អានតួអត្ថបទ
ហុងកុង

ហុងកុង៖ ​ការបោះឆ្នោត​លើកទី១ ដែលមានតែ “បេក្ខជនស្នេហាជាតិ” មានប្រជាជនទៅបោះតិចខ្លាំង

នៅហុងកុង កាលពីថ្ងៃអាទិត្យ​ទី​១០ធ្នូ មានការ​បោះឆ្នោតជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាសង្កាត់ទាំង១៨។ ជាការបោះឆ្នោត​លើកទី​១ ដោយ​អនុឡោមតាមច្បាប់​បោះឆ្នោតថ្មី ដាក់កំហិតដោយ​ប៉េកាំង ដែលអនុញ្ញាតឲ្យ​តែ “បេក្ខជនស្នេហាជាតិ” ប៉ុណ្ណោះ ទើបអាចឈរឈ្មោះឲ្យ​គេបោះឆ្នោតបាន​។ ជាការកត់សំគាល់ ការបោះឆ្នោត​កាលពីថ្ងៃអាទិត្យ មានការចូលរួម​តិចបំផុត​ពី​សំណាក់ប្រជាពលរដ្ឋហុងកុង ពោលគឺអត្រាអ្នកទៅបោះឆ្នោត មាន​ប្រមាណ​តែ​២៧,៥៤%តែប៉ុណ្ណោះ។

Hong Kong Chief Executive John Lee votes at a polling station during the District Council election in Hong Kong, China, December 10, 2023. REUTERS/Tyrone Siu
លោក John Lee ប្រធាន​រដ្ឋបាល​ហុងកុង បង្ហាញសន្លឹកឆ្នោត មិននឹងគូសបោះឆ្នោត។ ហុងកុង ថ្ងៃទី​១០ធ្នូ២០២៣ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរហុងកុង បានព្យាយាមផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដាក់ផ្ទាំងបដាពាសពេញទីក្រុង ដើម្បីជំរុញប្រជាជនឲ្យទៅបោះឆ្នោត ។ មិនត្រឹមប៉ុណ្ណោះទេ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចពន្យាម៉ោងបិទការិយាល័យបោះឆ្នោត ដល់ទៅ​១ម៉ោងកន្លះបន្ថែមទៀត។

តែយ៉ាងណា យោងតាម​តួលេខ​ផ្សាយ​លើគេហទំព័ររដ្ឋបាលហុងកុង នៅព្រឹកថ្ងៃចន្ទ ក្នុងចំណោមប្រជាជនហុងកុង ៤លាន​៣សែននាក់ គឺមាន​តែ​ ១លាន២សែននាក់ទេ ដែលបានទៅចូលរួមបោះឆ្នោត​ ជ្រើសរើស​សមាជិកក្រុមប្រឹក្សា​សង្កាត់ កាលពីថ្ងៃអាទិត្យ ទី​១០ធ្នូ។ នេះគឺជាអត្រាអ្នកទៅចូលរួម​បោះឆ្នោត​ទាបបំផុត នៅក្នុងប្រវត្តិសាស្ត្រហុងកុង។

ទោះជាយ៉ាងនេះក្តី លោក John Lee ប្រធានរដ្ឋបាល​ហុងកុង​បានអបអរសាទរ ថាការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តិទៅ​យ៉ាងរលូន។ លោកបន្ថមេថា ការបោះឆ្នោតនេះ គឺជំហានចុងក្រោយមួយ ដើម្បីឈានទៅរៀបចំអនុវត្តគោលនយោបាយ​គ្រិះ “ហុងកុងក្រោមការគ្រប់គ្រងរបស់អ្នកស្នេហាជាតិ​”។

សូមបញ្ជាក់ថា ហុងកុង​មានច្បាប់​បោះឆ្នោតថ្មី កាលពីខែ​ឧសភា ដែលត្រូវបានប៉េកាំង​ដាក់​បញ្ជាមក។ កាលពីមុន គឺប្រជាជនហុងកុង មានសិទ្ធិ​បោះឆ្នោតដោយផ្ទាល់ ដើម្បី​ជ្រើស​​សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលមានទាំងអស់៤៦២អាសនៈ។ ក៏ប៉ុន្តែ​យោងតាមច្បាប់ថ្មី គឺមានតែ​អាសនៈ៨៨ប៉ុណ្ណោះ ដែលប្រជាជនហុងកុងអាចបោះឆ្នោតជ្រើសតាំងដោយផ្ទាល់។ ចំណែកសមាជិក​​៣៨២ទៀត គឺត្រូវបានតែងតាំងដោយរដ្ឋបាលតំបន់ហុងកុង ឬក៏ជាអ្នកដែលគេចាត់ទុកថាជាមនុស្សស្មោះនឹងរដ្ឋាភិបាល​ជាដើម​។ បេក្ខជន​ទាំង​៨៨នាក់ ដែលប្រជាជនអាចបោះឆ្នោតជ្រើសរើសដោយផ្ទាល់នោះទៀតសោត ក៏ត្រូវតែឆ្លងកាត់ការសម្រេច​ ពីសំណាក់គណៈកម្មាធិការចំនួន​៣ ស្ថិតក្រោមបង្គាប់​របស់រដ្ឋបាលហុងកុង។ ពោលគឺទាល់តែបេក្ខជននោះ ត្រូវគេចាត់ទុកថា ជា “បេក្ខជនស្នេហាជាតិ” ទើបអាចឈរឈ្មោះបាន។​

លោកJohn Lee ប្រធានរដ្ឋបាល​ហុងកុង​ ធ្លាប់បានលើកឡើងថា ចាប់ពីពេលនេះទៅ ក្រុមប្រឹក្សាសង្កាត់ទាំង​១៨នៅហុងកុង លែងដូចមុនហើយ។ ពោលគឺក្រុមប្រឹក្សាទាំងនេះ លែងជាទីកន្លែង​ដែល​ក្រុមប្រឆាំង ប្រើប្រាស់ដើម្បីធ្វើសកម្មភាព​វិទ្ធង្សនា ទាមទារឯករាជ្យ ឬធ្វើ​ឲ្យខូចសន្តិសុខជាតិ​ ទៀតហើយ​។

គួរបញ្ជាក់ដែរ ថាការពិតក្រុមប្រឹក្សាសង្កាត់ហុងកុង មានតួនាទី​ ពាក់ព័ន្ធតែ​កិច្ចការ​គ្រប់គ្រងជាក់ស្តែង ក្នុងសង្កាត់នីមួយៗតែប៉ុណ្ណោះ តួយ៉ាង ការគ្រប់គ្រងប្រព័ន្ធលូ កិច្ចការដឹកជញ្ជូន និងគ្រប់គ្រងគ្រឿងបរិក្ខា​នៅតាមទីសាធារណៈតែប៉ុណ្ណោះ។ លោក John Burns សាស្ត្រាចារ្យម្នាក់​នៅសកលវិទ្យាល័យហុងកុង បាន​លើកឡើងថា ​ប្រជាជនហុងកុងមិនសូវយកចិត្តទុកដាក់ នឹងការបោះឆ្នោតកាលនេះទេ ព្រោះ​វា​មិនមានអ្វីសំខាន់។ ដោយឡែក លោក Kenneth Chan នយោបាយវិទូ​នៅហុងកុង បាន​លើកឡើងថា ចំនួនអ្នកទៅបោះឆ្នោត​តិចបំផុត​មិនធ្លាប់​មាន កាលពីថ្ងៃអាទិត្យ វាគឺជារឿងអាម៉ាសខ្លាំងណាស់ សម្រាប់អាជ្ញាធរហុងកុង។

គួរកត់សំគាល់ដែរថា ផ្អែកតាមបណ្តាញព័ត៌មានហុងកុង អាជ្ញាធរបានបញ្ចេញកម្លាំងនគរបាល ចំនួន ១២០០០នាក់ ដើម្បី​រារាំងរាល់សកម្មភាព​ទាំងអស់ ដែលប្រឆាំង​នឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ យ៉ាងហោចណាស់ មានមនុស្ស​៦នាក់ ដែលជាសមាជិក​ ចលនាសម្ព័ន្ធ​សង្គម​ប្រជាធិបតេយ្យហុងកុង ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ