អានតួអត្ថបទ
កូរ៉េខាងត្បូង-អវកាស

កូរ៉េខាង​ត្បូង​បរាជ័យ​ក្នុងការបាញ់​សាកល្បង​រ៉ុកកែត​អវកាស ទៅ​កាន់​គន្លង​តារាវិថី

ក្តី​សង្ឃឹមរបស់​កូរ៉េខាង​ត្បូង​ ចង់​ក្លាយ​ជា​ប្រទេស​មហាអំណាច​អវកាស​ត្រូវ​រលាយ​​សូន្យ​ទៅ​វិញ តែប៉ុន្មាន​​ម៉ោង​ក្រោយ​ការ​បាញ់​បង្ហោះ​សាកល្បង​រ៉ុកកែត​អវកាស​នុរី Nuri។ នុរី បាន​ហោះចេញ​ផុត​ពី​ដី​មែន ប៉ុន្តែ​មិន​អាច​ទៅ​ដល់​គន្លងតារាវិថី​ដូច​ការចង់​បានទេ។

រ៉ុកកែត​NURI របស់​កូរ៉េខាងត្បូង ពេល​បាញ់​បង្ហោះ​ចេញ​​ភ្លាម​ នៅ​ថ្ងៃ​ទី ២១​តុលា ២០២១
រ៉ុកកែត​NURI របស់​កូរ៉េខាងត្បូង ពេល​បាញ់​បង្ហោះ​ចេញ​​ភ្លាម​ នៅ​ថ្ងៃ​ទី ២១​តុលា ២០២១ AP - Hong Hae-in
ផ្សាយពាណិជ្ជកម្ម

រ៉ុកកែត​បី​ជាន់ មាន​ដំណើរការ​ល្អ ហោះ​ឡើង​ដល់​កម្ពស់​៧០០​គីឡូម៉ែត្រ​ ហើយ​ផ្កាយ​រណប​សិប្បនិម្មិតទម្ងន់​មួយ​តោនកន្លះ​ ក៏​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​កាំជ្រួច​ប្រកប​​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​អាច​ទៅ​ភ្ជាប់​ខ្លួន​ក្នុង​គន្លង​តារាវិថីបាន​ដូច​ការ​ចង់​បានទេ។ ពោល​គឺ​ការ​បង្ហោះ​រ៉ុកកែត​អវកាស ​មិន​អាច​បំពេញ​បេសកកម្មបាន​ចប់​សព្វគ្រប់។ នេះ​បើ​តាម​សេចក្តីប្រកាសរបស់​លោក​ មូន ចែអ៊ីន ប្រធានាធិបតី​​កូរ៉េខាង​ត្បូង។ មូលហេតុ​គឺបណ្តាលមក​ ពី​ម៉ាស៊ីន​របស់​កាំជ្រួច​ជាន់​ទីបី បាន​រលត់​នៅ​៤៦វិនាទី​ មុន​កំណត់។ បើ​តាមការ​លម្អិត​របស់​​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​កូរ៉េខាង​ត្បូង លោក Lim Hye-sook។

ប៉ុន្តែសម្រាប់​លោកប្រធានាធិបតី ​ទោះ​បី​ជាបេសកកម្ម​​មិន​អាច​សម្រេច​កម្មវត្ថុ​ក៏​ដោយ ក៏​កូរ៉េខាង​ត្បូង​មាន​មោទនភាពនឹងការ​សាកល្បងជា​លើក​ទី​មួយ បង្ហោះ​​​រ៉ុកកែត​ផលិតក្នុង​ស្រុក​ទាំងស្រុង​ នេះ​ដែរ។ កូរ៉េខាងត្បូង​នឹង​ធ្វើ​ការ​សាកល្បង​ជា​ថ្មី នៅ​ខែ​ឧសភា​ ខាង​មុខ​ ព្រោះ​ប្រទេស​ណា​មាន​បច្ចេកវិទ្យាអវកាស​នាំមុខ​គេ នឹងនាំ​មុខ​គេ នៅ​ពេល​អនាគត​ ហើយ​កូរ៉េខាង​ត្បូងអាច​ធ្វើ​បាន ដោយ​​មិន​ទាន់​ហួស​ពេល​ទេ។ នេះ​ជា​ការគូសបញ្ជាក់​បន្ថែម​របស់​លោក​ មូន ចែអ៊ីន។

សូម​បញ្ជាក់​ថា នៅ​ពេលបាញ់​បង្ហោះ​​ សភា​កូរ៉េខាងត្បូង បាន​ផ្អាក​សកម្មភាព​ប្រជុំ​របស់​ខ្លួន ចំណែក​លោក​ប្រធានាធិបតី​មូនចែអ៊ីន បាន​អញ្ជើញ​ទៅ​​ចូល​រួម​តាមដាន​ការបាញ់​សាកល្បងរ៉ុកកែត​អវកាសដោយ​ផ្ទាល់​ផង។ ការ​បាញ់​បង្ហោះ​ចេញដែល​​ហាក់​ដូច​ជា​មានដំណើរការ​ល្អ​ ហើយ​អាចនាំ​ដល់ជោគជ័យ។

​មានសេដ្ឋកិច្ច​លូតលាស់​ខ្លាំង​លំដាប់​ទី​១២​ពិភពលោក ​ជា​ប្រទេស​មាន​បច្ចេកវិទ្យា​ជឿន​លឿន​ជាងគេ​បំផុត​មួយខាង​ផ្នែក​ទូរស័ព្ទ​ចល័ត ​កូរ៉េខាង​ត្បូងយឺតយ៉ាវ​ខ្លាំង​ក្នុង​វិស័យ​អវកាស។ កាលពី​ឆ្នាំ​២០០៩-២០១០ សេអូល​បាន​សាកល្បង​​បង្ហោះ​កាំជ្រួចទៅ​អវកាស​ដោយ​ប្រើ​បច្ចេកវិទ្យារុស្ស៊ី​ពីរ​លើក​ តែ​ត្រូវ​​បរាជ័យទាំងពីរដង។ កាំជ្រួច​ទីពីរ​បាន​ផ្ទុះ​ឆេះ​នៅ​ពេល​ហោះ​ចេញ​បាន​តែ​ពីរ​នាទី។ តែ​​កូរ៉េខាង​ត្បូងបង្ហោះ​រ៉ុកកែត(​ប្រើ​បច្ចេកវិទ្យា​រុស្ស៊ី​) ​បាន​សម្រេច នៅ​ឆ្នាំ​២០១៣​។ ហើយ​កាលពី​ខែ​មីនា​២០២១ លោក​ម៉ូន ចែអ៊ីន បាន​កំណត់​កម្មវត្ថុ​អវកាស​បង្ហោះ​យាន​អវកាស​ទៅក្នុង​តារាវិថី​នៅ​ឆ្នាំ ក្រោយ និង ប្រែក្លាយ​ក្តី​ស្រមៃ​បង្ហោះ​យានទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ ២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ