អានតួអត្ថបទ
ហុងកុង-ចិន

ហុងកុង បានកាត់ទោសអនីតិជន ក្រោមច្បាប់សន្តិសុខជាតិ

ថ្ងៃសៅរ៍នេះ ជាលើកទី១ តុលាការ​ហុងកុង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគា អនីតិជន នៅក្រោម​ច្បាប់ការពារសន្តិសុខជាតិ។ សមាជិកក្រុមគាំទ្រឯករាជ្យភាព ចំនួន ៤នាក់ ដែលមានអាយុក្រោម ១៨ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​ក្នុង​បទចោទប្រកាន់ បះបោរ​ប្រឆាំង​រដ្ឋាភិបាល។ ពួកគេ​ត្រូវ​ជាប់ឃុំខ្លួន នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលកែប្រែសម្រាប់ជនមានអាយុពី១៤ ទៅ ២០ ឆ្នាំ។

ទង់ជាតិចិននៅហុងកុង
ទង់ជាតិចិននៅហុងកុង © REUTERS
ផ្សាយពាណិជ្ជកម្ម

ជនជាប់ទោសទាំងអស់មានប្រាំនាក់ ដែល៤នាក់មិនទាន់គ្រប់អាយុ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រហូតដល់ ៣ ឆ្នាំ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ សមគំនិតដើម្បីញុះញង់ឱ្យមានការបះបំបោរ ផ្តួល​របប​គ្រប់គ្រង​រដ្ឋ ដែលមាន​ចែងនៅក្នុង​ច្បាប់ការពារ​សន្តិសុខជាតិ ដែលចិនបានដាក់ឱ្យប្រើប្រាស់នៅទីក្រុងហុងកុង កាលពី​ពាក់កណ្តាល​ឆ្នាំ ២០២០។

ច្បាប់សន្តិសុខជាតិបានចែងថា ជនណាដែលញុះញង់ធ្វើការបះបំបោរ ​ផ្តួល​របប​គ្រប់គ្រង​រដ្ឋ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ប្រសិនបើករណីនេះមានលក្ខណៈធ្ងន់ធ្ងរ។

ជនជាប់ទោសមិនទាន់គ្រប់អាយុរួមមាន ក្មេងស្រីអាយុ 16 ឆ្នាំម្នាក់ និងក្មេងៗអាយុ 17 ឆ្នាំបីនាក់ទៀត ដែលបានចូលរួមជាសមាជិកនៃក្រុមគាំទ្រឯករាជ្យតូចមួយ ធ្វើការផ្សព្វផ្សាយ អំពាវនាវការបះបោរដោយហិង្សា ប្រឆាំងនឹងរដ្ឋាភិបាលចិន នៅតាមស្តង់ លើផ្លូវសាធារណៈ និងនៅតាមប្រព័ន្ធបណ្តាញសង្គមកាលពីឆ្នាំមុន។

ជាក់ស្តែងក្រុមនេះបានផ្សព្វផ្សាយសាររបស់ខ្លួននៅកន្លែងដែលភាពមមាញឹកដូចជាស្ថានីយ៍រថភ្លើង ហើយបានធ្វើសន្និសីទសារព័ត៌មាន និងរៀបចំការផ្សាយតាមអ៊ីនធឺណិត អស់រយៈពេល ៤ ខែ។ ក្រុមជនជាប់ចោទនេះបានលើកឡើងពីការធ្វើបដិវត្តន៍របស់បារាំង និងការតស៊ូរបស់អ៊ុយក្រែនសម្រាប់លទ្ធិប្រជាធិបតេយ្យ ដើម្បីគាំទ្របុព្វហេតុរបស់ពួកគេ។

ស្របពេលនេះដែរ អាជ្ញាធរក៏បានបើកការកាត់ទោស លើបទអំពើភេរវកម្មដាច់ដោយឡែកមួយ លើសមាជិកផ្សេងទៀតនៃក្រុមគាំទ្រឯករាជ្យភាពនេះ។ ពួកគេត្រូវបានចោទប្រកាន់ថា បានព្យាយាមផលិតគ្រឿងផ្ទុះនិង មានផែនការបំផ្ទុះគ្រាប់បែកផងដែរ។

ការគាំទ្រចលនាប្រជាធិបតេយ្យរបស់ហុងកុងត្រូវបានធ្លាក់ចុះ ដោយសារការដាក់សម្ពាធរបស់ច្បាប់សន្តិសុខជាតិ និងការអនុវត្តច្បាប់បះបោរកាលពីសម័យអាណានិគម។ មកដល់ពេលនេះមានរហូតដល់ ២១០ នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់នេះ ហើយក្នុងនោះ ១៣០ នាក់ត្រូវបានថ្កោលទោសជាផ្លូវការណ៍ ទៅលើទស្សនៈនយោបាយ របស់ពួកគេ។                                                               

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ