អានតួអត្ថបទ
ចិន-អូស្ត្រាលី

អ្នកកាសែត​អូស្ត្រាលី​ជាប់​ឃុំ​នៅ​ចិន​បាន​ទទួល​សេរីភាព​វិញ

ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ចិន អស់​ជាង​​បី​ឆ្នាំ អ្នក​កាសែត​ជាតិ​អូស្ត្រាលី​ ឆឹង ឡី (Cheng Lei)បាន​ទទួល​សេរីភាព​និង​បាន​ត្រលប់​ទៅ​ដល់​ក្រុង​មែលប៊ន​ប្រទេស​អូស្ត្រាលី​វិញ​ហើយនៅថ្ងៃ​ពុធ​ទី​១១​តុលា​២០២៣​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​អង់តូនី​អាល់បានីស៊ី។

អ្នក​កាសែត​ ឆឹង ឡី ទទួល​ស្វាគម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នៅ​អាកាសយានដ្ឋាន​ក្រុង​មែលប៊ន​ ថ្ងៃទី ១១​តុលា​២០២៣
អ្នក​កាសែត​ ឆឹង ឡី ទទួល​ស្វាគម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នៅ​អាកាសយានដ្ឋាន​ក្រុង​មែលប៊ន​ ថ្ងៃទី ១១​តុលា​២០២៣ via REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​អូស្ត្រាលី​សូម​ជូនពរ​ឱ្យ​អ្នក​ស្រី​ឆឹង​ឡីបាន​រស់​ជួប​ជុំកូន​តូចៗ​ទាំងពីរ។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​អង់តូនី​ អាល់បានីស៊ី នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ដោយ​អះអាងថា​អ្នក​ស្រី ឆឹង​ ឡី មាន​ក្តី​សោមនស្សរីករាយ​ណាស់​ដែល​បាន​វិល​ត្រលប់​មក​ផ្ទះ​វិញ។

មាន​អាយុ​៤៨​ឆ្នាំ កើត​នៅ​ប្រទេស​ចិន ហើយ​បាន​និរទេស​ខ្លួន​មក​រស់​នៅ​អូស្ត្រាលី​តាំង​ពី​បឋម​វ័យ អ្នក​ស្រី ឆឹង ឡី បាន​វិល​ទៅ​បម្រើការងារ​នៅក្នុង​ប្រទេស​កំណើត​វិញ។ តែ​ចិន​មិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​មាន​សញ្ជាតិ​ពីរ​ទេ។ អ្នក​ស្រី​ធ្លាប់​ធ្វើ​ការ​ឱ្យ​បណ្តាញ​ទូរទស្សន៍​អាមេរិក​CNBC នៅ​ក្នុង​ប្រទេស​ចិន​ រយៈ​ពេល​៩​ឆ្នាំ មុន​នឹង​ក្លាយ​ជា​អ្នក​ផ្សាយ​ព័ត៌មាននៅ​​ទូរទស្សន៍​សាធារណៈចិន​CGTN។ អ្នក​ស្រីមាន​មុខ​និងល្បី​ខាង​​​ជួប​សម្ភាសន៍​ប្រធាន​ក្រុមហ៊ុន​សហគ្រាសនានា​ជា​ច្រើន​នៅ​លើ​ពិភពលោក​។

អតីត​អ្នក​កាសែត​​ចិន​នេះ បាន​ជាប់​ឃុំ​តាំងពី​ខែ​សីហា​២០២០​មក។ ជា​ផ្លូវការ​ អ្នកស្រី​ជាប់​ចោទ​ពី​បទ​បាន​ផ្តល់​ឯកសារ​សម្ងាត់​រដ្ឋ​ទៅ​ឱ្យ​បរទេស​។ នៅ​ឆ្នាំ​២០២២ តុលាការ​បានសម្រេច​ជំនំ​ជម្រះ​ក្តី​និង​​កាត់​ទោសអ្នក​ស្រី​​ដោយ​បិទទ្វារ។​ សូម្បី​តែ​ឯកអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ប៉េកាំង​ក៏​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​សវនាការ​ដែរ។

មុន​ការ​ចាប់​ខ្លួន អ្នក​ស្រី​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​រិះគន់លោក​ប្រធានាធិបតី​ចិន​ស៊ីជិនពីង និង​ចំណាត់​ការប្រឆាំង​​វិបត្តិ​កូវីដ​១៩របស់អាជ្ញាធរ​ចិន។ ពី​ក្នុង​ពន្ធនាគារ​ អ្នក​ស្រី​បាន​រៀប​រាប់​​អំពី​លក្ខខណ្ឌ​ដ៏​លំបាក​នៃ​ការ​ជាប់​ឃុំ​ឃាំង​ ដោយ​អ្នក​ស្រី​អាច​​ទទួល​ពន្លឺថ្ងៃ​បាន​ត្រឹម​តែ​១០ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ អាជ្ញាធរ​អូស្ត្រាលី​បាន​ផ្សព្វផ្សាយ​សារ​នេះ​ជា​សាធារណៈ​កាលពី​ខែ​សីហា​កន្លង​ទៅ។

ការចាប់​​ឃុំឃាំង​អ្នក​កាសែត​នេះ​​​​បាន​ជំរុញ​ឱ្យ​ទំនាក់ទំនង​ចិន​អូស្ត្រាលី​ដែលនៅពេល​នោះ​​ល្អក់កករ​ស្រាប់ កាន់​តែ​ធ្លាក់​ចុះ​ដុន​ដាប​មួយ​កំរិត​ទៀត។ ប៉ុន្តែ​ថ្ងៃ​នេះ ជាមួយ​នឹង​ការ​ដោះលែង​អ្នកស្រី​ឆឹង​ឡី ក្រោយ​ការ​បញ្ចប់​ដំណើរ​បែប​បទ​តុលាការ លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ បាន​ប្រកាស​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន។ ការ​ដោះលែង​អ្នក​កាសែត​បានសម្រួលឱ្យ​ទស្សនកិច្ច​អាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​​​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ