អានតួអត្ថបទ
អាស៊ាន-អូស្ត្រាលី-សង្គ្រាមហ្កាហ្សា

អាស៊ាន​និង​អូស្ត្រាលី​​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ភ្លាម​និង​ជានិរន្តរ៍​នៅហ្កាហ្សា

ក្រៅ​ពី​​បរិហារ​ទង្វើ​គំរាម​កំហែង​សន្តិសុខ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ ប្រមុខ​ដឹកនាំ​ក្រុមប្រទេស​ជា​សមាគម​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា​អាស៊ាន និង​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅថ្ងៃពុធ​ទី ៦​មីនា​២០២៤ អំពាវនាវ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់ភ្លាម​និង​ជា​និរន្ត​រ៍​នៅ​តំបន់​ហ្កាហ្សា និង​បាន​ចាត់​ទុក​ស្ថានភាព​មនុស្សធម៌​នៅក្នុង​ដែន​ដី​មួយ​ចំណិត​របស់​ប៉ាឡេស្ទីន​ថា អាក្រក់​ក្រៃ។ 

សមាជិក​​អាស៊ាន​និង​អូស្ត្រាលី​ ក្នុង​ជំនួប​កំពូល​លើក​ទី​៥០​
សមាជិក​​អាស៊ាន​និង​អូស្ត្រាលី​ ក្នុង​ជំនួប​កំពូល​លើក​ទី​៥០​ AP - Hamish Blair
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៅ​ក្នុង​តំបន់​ហ្កាហ្សា ​ជា​ប្រធានបទ​ពិភាក្សា​គ្នា​យ៉ាង​ចម្រូង​ចម្រាស​ក្នុង​អំឡុង​ជំនួប​ប្រជុំបី​ថ្ងៃ​រវាង​អូស្ត្រាលី​និង​អាស៊ាន ដែល​មាន​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ជា​ប្រទេស​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​បំផុត (៤០%​នៃ​ពលរដ្ឋ​អ៊ីស្លាម​នៅលើ​ពិភពលោក​រស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍) និង​ជា​អ្នក​​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីនខ្លាំង​បំផុត។

​​ប៉ុន្តែ​ទោះ​មាន​​​តាន​តឹង​ការទូតយ៉ាង​​ខ្លាំងក្តី ក៏​នៅទី​បំផុត​ ជំនួប​កំពូល​អាស៊ាន​អូស្ត្រាលី​បាន​បិទបញ្ចប់​នៅ​ថ្ងៃពុធ​ទី ៦​ មីនា​នេះ ដោយ​ចេញសេចក្តីថ្លែងការណ៍​រួម អំពាវនាវ​ជា​លក្ខណៈ​ទូទៅ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ភ្លាម​ និង​ជា​និរន្តរ៍​នៅ​តំបន់​ហ្កាហ្សា។

នៅក្នុង​សេចក្តីថ្លែងការណ៍ អាស៊ាន​និង​អូស្ត្រាលី ក៏​បាន​ថ្កោល​ទោស​រាល់​គ្រប់​សកម្មភាព​វាយប្រហារ​លើ​ជន​ស៊ីវិល និងលើ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិលដែល​ជំរុញឱ្យ​​វិបត្តិ​មនុស្សធម៌ នៅ​តំបន់​ហ្កាហ្សា​កាន់​តែ​ធ្លាក់​ដុនដាប​បន្ថែម​ ដោយ​កំហិត​ជា​អាទិ៍ ការ​ចែក​ចាយ​ស្បៀងអាហារ ទឹក​ស្អាត ព្រមទាំងវត្ថុ​ជា​​សេចក្តី​ត្រូវការ​គ្រឹះ​របស់​មនុស្ស។ អាស៊ាន​និង​អូស្ត្រាលី បាន​ទទូច​សុំ​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​​មនុស្សធម៌​ យ៉ាង​លឿន​រហ័ស គ្មាន​កា​ររារាំង និងបាន​ទៅ​ដល់​ជា​​ប្រាកដដល់​ជន​រងគ្រោះ​ពិត​ ដូចជា​សុំបង្កើន​សមត្ថភាព​បញ្ជូន​ជំនួយ​តាម​​ច្រក​ព្រំដែន​ផ្លូវគោក ឬ​តាម​ផ្លូវ​ទឹក។ ប៉ុន្តែនៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម គ្មានទេពាក្យ​គ្រោះ​ទុរ្ភិក្សនៅហ្កាហ្សា ព្រោះសមាជិក​អាស៊ាន​មួយ​ផ្នែក​ទៀត មាន​អាទិ៍​សិង្ហបុរី​ មានទំនាក់ទំន​ង​ជិត​ស្និទ្ធនឹង​អ៊ីស្រាអែល បាន​ជំទាស់ ដើម្បី​​​កុំ​ឱ្យ​ប៉ះពាល់​ដល់​ចិត្ត​អ៊ីស្រាអែល។

ថ្វីបើ​អូស្ត្រាលី​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់ទីភ្នាក់ងារ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​របស់​អង្គការ​សហប្រជាជាតិ​ហើយ​ក៏​ដោយ ក៏​អូស្ត្រាលី​បាន​ប្រកាស​ជាមួយ​អាស៊ាន គាំទ្រ​សកម្មភាព​របស់​ស្ថាប័ន​នេះដែរ។

ជា​ចុងក្រោយ​ នៅ​ជុំ​វិញ​បញ្ហា​សមុទ្ទ​ចិន​ខាង​ត្បូង​វិញ ដោយ​មិនវាយប្រហារ​ដោយ​ចំៗ​លើ​ចិន​ អាស៊ាន​និងអូស្ត្រាលី​បាន​ប្រកាស​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​ប្រទេស​បញ្ចៀស​រាល់​គ្រប់​សកម្មភាព​ជា​ឯកតោ​ភាគី​​ណា​ដែល​គំរាមកំហែង​ដល់​សន្តិភាព​ សន្តិសុខ​និង​ស្ថិរភាព​តំបន់​ ដើម្បី​ប្រែក្លាយ​សមុទ្ទ​ចិន​ខាង​ត្បូង​ទៅ​ជា​សមុទ្ទ​សន្តិភាព​ និង​រុងរឿង។ ជា​ប្រតិកម្ម​តប អ្នក​នាំពាក្យ​ចិន​ លោកស្រី​ម៉ៅ នីង ​បាន​ចង្អុលមុខ​សហរដ្ឋ​អាមេរិក​ថា​ប្រើ​ហ្វីលីពីន​ជា​កូន​អុក​ នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ