អានតួអត្ថបទ

អូស្ត្រាលីរកឃើញ​ខ្មោចកប៉ាល់ដឹកឈ្លើយសឹកសង្រ្គាមដែលលិច​ក្នុងសម័យសង្រ្គាមលោកលើកទី២

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី​បានប្រកាស​នៅថ្ងៃ​សៅរ៍នេះ​ថា គេ​បាន​ស្វែងរកឃើញ​សាកសពកប៉ាល់​ដឹកអ្នកទោសសង្រ្គាម​អូស្ត្រាលី ដែល​ត្រូវ​នាវាមុជទឹក​អាមេរិក​បាញ់ពន្លិច ក្នុងសម័យសង្រ្គាមលោកលើកទី២។ តាមការប្រកាស​របស់​ក្រុមហ៊ុន​បុរាណវិទ្យាក្រោមសមុទ្រ Slientworld Foundation កប៉ាល់ជប៉ុន Montevideo Maru ត្រូវ​បានគេប្រទះឃើញ នៅថ្ងៃអង្គារ​ទី​១៨​មេសា នៅ​ក្បែរកោះហ្វីលីពីន លុយហ្សុង ក្នុងសមុទ្រចិន​ខាងត្បូង។ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក អង់តូនី អាល់បាណែស បានសរសេរ​សារធ្វីតភ្លាម ដោយសង្ឃឹមថា ដំណឹងរកឃើញ​សាកសពកប៉ាល់ Montevideo Maru​នឹងជួយ​សម្រាលទុក្ខសោក​ប្រជាជន​អូស្ត្រាលី ដែលមាន​សាច់ញាតិ​បាត់ខ្លួន​នៅក្នុងហេតុការណ៍​លិចកប៉ាល់ កាលពី ៨០ឆ្នាំមុន។

រូបថតនៅឆ្នាំ​១៩៤១ ផ្តល់ដោយ​អង្គការ  Australian War Memorial Montevideo Maru​របស់​ជប៉ុន។ កប៉ាល់​ដែល​កងទ័ពជប៉ុន​ប្រើសម្រាប់​ដឹកអ្នកទោសសង្រ្គាមជាតិអូស្ត្រាលី​ជាង​៨០០នាក់​​ត្រូវ​នាវាមុជទឹកអាមេរិក​បាញ់​ពន្លិច នៅថ្ងៃ​ទី ១​កកក្កដា ឆ្នាំ ១៩៤២
រូបថតនៅឆ្នាំ​១៩៤១ ផ្តល់ដោយ​អង្គការ Australian War Memorial Montevideo Maru​របស់​ជប៉ុន។ កប៉ាល់​ដែល​កងទ័ពជប៉ុន​ប្រើសម្រាប់​ដឹកអ្នកទោសសង្រ្គាមជាតិអូស្ត្រាលី​ជាង​៨០០នាក់​​ត្រូវ​នាវាមុជទឹកអាមេរិក​បាញ់​ពន្លិច នៅថ្ងៃ​ទី ១​កកក្កដា ឆ្នាំ ១៩៤២ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

រំភើប ធូរស្រាល អស់ចិត្ត និង​មានមោទនភាព នេះជាអារម្មណ៍របស់​ប្រជាជន​អូស្ត្រាលី នៅក្រោយ ការប្រកាស​ដំណឹង​រកឃើញ សាកសព​កប៉ាល់ Montevideo Maru ដែល​បាន​លិច​ក្នុងសមុទ្រ ជាមួយមនុស្ស​ជាង ១ពាន់នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​អូស្ត្រាលី។

តាមក្រុមហ៊ុនSlientworld Foundation បន្ទាប់ពី​ផ្តើមបេសកកម្ម ចំនួន​១២ថ្ងៃ​ជាប់គ្នា គេចាប់បានសញ្ញា​សាកសព​កប៉ាល់ Montevideo Maru នៅ​ក្នុង​ជម្រៅទឹក ៤ពាន់ម៉ែត្រ។ ទីតាំង​របស់សាកសព​កប៉ាល់ ស្ថិតនៅ​ចម្ងាយ​១១០គីឡូម៉ែត្រ​ពីកោះហ្វីលីពីន លុយហ្សុង ក្នុងសមុទ្រ​ចិនខាងត្បូង។

នៅក្នុង​សារធ្វីតធ័រ លោក​នាយករដ្ឋមន្រ្តីអូស្ត្រាលី អង់តូនី អាល់បាណែស សរសេរ​ថា នៅទីបំផុត គេ​បានរកឃើញ​កន្លែង​របស់​ព្រលឹងអ្នកស្លាប់ នៅ​ក្នុងហេតុការណ៍​លិចកប៉ាល់ Montevideo Maru។ ការលិចកប៉ាល់ Montevideo Maru​ជា​សោកនាដកម្ម ដែលប្រជាជន​អូស្ត្រាលី​នៅ​ចងចាំមិនភ្លេច។

ធ្លាប់ជា​កប៉ាល់ជប៉ុន ដឹកទំនិញ និង​ដឹកអ្នកដំណើរនៅមុន​សង្រ្គាម Montevideo Maru ត្រូវ​កងទ័ពជប៉ុនប្រើ​សម្រាប់​ដឹកឈ្លើយសឹក ក្នុងសម័យសង្រ្គាមលោកលើកទី២។ Montevideo Maru​ត្រូវ​នាវាមុជទឹកអាមេរិក​បាញ់​ពន្លិច នៅថ្ងៃ​ទី ១​កកក្កដា ឆ្នាំ ១៩៤២ ដោយ​មិន​ដឹង​ថា នៅ​លើ​កប៉ាល់​ជប៉ុន មាន​ដឹក​អ្នកទោសសង្រ្គាម​អូស្ត្រាលី ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ នៅថ្ងៃ​ដែលត្រូវ​នាវាមុជទឹកអាមេរិកបាញ់ពន្លិច កប៉ាល់ Montevideo Maru​មាន​ដឹកមនុស្ស​១០៦០នាក់ មកពីប្រទេស​ចំនួន ១៤។ នៅក្នុង​ចំណោម​នោះ​មាន​ប្រជាជន​អូស្ត្រាលី ចំនួន ៩៧៩នាក់ ដែល​៨៥០នាក់ ជា​ទាហាន​អូស្ត្រាលី ដែល​កងទ័ពជប៉ុន​ចាប់ខ្លួន​បាន នៅ​លើ​កោះ Rabaul​ប្រទេស​នូវែលហ្គីណេ ដើម្បី​យកទៅប្រើជាឈ្លើយសឹកសង្រ្គាម នៅកោះហៃណាន់​របស់​ចិន​ដែល ត្រួតត្រា​ដោយ​កងទ័ពជប៉ុន។

តាម​លោក Roger Turner ប្រធាន​ក្រុមដឹកនាំ​ការរុករកកប៉ាល់ Montevideo Maru គេរកឃើញ​សាកសព​កប៉ាល់​ បាក់ជាពីរ​កំណាត់ ស្ថិតនៅឃ្លាតគ្នា ចម្ងាយ ៥០០ម៉ែត្រ នៅបាតសមុទ្រ។ គេជឿថា នាវាមុជអាមេរិក​បាន​បាញ់​២គ្រាប់សំដៅ កប៉ាល់ Montevideo Maru ដោយគ្រាប់ដំបូង ធ្វើវាធ្លាយលិច ចំណែកគ្រាប់ទី២​ទៅផ្ទុះបំផ្លាញ​បន្ទប់ស្នាក់នៅ​របស់កប៉ាល់។

សម្រាប់​ប្រធាន​ក្រុមហ៊ុន​ Slientworld Foundation ការរកឃើញ​សាកសព​កប៉ាល់នឹង​ទៅបិទបញ្ចប់​ប្រវត្តិសាស្រ្ត​ដ៏​ឈឺចាប់​របស់​កងទ័ពអូស្ត្រាលី។ ក្រុមហ៊ុន​ Slientworld Foundation​បញ្ជាក់ដែរថា ដើម្បីគោរព​ដល់​ព្រលឹង​អ្នកស្លាប់ ក៏ដូចជា​គ្រួសារ​របស់​ជនរងគ្រោះ ក្រុមហ៊ុន​នឹង​មិនចូល​ទៅ​ប៉ះពាល់​សាកសពកប៉ាល់ ឬ​ចូលទៅ​រំខាន យក​ធាតុ​របស់ជនរងគ្រោះ ដែល​ ស្លាប់ជាប់គាំង​នៅក្នុង​សាកសព​កប៉ាល់ Montevideo Maru៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ