អានតួអត្ថបទ

បន្ទាប់ពីស្ងប់មួយរយៈពេលយូរ ហុងកុងផ្តើមបាតុកម្មជាថ្មីប្រឆាំងនឹងច្បាប់សន្តិសុខជាតិ

ថ្ងៃអង្គារ៍ទី​២៧កុម្ភៈ​ ហុងកុងផ្តើម​មាន​សកម្មភាព​បាតុ​កម្ម​ជា​ថ្មី​​។ ​បាតុកម្ម​ដ៏​កម្រ​នេះប្រឆាំង​នឹង​ច្បាប់​សន្តិសុខជាតិ​ ដែល ​ក្រុម​បាតុកម្មគាំទ្រ​លទ្ធិ​ប្រជាធិប​តេយ្យ​ យល់ថាជាច្បាប់​បំពាន​សិទ្ធិមនុស្ស​និង​រំលាយ​ប្រជាធិបតេយ្យ​។​ អាជ្ញាធរ​​ហុង​កុង​បាន​ដាក់ចេញ​គម្រោង​ច្បាប់​សន្តិសុខជាតិ​ថ្មី​បន្ថែម​ ពាក់ព័ន្ធ​សំណុំរឿង​ក្បត់​ជាតិ​និង​ចារកម្ម។ ដំណឹង​ច្បាប់ថ្មីនេះប្រកាស​ឲ្យដឹង​ពីឆ្នាំទៅមិញ ហើយ​​មន្ត្រីជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ហុងកុង អះ​អាង​ថា​«គ្មាន​នរណា​ជំទាស់​ឡើយ» បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​ឲ្យ​ប្រឹក្សា​ផ្តល់​យោបល់​ជា​សាធារណៈ ​ពេញ១ខែ​រួចមកហើយ។ ការ​ប្រកាសបែប​នេះ ត្រូវក្រុម​បាតុករហុងកុង​និង​សកម្ម​ជន​គាំទ្រ​ប្រជាធិបតេយ្យ ច្រានចោល​​ទាំងស្រុង។​ ​

អ្នកស្រី យូ វៃប៉ាន់ សកម្មជនលេចធ្លោនៃអង្គការសម្ព័ន្ធសង្គមប្រជាធិបតេយ្យហុងកុង ថ្លែងថា ​គម្រោងច្បាប់សន្តិសុខថ្មី​ ធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ដល់សិទ្ធិមនុស្សនៅហុងកុង។
អ្នកស្រី យូ វៃប៉ាន់ សកម្មជនលេចធ្លោនៃអង្គការសម្ព័ន្ធសង្គមប្រជាធិបតេយ្យហុងកុង ថ្លែងថា ​គម្រោងច្បាប់សន្តិសុខថ្មី​ ធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ដល់សិទ្ធិមនុស្សនៅហុងកុង។ AFP - PETER PARKS
ផ្សាយពាណិជ្ជកម្ម

 

ក្រោម​ក្រសែភ្នែក​របស់តម្រួត​នគរបាល​ហុងកុង ពួក​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង បាន​សម្តែង​មតិនិង​លើកបដារិះគន់​គម្រោង​ច្បាប់ថ្មីស្តីពី​សន្តិសុខជាតិ​។ បាតុកម្ម​ ​នៅថ្ងៃអង្គារ​ ទី​២៧កុម្ភៈ ធ្វើឡើង​ដ៏កម្រ បន្ទាប់ពី​ខកខាន​ជាច្រើន​ខែ​ឆ្នាំមកហើយ។ ពេលនេះ ការ​សម្តែង​មតិរៀបចំធ្វើឡើង​នៅមុខ​ការិយាល័យ​នីតិប្រតិបត្តិ​ហុងកុង តែម្តង​។ ​

​បាតុករ អ្នកស្រី យូ វៃប៉ាន់ សកម្មជន​លេច​ធ្លោ​នៃ​អង្គការ​សម្ព័ន្ធ​សង្គម​ប្រជាធិបតេយ្យ​ហុងកុង​ បាន​​អះ​អាង​ថា មាត្រាគម្រោង​ច្បាប់ថ្មីនេះ​ ធ្វើ​ឲ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ និង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​នៅហុងកុង​។ សកម្មជនមួយ​រូបទៀត ឈ្មោះ ចាន់ ពូយីង ថ្លែងថា​ច្បាប់​សន្តិសុខជាតិ​មាន​សារៈ​សំខាន់​ពិតមែនហើយសម្រាប់ប្រជាពលរដ្ឋ​ តែ​វា​ត្រូវតែ​បង្កើតឡើង​ដោយឈរលើស្មារតី​ប្រជាធិបតេយ្យ សេរីភាព និង​នីតីរដ្ឋ

គួរ​រំឭកថា ចិន​ដី​គោក បាន​​ដាក់​ឲ្យ​អនុវត្ត​ច្បាប់សន្តិសុខជាតិ​របស់​ខ្លួន​នៅហុងកុង ក្នុង​ថ្ងៃទី១ កក្កដា ឆ្នាំ ២០២០។ ក្រោម​អំណាច​ច្បាប់​នេះ តុលាការ​ហុង​កុង​បាន​កាត់ទោស​សកម្មជន​គាំទ្រ​ប្រជាជាធិបតេយ្យ​ និង​អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​នាក់ មកហើយ។ ​ខែតុលា ឆ្នាំទៅមិញ លោក ចន លី​ ថ្នាក់ដឹកនាំអាជ្ញាធរ​ហុងកុង ក៏​បាន​ប្រកាសពីបំណង​បង្កើត​ច្បាប់ថ្មី​បន្ថែម​ទៀត ស្តីពី​​សន្តិសុខជាតិ​របស់​ខ្លួន ​ទាក់ទង​នឹង​បទល្មើស​ចំនួន ៧ ដូច​ជា​ បទល្មើស​ក្បត់ជាតិ និង​សំណុំរឿង​ចារកិច្ច ជាដើម។

គម្រោង​​ច្បាប់ថ្មី​​នេះ ត្រូវអាជ្ញាធរ​ដាក់ឲ្យ​ប្រឹក្សា​ផ្តល់​យោបល់​ជា​សាធារណៈ ពេញ១ខែ  ដែលត្រូវ​ផុត​កំណត់ ​ថ្ងៃពុធ​ ទី​២៨កុម្ភៈ​។ លោក ប៉ូល ឡាំ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ហុងកុង អះអាងថា នៅក្នុង​ពេល​ទុកឲ្យ​ផ្តល់​យោបល់​ជា​សាធារណៈ ​គ្មាន​អ្ន​កជំទាស់​សោះឡើយ​។ ផ្ទុយទៅវិញ បាតុករ​អ្នកស្រី យូ វៃប៉ាន់ លើកឡើងថា ពលរដ្ឋហុងកុង​ជាច្រើននាក់ បាន​​ថ្លែងក្តីបារម្ភ​ និងជំ​ទាស់

ជាការ​សម្គាល់ មន្ត្រីចិន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ដែនដីហុងកុង​និងម៉ាកាវ លោក ចៅ ប៉ាវឡុង បាន​ធ្វើដំណើរ​កាលពី​សប្តាហ៍​មុន ទៅហុងកុង ហើយ​និងបាន​​ជួប​ជាមួយ​មន្ត្រី​គ្រប់គ្រង​ជាន់​ខ្ពស់​តំបន់​ស្វយ័ត​ហុងកុង​ និង​អ្នក​ជំនាញធំៗ ដើម្បី​​បិទទ្វារជជែក​គ្នា​អំពី​គម្រោង​ច្បាប់ថ្មី​ស្តីពី​សន្តិសុខ​ជាតិ​ហុង​កុង​។​ ​

នៅហុងកុង ក្នុង​ថ្ងៃ​អង្គារ៍ដដែល តុលាការ​​បាន​កាត់ទោស បុរស​ម្នាក់ឈ្មោះ ចូសេប ចន ឈ្មោះដើម វុង គិន-ឆុង ពីបទល្មើស​ញុះញ៉ុង​ជំរុញឲ្យ​​ធ្វើ​អប្បគមន៍​បំបែករដ្ឋ​។ លោកនេះ មាន​សញ្ជាតិ​២ ហុងកុង-ព័រ​ទុយហ្កាល់​។ មុន​ពេល​ចាប់ខ្លួន លោក ចូសេប ចន ធ្លាប់​ធ្វើ​ជា​ប្រធាន​​បក្ស​​ឯករាជ្យ​ជាតិហុងកុង មូលដ្ឋាន​នៅ​អង់គ្លេស។ លោកក៏បាន​​គ្រប់គ្រង់​បណ្តាញ​ព័ត៌មាន​​អនឡាញ​ជាច្រើន​ដែលនិយម​​រិះគន់ប្រឆាំង​អាជ្ញាធរហុងកុងដែល​ស្និទ​នឹងចិ​ន​ដី​គោក​​។   ​មន្ត្រីទូត​ទុយហ្កាល់​ បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា​តាំងពីថ្ងៃ​ចាប់ខ្លួន​ដាក់​មន្ទីរឃុំ​ឃាំងក្នុង​ខែមិថុនា២០២២មក  ​ស្ថានកុងស៊ុលព័រ​ទុយហ្កាល់ប្រចាំនៅហុងកុង មិនអាច​ចូលសួរ​សុខទុក្ខ​ទណ្ឌិតរូបនេះ បាន​សោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ