អានតួអត្ថបទ
នយោបាយ​វៀតណាម

ប្រធានាធិបតីវៀតណាមប្រកាសលាចុះពីតំណែង ទំនងជាប់សង្ស័យពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ

ប្រធានាធិបតី​វៀតណាម សុំ​លាចុះ​ពីតំណែង ​នៅ​ថ្ងៃពុធ​ ទី២០មីនា។ ​លោក ​វ៉ វ៉ាន់ ធឿង​ បាន​សារភាព​ទទួល​ស្គាល់​ពី​ការ​រំលោភអំណាច និងភាព​អសកម្មនៅក្នុងការ​ដឹកនាំ​ស្រុក​ទេស​។ នេះបើតាម​ទីភ្នាក់ងារ​កាសែត​​រដ្ឋ​វៀតណាម ដោយ​បាន​បញ្ជាក់ទៀត​ថា លោកប្រធានាធិបតី​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​និង​ត្រូវ​បង្ហាញ​ភាព​ជាគំរូ​។​ ​គណៈ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​ទទួល​យល់​ព្រម​ចំពោះ​ពាក្យ​ស្នើសុំ​​ឈប់​ពី​តំណែង​នេះហើយ។ ​ទន្ទឹម​នេះ រដ្ឋសភា​ជាតិ​ ក៏​បើកកិច្ចប្រជុំ​វិសាមញ្ញ នៅ​ព្រហស្បតិ៍​ ដើម្បី​បញ្ជាក់​ទទួល​ស្គាល់​ជាផ្លូវការ​​។​

លោក  វ៉ វ៉ាន់ ធឿង  (Võ Văn Thưởng) ប្រកាសលាលែងចេញពីតួនាទីដោយគ្មានបញ្ជាក់មូលហេតុ​។
លោក វ៉ វ៉ាន់ ធឿង (Võ Văn Thưởng) ប្រកាសលាលែងចេញពីតួនាទីដោយគ្មានបញ្ជាក់មូលហេតុ​។ AP - Hau Dinh
ផ្សាយពាណិជ្ជកម្ម

ចូល​កាន់តំណែង​​ប្រធានាធិបតី​វៀតណាម​ ទើបតែ​បាន​ ១ ឆ្នាំ,​ លោក  ​វ៉ វ៉ាន់ ធឿង​  (Võ Văn Thưởng) ប្រកាស​លាលែង​ចេញពីតួនាទី​ដោយ​គ្មានបញ្ជាក់​​លម្អិតមូលហេតុ​​សោះ​​។ ទាំងរូប​លោក ​វ៉ វ៉ាន់ ធឿង ផ្ទាល់ ​ទាំង​​​រដ្ឋាភិបាល​ ឬ​គណៈ​បក្សកុម្មុយនិស្ត​​ ក៏​មិន​បាន​ប្រកាសពី​មូលហេតុនៃការ​ចាកចេញនេះ ​ជាសាធារណៈ​សោះ​ឡើយ​។ ក៏ប៉ុន្តែ អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​​សង្ស័យ​ខ្លាំងនោះ ​គឺ​មូលហេតុ១ក្នុង​ហេតុ​ផល​ជាច្រើន ​អាច​មកពី​សំណុំ​រឿង​ពុក​រលួយ​​​បន្លំ​គេច​ពន្ធ​។ ដ្បិតថា កាលពី​ដើម​ខែ​មីនា ក្រសួង​សន្តិសុខសាធារណៈ​វៀតណាម​ បា​នប្រកាស​អំពីការបើកការ​ស៊ើប​អង្កេតផ្លូវ​ច្បាប់​​ពាក់ព័ន្ធ​អំពើ​ពុករលួយគេចពន្ធ​របស់ក្រុមហ៊ុន​អភិវឌ្ឍ​ហេដ្ឋា​​រចនាសម្ព័ន្ធ​ ​១ ឈ្មោះ Phuc Son ដែល​ធ្វើ​សកម្មភាព​ជំនួញ ក្នុង​ខេត្ត​ ​​៣។​ ក្នុង​នោះ​ ក៏​មាន​ខេត្តចាងណៃ​ ​ប៉ែក​កណ្តាល​វៀតណាម ដែលមាន​លោក ​វ៉ វ៉ាន់ ធឿង ជា​ប្រធាន​គណបក្ស​ប្រចាំ​​ខេត្ត​​​។ ក្រសួង​សន្តិ​សុខ​សាធារណៈ​​វៀតណាម​ បញ្ជាក់ថា ក្រុមហ៊ុន​​​នោះ​ ជាប់បទចោទប្រកាន់ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​ដើម្បី​គេច​វេស​មិន​បង់​ពន្ធ​ ហើយ​និង ក្រុម​អ្នកស៊ើប​អង្កេត ក៏​​បាន​ចាប់ឃាត់​ខ្លួន​​មន្ត្រី​ជាន់​ខ្ពស់​ខេត្តចាងណៃ​ ដល់ទៅ​ ៩នាក់ ទៀត​ផង​។​

​​​ទីភ្នាក់ងារ​កាសែត​រដ្ឋ​វៀតណាម VNA បានបង្ហើប​​ថ្ងៃ​ពុធ ថា លោក​វ៉ វ៉ាន់ ធឿង បាន​​ប្រព្រឹត្ត​ល្មើសច្បាប់  ក៏ប៉ុន្តែ មិន​បាន​បញ្ជាក់ថា ខុស​ច្បាប់​អ្វី​ ខុសរឿង​អ្វីឡើយ។​ កាសែត​រដ្ឋ​វៀតណាម គ្រាន់តែ​ឲ្យដឹង​ថា  ប្រធានាធិបតី ​វ៉ វ៉ាន់ ធឿង លាឈប់​ពីតំណែងនៅពេលនេះ​​ ក៏ព្រោះតែ​ លោក​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះបក្ស ចំពោះ​ជាតិ​ និង​ប្រជាជន​ ​ ដែល​​បានផ្តល់​សេចក្តី​ទុក​ចិត្ត​​ប្រគល់​តំណែង​ឲ្យ​លោក​កាន់​។ កាសែត VNA បន្តទៀតថា ការ​រំលោភ​អំណាចនិង​ភាព​អសកម្ម​របស់​សមមិត្ត​ ​វ៉ វ៉ាន់ ធឿង​ ជា​ទង្វើ​​ពុំ​គប្បី​ចំពោះ​សាធារណៈមតិ​​ ហើយ​វា​ជះឥទ្ធិពល​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​របស់​គណបក្ស​ របស់​ជាតិ​ និង របស់​ខ្លួន​គាត់ផ្ទាល់​។​

នៅវៀតណាម អំពើ​​ពុករលួយជាសំណុំ​រឿងក្តៅខ្លាំង ព្រោះជា​យុទ្ធនាការដឹកនាំ​ដោយ​អគ្គលេខាធិការ​បក្ស​ដោយ​ផ្ទាល់។​ ក្នុង​ខែ​មីនា​នេះ តុលាការ​វៀតណាម ទាំង​ក្រុង​ហូជីមិញ និង​ក្រុង​ហាណូយ បើក​សវនការ​កាត់​ទោស​សំណុំ​រឿង​ពុករលួយ​ធំៗ​ ចំនួន២ ដែល​​ល្បី​កក្រើក​ពិភពលោក។ នៅវៀតណាម​​ ៣ឆ្នាំចុងក្រោយ​នេះ មនុស្ស​ជាង ៤ ៤០០ នាក់​ត្រូវ​​ជាប់​បទ​ចោទពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ។​

​ការ​លាចុះពី​តំណែង​ប្រធានាធិបតី​​ពីសំណាក់​​លោក វ៉ វ៉ាន់ ធឿង​ ដែល​ទើបតែ​អាយុ​៥៣ឆ្នាំ គឺគួរ​ភ្ញាក់​ផ្អើល។ ភ្ញាក់ផ្អើល​ ដ្បិត​ថា ​នេះជាគម្រប់​លើកទី​៣ហើយ ដែល​ប្រធានាធិបតី៣រូប​ ជាប់ៗ ​ប្រកាស​ចុះ​ពី​តំណែង។ ក្នុង​ដំណាក់​កាល​រង់ចាំ​តែងតាំង​ប្រធានាធិបតីថ្មី លោក វ៉ូ ធី អាញ អនុប្រធានាធិបតីបច្ចុប្បន្ន នឹង​កាន់​តួនាទី​ប្រមុខ​រដ្ឋ​បណ្តោះ​អាសន្ន៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ