អានតួអត្ថបទ
ជប៉ុន-ប្រាក់បៀវត្ស

សហជីពជប៉ុនតវ៉ា​បាន​ការដំឡើងប្រាក់ខែ​ជាង ៥% ដែលខ្ពស់មិនធ្លាប់មាននៅជប៉ុន

រដ្ឋាភិបាលជប៉ុន និង​សហព័ន្ធសហជីពដែលប្រមូលផ្តុំសហជីពជប៉ុន​ជាង​៧៧០​សំដែង​ក្តីរីករាយ ​ពេញចិត្ត នៅបន្ទាប់ពី​ការចរចា​ជាមួយ​ក្រុមហ៊ុន​សហគ្រាស​ស្តីពីការដំឡើងប្រាក់ខែ​​​បាន​ផ្តល់​លទ្ធផល​ជាវិជ្ជមាន។ តាម​សហព័ន្ធសហជីព Rengo បន្ទាប់ពីតវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​៣,៨%​កាលពី​ឆ្នាំមុន សហជីពជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី ១៥​មីនា​ទទួល​ជោគជ័យ​ម្តងទៀតក្នុងការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​ជប៉ុន​ដំឡើង​ប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួន ប្រមាណ​៥,២៨%​។ នៅក្នុងរយៈពេល​៣០ឆ្នាំ នេះជាលើកទី១ ដែល​ក្រុមហ៊ុន​ជប៉ុនសុខចិត្ត​ដំឡើងប្រាក់ខែ​បុគ្គលិក ក្នុង​បរិមាណ​មួយ​ដ៏ខ្ពស់​ បំបែក​ឯតទគ្គកម្ម។

ជាមហាអំណាចសេដ្ឋកិច្ច​ពិភពលោកទី៤ ​ក៏ពិតមែន ប៉ុន្តែ នៅជប៉ុន ប្រាក់ខែ​របស់​អ្នកធ្វើការ​មិនសូវជា​ខ្ពស់ ដូចមហាអំណាច​ឧស្សាហកម្មផ្សេងទៀត
ជាមហាអំណាចសេដ្ឋកិច្ច​ពិភពលោកទី៤ ​ក៏ពិតមែន ប៉ុន្តែ នៅជប៉ុន ប្រាក់ខែ​របស់​អ្នកធ្វើការ​មិនសូវជា​ខ្ពស់ ដូចមហាអំណាច​ឧស្សាហកម្មផ្សេងទៀត AP - Jae C. Hong
ផ្សាយពាណិជ្ជកម្ម

ជាមហាអំណាចសេដ្ឋកិច្ច​ពិភពលោកទី៤ ​ក៏ពិតមែន ប៉ុន្តែ នៅជប៉ុន ប្រាក់ខែ​របស់​អ្នកធ្វើការ​មិនសូវជា​ខ្ពស់​ប៉ុន្មាននោះទេ។ ជាមធ្យម អ្នកធ្វើការ​ទទួលបាន​បា្រក់ខែ​រង្វង់ ២ពាន់​អឺរ៉ូ ក្នុងមួយខែ។ ៤០%​នៃ​បុគ្គលិក​ដែល​មាន​ការងារ​តែមួយ ឬ​ការងារ​មិនសូវជាប់លាប់​បាន​ប្រាក់​កម្រៃ​ប្រចាំខែ​មិនដល់​១៥០០អឺរ៉ូ។ គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៩៩ មកដល់​ឆ្នាំ​២០២៣ ប្រាក់ខែនៅ ជប៉ុន​កើនឡើង​ដោយ​តិចតួចបំផុត ដោយសារ​​ជប៉ុន​គ្មាន​សន្ទុះកំណើនសេដ្ឋកិច្ចធំដុំ។ នៅប៉ុន្មានទសវត្សរ៍មកនេះ សហជីព​ជប៉ុន​ផ្តោតសំខាន់​​លើ​ការការពារ​សន្តិសុខ​ការងារ ជាជាងតវ៉ាទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យបុគ្គលិកជប៉ុន។

នៅ​ឆ្នាំ ២០២២ នៅពេល​វិបត្តិអតិផរណា​ចាប់អង្រួនជប៉ុន ក៏ដូចជា​ពិភពលោក​ទាំងមូល ដោយសារតែ បញ្ហា​វត្ថុធាតុដើម និង​ថាមពលប្រេងឡើងថ្លៃដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពាន អ៊ុយក្រែន និងវិបត្តិជំងឺកូវីដ សហជីពជប៉ុនចាប់ភ្លឺភ្នែក គ្មាន​ជម្រើសអ្វីក្រៅតែ​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ ដើម្បី​ឲ្យអ្នកធ្វើការ​ជប៉ុនអាច​ចិញ្ចឹមជីវិត​ដោយសមរម្យ និងលែងត្រូវ​រឹតត្បិតគ្រប់ច្រកល្ហកដូចមុន។

នៅ​ឆ្នាំមុន ដោយមានការជួយជំរុញ គាំទ្រ​ពីរដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី​គីស៊ីដា សហជីពជប៉ុន​ទាមទារ​បានសម្រេច​ឲ្យក្រុមហ៊ុនជប៉ុន​ដំឡើង​ប្រាក់ខែជាមធ្យម ​ប្រមាណ ៣,៥៨%។ គិត​ចាប់តាំង​ពី​ឆ្នាំ ១៩៩០ នេះជាលើកទី១ ដែល​ក្រុមហ៊ុន​ជប៉ុនសុខចិត្ត​ដំឡើងប្រាក់ខែឲ្យ​បុគ្គលិក ក្នុង​បរិមាណ​មួយ​ដ៏ខ្ពស់​ បំបែក​ឯតទគ្គកម្ម។ នៅ​ថ្ងៃសុក្រ ទី ១៥មីនា សហជីព​ជប៉ុន​បាន​ទទួល​ជ័យជំនះ​ជាប្រវត្តិសាស្រ្ត​មួយទៀត បន្ទាប់ពី​ចរចា​ទាមទារ​ការដំឡើង​ប្រាក់ខែ ដល់​ទៅ ជាង​៥% ដែល​ជា​អត្រាដ៏ខ្ពស់​មិនធ្លាប់មាន។

ប៉ុន្តែ មិនមែនគ្រប់អ្នកធ្វើការ​នៅជប៉ុនដែលទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ខែ ដែលជា​លទ្ធផលនៃការចរចា​របស់​សហជីព។ ប្រជាជន​ជប៉ុន​ប្រមាណ​៨០%​ដែល​គេ​បាន​ស្ទង់មតិ​ មិនបាន​សំដែងក្តីត្រេកអរ​ដូច​រដ្ឋាភិបាល​ នៅត្រង់​ថា បុគ្គលិក​៧០% ធ្វើការ​នៅតាម​ក្រុមហ៊ុនធុនតូច និងមធ្យម ដែលមិនសូវ​មាន​មធ្យោបាយ​ដើម្បីដំឡើងប្រាក់ខែ​បុគ្គលិក​ឲ្យបាន​៥%​ដូច​សហគ្រាស ក្រុមហ៊ុនធំៗ។

នៅ​ឆ្នាំមុន ក្រុមហ៊ុនធុនតូច និងមធ្យម​ធ្លាប់​បង្ហាញ​សមានចិត្តល្អ យល់​ព្រម​ដំឡើង​ប្រាក់ខែតាម​ការទាមទារ​របស់​សហជីព នោះបើទោះបីជាត្រូវ​ប្រឈម​នឹង​បញ្ហាដែលត្រូវ​ដំឡើង​តម្លៃទំនិញផលិត​របស់ខ្លួនក្តី។ កាលណោះ ក្រុមហ៊ុន​ធុនតូចនិងមធ្យម​របស់​ជប៉ុន​គ្មាន​ជម្រើសច្រើន ព្រោះតែ​​ខ្វះកម្លាំងពលកម្ម​។ ខ្វះកម្លាំងពលកម្ម ដោយសារតែ ចំនួនមនុស្ស​ចាស់ច្រើន និង​ការធ្លាក់ថយចុះ​ចំនួនប្រជាជន​ជប៉ុន។

លើកនេះក្រុមហ៊ុន​តូច និងមធ្យម​របស់ជប៉ុនមិនប្រាកដថា នឹង​អាច​សំដែង​សាមគ្គីភាព ឬ​ចិត្ត​ល្អជាមួយ​បុគ្គលិក​របស់ខ្លួនដូចមុនទៀត។ គេអាច​ដំឡើងប្រាក់ខែ ​ទៅតាម​សមត្ថភាព មធ្យោបាយ​របស់ខ្លួន។ រដ្ឋាភិបាល​ជប៉ុនវិញ សង្ឃឹមថា ការដំឡើងប្រាក់ខែ​របស់​បុគ្គលិកជប៉ុននឹងជំរុញ​ការទិញប្រើប្រាស់ក្នុងស្រុក ដែលជា​កម្លាំងចលកររុញច្រាន​កំណើនសេដ្ឋកិច្ច។

ការរំពឹងទុករបស់រដ្ឋាភិបាល​ជារឿងមួយ ប៉ុន្តែ នៅជប៉ុន អ្នកធ្វើការទទួលបាន​ប្រាក់ខែ​ជាមធ្យម ៤ម៉ឺនអឺរ៉ូ ក្នុងមួយឆ្នាំ(តួលេខ​នៅ​ឆ្នាំ ២០២១)។ យុវជនជប៉ុន​មួយចំនួន​បាន​ចាកចេញទៅរកការងារ​នៅបរទេស​ជាទីដែលពួកគេ​អាច​ទទួលបាន​ប្រាក់ខែ​គួរឲ្យទាក់ទាញ ជាងនៅ​ជប៉ុន។ ជាក់ស្តែង ការងារជា​​វិស្វករព័ត៌មានវិទ្យា​នៅ​វៀតណាម ធ្វើឲ្យ​គេ​បានទទួលប្រាក់​ខែ​ច្រើនជាង​នៅជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ