយ​លោកប្រធានាធិបតី​ហ្វីលីពីន​ រ៉ូឌ្រីហ្គោ ឌុយទែរតេ​ ដែលខឹង​នឹងអាមេរិក​​ចំពោះការណ៍​ដែល​អាជ្ញាធរអាមេរិក​លុបចោទ​ទិដ្ឋាការ​របស់​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីនម្នាក់​។

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ។ REUTERS/Dondi Tawatao
ផ្សាយពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់ហ្វីលីពីន​ដែល​ត្រូវ​រដ្ឋាភិបាល​អាមេរិក​សម្រេចលែង​ផ្តល់ទិដ្ឋាការឲ្យ​គឺ​លោក​រ៉ូណាល់​ ដេឡា​រ៉ូសា (Ronald Dela Rosa) ជា​សមាជិកព្រឹទ្ធសភា​ និង​ជាអតីត​មេប៉ូលិស​ជាតិហ្វីលីពីន​ក្នុងយុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​ក្នុងប្រទេស​។​

ក្រុម​មន្រ្តីរដ្ឋាភិបាល​ហ្វីលីពីន​ បានចាត់ទុក​ចំណាត់ការរបស់អាមេរិក​ថាជាការ​ដាក់ទណ្ឌកម្ម​ចំពោះការដឹកនាំ​របស់លោកដេឡារ៉ូសា ក្នុង​យុទ្ធនាការ​កំចាត់​គ្រឿងញៀនទ្រង់ទ្រាយដ៏ធំ​របស់ហ្វីលីពីន​ដែលបានសម្លាប់ជីវិតមនុស្សចំនួនរាប់ពាន់នាក់។

ពាក់ព័ន្ធរឿងនេះដែរ​ នៅក្នុងពេលថ្លែង​សុន្ទរកថាមួយ​កាលពីខែមុន​ លោក​ប្រធានាធិបតីឌុយទែរតេ បា​នសម្តែង​នូវការមិនពេញចិត្តជាខ្លាំង​ចំពោះ​ចំណាត់ការ​របស់អាជ្ញាធរ​អាមេរិក ​ដែល​លុបចោល​ទិដ្ឋាការ​របស់លោកដេឡារ៉ូសា​ ដោយមិនបាន​បញ្ជាក់ប្រាប់ពី​មូលហេតុ​បន្តិចទាល់តែសោះ​។

ការណ៍នេះ​ នៅទីបំផុតទៅ​បានជំរុញឲ្យ​ប្រមុខរដ្ឋាភិបាលហ្វីលីពីន សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង​យោធា​នឹងគ្នាជាមួយអាមេរិកដែលមានអាយុកាល ២២ ឆ្នាំទៅហើយ។

តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថាតើហ្វីលីពីន និងអាមេរិក ពិតជានឹងត្រូវកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយគ្នា ឬយ៉ាងណា ពីព្រោះថា​ ក្រោយទទួលបានការជូនដំណឹងពីហ្វីលីពីន​ អាមេរិក​នៅមិនទាន់បាន​បញ្ចេញប្រតិកម្មអ្វី​នោះទេ​។

គួររំឭកជូនថា​ កិច្ចព្រមព្រៀង​យោធារវាងអាមេរិក-ហ្វីលីពីន ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីឆ្នាំ ១៩៩៨។ តាមរយៈកិច្ចព្រមព្រៀងនេះ កងទ័ពអាមេរិកអាចមានវត្តមាននៅលើទឹកដីហ្វីលីពីន និងធ្វើសមយុទ្ធយោធារួមគ្នាជាមួយនិងកងទ័ពហ្វីលីពីនបាន។

ដោយឡែក ក្នុងករណីភាគីណាមួយ ចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀង គេត្រូវការពេលចំនួន ១៨០ ថ្ងៃ ដើម្បីជូនដំណឹងដល់ភាគីម្ខាងទៀត។ ក្នុងកំឡុងពេលនេះ ភាគីទាំងពីរ នឹងធ្វើការចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងសម្រេចលទ្ធផលចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ