អានតួអត្ថបទ
ចិន-សិទ្ធិសេរីភាព

មិនខុសពីឆ្នាំមុន បរិយាសកាសភ័យខ្លាច​ គ្របដណ្តប់លើ​ការរំលឹកវិញ្ញាណក្ខន្ធព្រឹត្តិការណ៍ទីលានធានអានមិន

នៅចិនខួបលើកទី​៣៤ នៃ​ការបង្រាបបាតុកម្មនៅទីលានធានអានមិន ៤ មិថុនា ១៩៨៩ ត្រូវគ្របសង្កត់ដោយ​បរិយាកាសភ័យខ្លាច មិនខុសពីឆ្នាំមុនៗនោះទេ។ អាជ្ញាធរចិន​បាន​ប្រើគ្រប់វិធី ដើម្បីរារាំង និង​បំភ័យ​ មិន​ឲ្យ​មាន​ការរំលឹក ឬនិយាយអ្វីទាំងអស់ ទាក់ទិននឹងព្រឹត្តិការណ៍នេះ មិនថានៅទីលានធានអានមិនទីក្រុងប៉េកាំង ឬនៅ​លើ​បណ្តាញសង្គមនោះទេ។ នៅហុងកុងឯណោះ ដែលតែងតែមានជួបជុំគ្នាអុជទានដើម្បីរំលឹកវិញ្ញាណក្ខន្ធ អាជ្ញាធរបាន​ចាប់ខ្លួន​មនុស្ស​ជាច្រើននាក់ នៅព្រឹកថ្ងៃអាទិត្យ​ទី​៤មិថុនាម្សិលមិញ​។

នគរបាល​ហុងកុង កំពុងចាបើបញ្ចូនខ្លួន​សកម្មជនម្នាក់ នៅសង្កាត់​ Causeway Bay ដែលប៉ុនប៉ងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ស្លាប់​ដោយ​ការបង្ក្រាប​បាតុកម្ម​ នៅទីលានធានអានមិន។ ហុងកុង ថ្ងៃទី ៣មិថុនា ២០២៣
នគរបាល​ហុងកុង កំពុងចាបើបញ្ចូនខ្លួន​សកម្មជនម្នាក់ នៅសង្កាត់​ Causeway Bay ដែលប៉ុនប៉ងរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ស្លាប់​ដោយ​ការបង្ក្រាប​បាតុកម្ម​ នៅទីលានធានអានមិន។ ហុងកុង ថ្ងៃទី ៣មិថុនា ២០២៣ AP - Louise Delmotte
ផ្សាយពាណិជ្ជកម្ម

ការចងចាំ ស្តីពីព្រឹត្តិការ​ណ៍បង្ក្រាបបាតុកម្ម​នៅទីលានធានអានមិន ថ្ងៃទី​៤មិថុនា ឆ្នាំ​១៩៨៩ ត្រូវបានរដ្ឋអំណាចកុម្មុយនីស្ត​ចិន​ ប្រឹងប្រែងគ្រប់​មធ្យោបាយ​ដើម្បី​លុប​ដានប្រវត្តិសាស្ត្រដ៏សោកសង្រេងមួយ​នេះ​។ យុវជនចិនសម័យថ្មី ភាគច្រើន​មិនធ្លាប់ដឹងឮ អំពីព្រឹត្តិការណ៍ នៃការតវ៉ាទាមទារសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់យុវជនចិន នា​សម័យទសវត្សឆ្នាំ​៨០នោះឡើយ។

យោងតាម​ លោក Stephane Lagarde អ្នករាយ​ការណ៍ព័ត៌មាន​វិទ្យុបារាំង RFI ប្រចាំនៅក្រុងប៉េកាំង គឺដូចជារៀងរាល់ឆ្នាំ អាជ្ញាធរចិនបាន​រឹងបន្តិងសន្តិសុខ យ៉ាងម៉ឺងម៉ាត់នៅទីលានធានអានមិន។ ជាងនេះទៀត សូម្បីតែអេម៉ូទីកុន រូបទៀន​ នៅលើកម្មវិធីទូរស័ព្ទដៃ ក៏ត្រូវបានអាជ្ញាធរចិនលុបចោលដែរ ដើម្បី​កុំ​ឲ្យ​មនុស្ស​យក​វាទៅប្រើ​ ជានិម្មិតរូបនៃការអុជទៀន រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ។

តែយ៉ាងណា ការព្យាយាមខ្ទប់ ឬចង់លុប​ទំព័រប្រវត្តិសាស្ត្រនេះ គឺមិនអាចធ្វើទៅបានទាំងស្រុងទេ ដរាបណានៅតែមាន​ប្រជាជនចិនខ្លះ ដែលមានសេចក្តីក្លាហាន ហាននិយាយរំលឹកអំពីហេតុការណ៍នេះ បើទោះបីជាដឹងថាត្រូវប្រឈមនឹងចាប់ដាក់ឃុំក៏ដោយ។ យ៉ាងណាមិញ ក្រុម​ស្ត្រីជាម្តាយ​របស់ជនរងគ្រោះ ដែលបានស្លាប់​នៅទីលានធានអានមិន បាន​អំពាវនាវសាជាថ្មីម្តងទៀត ឲ្យរដ្ឋអំណាចគណបក្សកុម្មុយនីស្តចិន ហ៊ានសារភាពទទួល​កំហុស ចំពោះការសម្លាប់យ៉ាងព្រៃផ្សៃដែលខ្លួន​បានធ្វើទៅលើយុវជនចិន​។

ទីលានធានអានមិន ក្រុងប៉េកាំង៖ រថក្រោះកងទ័ពចិន នៅចតលើទីលាន ក្រោយ​អន្តរាគមន៍បំបែក និង​សម្លាប់បាតុករយប់ថ្ងៃ ៣ ឈានចូលថ្ងៃ៤មិថុនា១៩៨៩។
ទីលានធានអានមិន ក្រុងប៉េកាំង៖ រថក្រោះកងទ័ពចិន នៅចតលើទីលាន ក្រោយ​អន្តរាគមន៍បំបែក និង​សម្លាប់បាតុករយប់ថ្ងៃ ៣ ឈានចូលថ្ងៃ៤មិថុនា១៩៨៩។ AP - Jeff Widener

ដោយឡែក នៅ​ហុងកុង​ឯណោះ សង្កាត់ Causeway Bay ដែលជានិច្ចជាកាល តែងតែមានការជួបជុំអុជទៀនរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ឆ្នាំនេះ​ក៏​បាន​ស្ងាត់ជ្រងំដែរ។ ជាមួយនឹងច្បាប់សន្តិសុខជាតិ ដែលប៉េកាំងបាន​ដាក់កំហិត ហុងកុងគឺមិនខុសពីខេត្តផ្សេងៗរបស់ចិនទេ ពោលគឺមិនអាចជួបជុំធ្វើបាតុកម្ម​អ្វីបានទាំងអស់ ជាពិសេសការជួបជុំ នៅថ្ងៃទី​៤មិថុនា។ លោក ចន លី ប្រមុខរដ្ឋបាលហុងកុង បាន​ប្រាកាសគំរាមទុកជាមុនថា ប្រជាជនហុងកុងណា ដែលហ៊ានបំពានច្បាប់ គឺត្រូវតែសុខចិត្តត្រៀមខ្លួនទទួលយកផលវិបាក។

ត្រឹម​ព្រឹកថ្ងៃអាទិត្យ​ទី​៤មិថុនា មនុស្សយ៉ាងហោច​៨នាក់ ត្រូវបានសមត្ថកិច្ចហុងកុងចាប់ខ្លួន។ ក្នុងចំណោម​អ្នកត្រូវគេចាប់ខ្លួន គឺមានស្ត្រីសកម្មជនប្រជាធិបតេយ្យ​ហុងកុង អាយុ៦៥ឆ្នាំម្នាក់ ដែលត្រូវគេស្គាល់ឈ្មោះថា ម៉ាដាម វង់។ អ្នកខ្លះត្រូវនគរបាលចាប់បញ្ជូនខ្លួនយក​ទៅ បន្ទាប់ពី​ពួកគេបានស្រែកថា « នាំគ្នាលើកទៀនឡើង » ឬ ស្រែកថា « សូមប្រជាជនហុងកុង កុំ​ភ្លេចថ្ងៃទី៤មិថុនាឲ្យសោះ »។ 

សូមរំលឹកថា នៅ​យប់ថ្ងៃទី​៣ ឈានចូលថ្ងៃទី​៤មិថុនា ឆ្នាំ​១៩៨៩ គណបក្សកុម្មុយនីស្តចិនបានបញ្ជាកងទ័ពចិន​ ឲ្យ​មក​បំបែកបាតុកម្ម រ​បស់យុវជនសិស្សនិស្សិត យ៉ាងសាហាវព្រៃផ្សៃបំផុត។ ប្រភពផ្សេងៗគ្នា បានបង្ហាញតួលេខចំនួន​មនុស្ស​ស្លាប់ខុសគ្នា។ បើផ្អែកតាមអង្គការ​ Amnesty International និងលោក Liu XiaoBo ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលមានវត្តមាននៅទីលានធានអានមិនផ្ទាល់ គឺយ៉ាងហោចបាតុករចំនួន​ជាង១០០០នាក់ ដែលត្រូវបានកងទ័ពសម្លាប់នៅថ្ងៃកើតហេតុ៕

រូបភាព​ឯកសារ ថ្ងៃទី​១៧ ឧសភា ១៩៨៩៖ យុវជនបាតុករចិន នៅលើទីលានធានអានមិន ទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ។
រូបភាព​ឯកសារ ថ្ងៃទី​១៧ ឧសភា ១៩៨៩៖ យុវជនបាតុករចិន នៅលើទីលានធានអានមិន ទាមទារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ។ AP - Sadayuki Mikami

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ