វៀតណាម ចាប់ខ្លួនសកម្មជននយោបាយប្រឆាំង ៣ នាក់
ថ្មីៗនេះ នគរបាលវៀតណាម បានចាប់ឃុំខ្លួនសកម្មជននយោបាយ ៣ នាក់ ដែលតែងតែរិះគន់ប្រឆាំងរដ្ឋអំណាចសង្គមនិយមវៀតណាម។ នេះបើតាមអង្គការការពារសិទ្ធិមនុស្ស Human Rights Watch ដែលបានចេញផ្សាយរបាយការណ៍ថ្មី នៅថ្ងៃពុធ ទី៦មីនា។ រដ្ឋអំណាចវៀតណាម បដិសេធថា គ្មានចាប់ខ្លួននរណាម្នាក់ឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៧
សកម្មជននយោយបាយប្រឆាំង ៣រូប ដ៏លេចធ្លោ ដែលតែងតែឧស្សាហ៍រិះគន់ថ្កោលទោសរដ្ឋាភិបាលវៀតណាម ត្រូវរដ្ឋអំណាច ចាប់ខ្លួនឃុំខ្លួន កាលពីពេលថ្មីៗ។ អង្គការការពារសិទ្ធិមនុស្ស Human Rights Watch តាមរយៈ អ្នកតំណាងនៅតំបន់អាស៊ី លោក ផីល រ៉ូប៊ឺតស៊ុន បានអះអាងថា «ជនទាំង៣នាក់ គ្មានបានធ្វើអ្វីខុសឡើង។ ពួកគេគ្រាន់តែបានអនុវត្តសិទ្ធិបញ្ចេញមតិក្នុងនាមជាពលរដ្ឋតែប៉ុណ្ណោះ»។
បើតាម អង្គការការពារសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី សកម្មជន ២ ត្រូវចាប់ខ្លួននៅរដ្ឋធានីហាណូយ ហើយម្នាក់ទៀត នៅប៉ែកកណ្តាលនៃផ្ទៃប្រទេស។ ពួកគេ ៣ សុទ្ធតែជាអ្នកជើងខ្លាំងខាងនិយាយនិងខាងសរសេររិះគន់ក្នុងបណ្តាញសង្គម និងធ្លាប់ធ្វើជាអ្នកកាសែតផង។
លោក ង្វៀន ជី ទុយៀន អាយុ ៤៩ឆ្នាំ ត្រូវនគរបាលចាប់ខ្លួន នៅសប្តាហ៍មុន ថ្ងៃទី២៩កុម្ភៈ។ លោកនេះ ប្រើបណ្តាញសង្គមហ្វេសបុកនិងយូធូបដើម្បីរិះគន់ផ្នែកនយោបាយ។ លោកមានយូធូប២។ ១ មានវីដេអូ ១ ៦០០ ហើយអ្នកតាមដានមើល ៩៨ ០០០គណនី។ យូធូប១ទៀត ផ្សាយវីដេអូ១ពាន់ មានអ្នកតាមដានមើល ៦ ម៉ឺនគណនី។ មុនពេលចាប់ខ្លួន លោក ង្វៀន ជី ទុយៀន ធ្លាប់ចេញមុខធ្វើបាតុកម្មគាំទ្របរិស្ថាន ហើយត្រូវប៉ូលិសវៀតណាមចាប់សួរចម្លើយ និងធ្វើទុក្ខបុកម្នេញជាច្រើន រួចទៅហើយ។
សកម្មជនមួយរូបទៀតដែលត្រូវចាប់ខ្លួនក្នុងថ្ងៃដដែល គឺ លោក ង្វៀន វូ ប៊ិញ អាយុ ៥៥ ឆ្នាំ ធ្លាប់ធ្វើជាអ្នកកាសែតបម្រើរដ្ឋាភិបាលវៀតណាម ប្រមាណ ១ទសវត្សរ៍ ក៏ប៉ុន្តែក្រោយមក រូបលោកត្រូវតុលាការចាប់ឃុំខ្លួន ព្រោះតែបានបង្ហាញសកម្មភាពចូលរួមចលនាប្រឆាំងរដ្ឋអំណាច។ នៅឆ្នាំ២០០៣ តុលាការបានកាត់ទោសលោក ង្វៀន វូ ប៊ិញ ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទចារកម្ម។ ចន្លោះឆ្នាំ២០១៥ដល់២០២៤ លោក ង្វៀន វូ ប៊ិញ បានបម្រើការឲ្យវិទ្យុអាស៊ីសេរី Radio Free Asia ។
បុរសទី៣ គឺលោក ហ័ង វៀត កាញ វ័យ ៤១ឆ្នាំ ត្រូវចាប់ខ្លួន ថ្ងៃទី១មីនា នៅប៉ែកកណ្តាលប្រទេស។ លោកនេះ ប្រើហ្វេសបុកតាំងពីឆ្នាំ២០១៨ ដើម្បីនិយាយបញ្ចេញមតិរិះគន់សង្គមនិងនយោបាយវៀតណាម។
ដំណឹងជុំវិញការចាប់ខ្លួនបុរសទាំងនេះ ត្រូវរដ្ឋាភិបាលសង្គមនិយមវៀតណាម បដិសេធច្រានចោល និងថាគ្មានបានចាប់ឃាត់ខ្លួននរណាម្នាក់ឡើយ។
យោងតាមអង្គការការពារសិទ្ធិមនុស្សនៅក្នុងស្រុកវៀតណាម ហើយនិង Human Rights Watch នៅវៀតណាម មានអ្នកទោសមនសិការប្រមាណ ជា ១៦០ -១៧០ នាក់ កំពុងតែជាប់ឃុំក្នុងពន្ធនាគារ។ អង្គការសិទ្ធិមនុស្ស ទាំងក្នុងនិងក្រៅស្រុក កំពុងតែផុសផុលផ្សាយច្រើនពីស្ថានភាពសិទ្ធិមនុស្សនិងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋអំណាចរបបក្រុងហាណូយនេះ ក៏ពីព្រោះតែ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអំពាវនាវនិងបញ្ចុះបញ្ចូលប្រទេសដទៃ ឲ្យបោះឆ្នោតគាំទ្របេក្ខភាពវៀតណាម ជាសមាជិកប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មី ២០២៦-២០២៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ