អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងត្បូង

រុស្ស៊ីចាប់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ពីបទចារកិច្ច

អាជ្ញាធរ​រុស្ស៊ី​ បានចាប់ខ្លួនពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ​ពីបទ​ប្រព្រឹត្តចារកិច្ចប្រឆាំងនឹងរុស្ស៊ី។ ​​ពេលទទួលព័ត៌មាននេះភ្លាម ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅរុស្ស៊ី បានអន្តរាគមដោយមិនបង្អង់យូរ តាមផ្លូវការទូត ដើម្បីផ្តល់ជំនួយ​ចាំបាច់ ដល់ពលរដ្ឋខ្លួនរូបនេះ។ ​ លោកបណ្ឌិតសាស្ត្រាចារ្យ  Vladimir Tikhonov អ្នកជំនាញ​នៃប្រទេសកូរ៉េទាំងពីរ នៅសាកលវិទ្យាល័យក្រុង Oslo ប្រទេសន័រវែស  បានវិភាគ​ថា​ ជនជាតិកូរ៉េខាងត្បូងម្នាក់នេះ ទំនងត្រូវគេប្រើជាឧបករណ៍ដោះដូររវាងម៉ូស្គូ និង ក្រុងសេអ៊ូល។ ការចាប់ខ្លួនបុរសរូបនេះ ក៏អាចជាសាររបស់​ម៉ូស្គូ បញ្ជូនទៅសេអ៊ូល ​ចំពោះការដែលកូរ៉េខាងត្បូង គាំទ្រអ៊ុយក្រែន​។

លោក Lim Soo-suk អ្នកនាំពាក្យក្រសួង​ការបរទេស​កូរ៉េខាងត្បូង។
លោក Lim Soo-suk អ្នកនាំពាក្យក្រសួង​ការបរទេស​កូរ៉េខាងត្បូង។ AP - Hwang Gwang-mo
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី TASS បានផ្សាយថា អាជ្ញាធររុស្ស៊ីបានចាប់ឃុំខ្លួនបុរសជនជាតិកូរ៉េខាងត្បូងឈ្មោះ Baek Won-sung ពីបទប្រព្រឹត្តចារកិច្ច បម្រើប្រយោជន៍ឲ្យបណ្តាស្ថាប័នស៊ើបការណ៍បរទេស។  

ផ្អែកតាមទីភ្នាក់ងារព័ត៏មានដដែល បុរសនេះ ត្រូវបានចាប់ខ្លួនកាលពីដើមឆ្នាំ ២០២៤ នៅក្រុង Vladivostok ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ បន្ទាប់មក ក្នុងខែកុម្ភៈ បុគ្គលខាងលើ ត្រូវបានគេបញ្ជូនមកកាន់រដ្ឋធានីម៉ូស្គូ។ បច្ចុប្បន្ន លោក Baek កំពុងជាប់ក្នុងពន្ធនាគារ Lefortovo ក្រុងម៉ូស្គូ ដែលជាពន្ធនាគាររបស់ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB សម្រាប់ឃុំឃាំងអ្នកទោស ក្នុងស្ថានភាពសឹងឯកោទាំងស្រុង។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងជាច្រើន នាំគ្នារាយការណ៍ថា លោក Baek ជាសាសនទូតមួយរូប ដែលជួយពួកកម្មករកូរ៉េខាងជើងស៊ីឈ្នួលកាប់ឈើក្នុងព្រៃ នៅប្រទេសរុស្ស៊ី ព្រមទាំងទំនងជាបានជួយ ជនជាតិកូរ៉េខាងជើង ឲ្យគេចខ្លួនរត់ចេញពីរបបក្រុង ព្យុងយ៉ាង ទៀតផង។

លោកបណ្ឌិតសាស្ត្រាចារ្យ Vladimir Tikhonov ជាអ្នកជំនាញអំពីប្រទេសកូរ៉េ នៅសាកល វិទ្យាល័យក្រុង Oslo ប្រទេសន័រវ៉ែស បានពោលថា បុរសជនជាតិកូរ៉េខាងត្បូង ប្រហែលត្រូវគេចាប់ខ្លួន ដើម្បីប្រើជា ឧបករណ៍ដោះដូររវាងម៉ូស្គូ និង ក្រុងសេអ៊ូល ។ មួយវិញទៀត ការចាប់ខ្លួននេះ ក៏អាចជាសារពីម៉ូស្គូបញ្ជូនទៅក្រុងសេអ៊ូល ចំពោះការដែលកូរ៉េខាងត្បូង គាំទ្រអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ