អានតួអត្ថបទ
ជប៉ុន-សព្វាវុធ

បន្ធូរច្បាប់ដើម្បីនាំចេញយន្តហោះចម្បាំង តើ​ជប៉ុន​កំពុង​ដោះដៃ​ចេញ​ពី​គោលការណ៍​សន្តិនិយម?

រដ្ឋាភិបាល​ជប៉ុន នៅថ្ងៃអង្គារ​នេះ បានបើកភ្លើងខៀវ​ឲ្យលក់នាំចេញ​យន្តហោះចម្បាំង​ដែល​ជប៉ុន កំពុង​ចាប់ដៃ​សហការ​ផលិត​ជាមួយ​អង់គ្លេស និង​អ៊ីតាលី។ នៅក្នុង​រយៈពេល​តែ​៤ខែ រដ្ឋាភិបាល​ជប៉ុន​បាន​បន្ធូរបន្ថយ​ជាបន្តបន្ទាប់ ច្បាប់​ដែល​ធ្លាប់តែរឹត​បន្តឹង ហាម​ការលក់​នាំចេញ​សព្វាវុធ។ រដ្ឋាភិបាល​ជប៉ុន​អនុញ្ញាតឲ្យ​នាំចេញ​សព្វាវុធ និង​ធ្លាប់​ប្រកាស​បង្កើន​ទ្វេដង​ថវិកាកងទ័ព ពីពេលនេះ ដល់​ឆ្នាំ ២០២៧។ ការណ៍នេះ​ធ្វើ​ឲ្យមាន​ការចោទ​ជា​សំណួរ​ថា តើ​ជប៉ុន​កំពុង​ងាកដើរចេញពី​គោលការណ៍សន្តិនិយម​របស់ខ្លួន​ឬ​យ៉ាងណា?

នៅ​ចុង​ឆ្នាំ​២០២២ ជប៉ុន អង់គ្លេស និងអ៊ីតាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពីការរួមគ្នា​ផលិត​យន្តហោះចម្បាំង​ជំនាន់ចុងក្រោយបំផុត ឈ្មោះ Tempest ដែល​ប្រើ​កម្មវិធី​បញ្ញាសិប្បនិម្មិត និង​Sensors ទំនើប​សម្រាប់​ជួយ​អ្នកបើក​យន្តហោះ។
នៅ​ចុង​ឆ្នាំ​២០២២ ជប៉ុន អង់គ្លេស និងអ៊ីតាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពីការរួមគ្នា​ផលិត​យន្តហោះចម្បាំង​ជំនាន់ចុងក្រោយបំផុត ឈ្មោះ Tempest ដែល​ប្រើ​កម្មវិធី​បញ្ញាសិប្បនិម្មិត និង​Sensors ទំនើប​សម្រាប់​ជួយ​អ្នកបើក​យន្តហោះ។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​បន្ធូរបន្ថយ​ច្បាប់​នាំចេញ​គ្រឿងបរិក្ខាយោធា ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការលក់​នាំចេញ​យន្តហោះ​ចម្បាំង​ទំនើប​ថ្មី ដែល​ជប៉ុន​កំពុង​ចាប់ដៃ​សហការ​ផលិត​ជាមួយ​អ៊ីតាលី និងអង់គ្លេស។ នៅ​ចុង​ឆ្នាំ​២០២២ ជប៉ុន អង់គ្លេស និងអ៊ីតាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពីការរួមគ្នា​ផលិត​យន្តហោះចម្បាំង​ជំនាន់ចុងក្រោយបំផុត ឈ្មោះ Tempest ដែល​ប្រើ​កម្មវិធី​បញ្ញាសិប្បនិម្មិត និង​Sensors ទំនើប​សម្រាប់​ជួយ​អ្នកបើក​យន្តហោះ។

ប៉ុន្តែ នៅមុន​បន្ធូរបន្ថយច្បាប់ស្តីពី​ការនាំចេញ​បរិក្ខាយោធា ជប៉ុន​ធ្លាប់​វាយតម្លៃថា ការផលិត​យន្តហោះ​សម្រាប់តែ​ការប្រើប្រាស់​ក្នុងស្រុក​ជប៉ុន ឬ​លក់​ទៅ​ឲ្យ ​តែ​អង់គ្លេស ឬ​អ៊ីតាលី នឹង​មិនធ្វើឲ្យគេ​ចំណេញនោះទេ។ រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា ការបន្ធូរបន្ថយច្បាប់​ស្តីពីការលក់សព្វាវុធ ដើម្បី​អនុញ្ញាត​ឲ្យ​លក់​នាំចេញ​យន្តហោះចម្បាំង​ទៅ​ប្រទេស​ដទៃ ក្រៅពី​អង់គ្លេស និង​អ៊ីតាលី ដែល​ជា​ដៃគូ​របស់ជប៉ុន នឹង​ធ្វើ​ឲ្យ​ជប៉ុន​ទទួល​បាន​ចំណូល​ដើម្បី​យកទៅ​ទូទាត់ជាមួយ​ការចំណាយដ៏សន្ធឹកសន្ធាប់​ដើម្បី​ផលិត​យន្តហោះ​ដ៏ទំនើប​Tempest។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ហ្វូមីអូ គីស៊ីដា ការអនុញ្ញាត​លក់​យន្តហោះទៅ​ឲ្យ​ប្រទេស​ទី៣ សំខាន់ ដើម្បី​ឲ្យ​ជប៉ុន​ទទួលបាន​ការជឿទុកចិត្ត ពីសំណាក់ប្រទេស​ដៃគូ នៅ​ក្នុង​គម្រោង​ការអភិវឌ្ឍ​សព្វាវុធ ទៅ​ថ្ងៃអនាគត។ ការបន្ធូរបន្ថយច្បាប់​ដើម្បីជំរុញ​ការលក់នាំចេញ​សព្វាវុធ ផលិតនៅជប៉ុន ធ្វើឡើង​នៅតែប៉ុន្មានសប្តាហ៍មុន​ដែល​លោកនាយករដ្ឋមន្រ្តីជប៉ុន​ត្រូវ​ធ្វើទស្សនកិច្ច​នៅទីក្រុង​វ៉ាស៊ីនតោន ជាទី​ដែលប្រមុខរដ្ឋាភិបាល​ជប៉ុន​ចង់ទៅបញ្ជាក់ប្រាប់​សម្ព័ន្ធមិត្តអាមេរិក​ថា ជប៉ុន​ត្រៀមខ្លួន ធ្វើជា​ដៃគូ​របស់អាមេរិក​នៅក្នុងគម្រោងការអភិវឌ្ឍយោធា។

យោងតាម​រដ្ឋាភិបាល​ជប៉ុន មានតែ​ប្រទេស​ចំនួន ១៥ ដែល​បាន​ចុះកិច្ចព្រមព្រៀងយោធា​ជាមួយ​ជប៉ុនតែប៉ុណ្ណោះ ដែល​មានសិទ្ធិ​ទិញ​យន្តហោះ​ទំនើបថ្មី​ផលិត​នៅជប៉ុន។ នៅក្នុង​ចំណោម​ប្រទេស​ទាំង​១៥ មាន​អាមេរិក បារាំង ឥណ្ឌា ហ្វីលីពីន អូស្ត្រាលី ឬ​អេមីរ៉ាតអារ៉ាប់រួមជាដើម។ ម្យ៉ាង បើតាម​រដ្ឋាភិបាលជប៉ុន ជប៉ុន​នឹង​មិន​លក់​យន្តហោះចម្បាំង​ទៅប្រទេស​ណា​ដែល​កំពុងជាប់ដៃ​ប្រលូកផ្ទាល់​នៅក្នុងសង្រ្គាមដាច់ខាត។ ការប្រើប្រាស់​យន្តហោះចម្បាំង​របស់ជប៉ុន​ទៀតសោត គឺ​ត្រូវគោរព ស្របទៅតាម​ច្បាប់​អង្គការសហប្រជាជាតិ។

នៅក្នុងសន្និសីទ​កាសែត នៅថ្ងៃ​អង្គារ អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាន​សង្កត់ធ្ងន់ថា ការសម្រេច​បន្ធូរបន្ថយ​ច្បាប់​លើកនេះ​ផ្តោត​តែទៅលើ​ការលក់​នាំចេញ​យន្តហោះចម្បាំង​ដែលជប៉ុន​រួមគ្នា​អភិវឌ្ឍ និងផលិត​ជាមួយ​អង់គ្លេស និងអ៊ីតាលី​តែប៉ុណ្ណោះ។ វិធានការថ្មី​របស់​រដ្ឋាភិបាល​អាចកំណត់ត្រឹម​ការលក់​យន្តហោះចម្បាំង​មែន ប៉ុន្តែ នេះ​ជាលើកទី២ ក្នុងរយៈពេល​៤ខែ ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​កែប្រែ​ច្បាប់របស់ខ្លួន។ នៅ​ខែ​ធ្នូ​ចុងឆ្នាំមុន ជប៉ុន​ទើប​បាន​បន្ធូរបន្ថយ​ច្បាប់​ស្តីពីការនាំចេញ​គ្រឿងបរិក្ខា​យោធា​ម្តងហើយ ដើម្បី​បាន​សិទ្ធិ​លក់​ប្រព័ន្ធខែល​មីស៊ីល Patriot ដែលជប៉ុន​បាន​ទទួល​អាជ្ញាប័ណ្ណពីអាមេរិកដើម្បីផលិត នៅក្នុង​ទឹកដី​របស់ខ្លួន។ ជប៉ុន​ត្រូវការ​លក់​ប្រព័ន្ធ​ខែល​មីស៊ីល​Patriot ដែលអាមេរិក​ត្រូវការ​សម្រាប់​បញ្ជូន​ទៅអ៊ុយក្រែន។

រដ្ឋាភិបាល​ជប៉ុន នៅតែ​អះអាង​ថា ខ្លួន​នៅតែ​គោរព​គោលការណ៍​សន្តិនិយម ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ជប៉ុន តាមរយៈ​ត្រួតពិនិត្យ​យ៉ាងល្អិតល្អន់​ប្រទេស​ដែលទទួលទិញអាវុធ​ពីជប៉ុន។ នៅក្រោយ​ចាញ់សង្រ្គាម​លោកលើកទី២ ជប៉ុន ត្រូវ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​អាមេរិក​ជា​អ្នកតាក់តែង​ហាមមិន​ឲ្យជប៉ុន​ត្រលប់​ទៅធ្វើសង្រ្គាម ឬ​លូកដៃ ចូលក្នុងជម្លោះអន្តរជាតិ។ ទៅតាម​ការចងក្រង​របស់​អាមេរិក រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​ជប៉ុននៅ​បាន​ហាម​ជប៉ុន​មិន​ឲ្យលក់នាំចេញអាវុធ​ទៅបរទេស ចំណែកកងទ័ពជប៉ុន​មាន​សិទ្ធិត្រឹមតែ​ស្វ័យការពារតែប៉ុណ្ណោះ។

ប៉ុន្តែ នៅចំពោះមុខការគំរាមកំហែង​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការប្រឈមមុខ​ជាមួយចិន និង​ការគំរាមកំហែង​របស់​រុស្ស៊ី រដ្ឋាភិបាល​ជប៉ុន​តាំង​ពីសម័យដឹកនាំ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ នៅ​ឆ្នាំ ២០១៤ បាន​លុបចោល​ជាលើកទី១ បំរាម​ការលក់អាវុធ​ទៅ​បរទេស។ នៅចុងឆ្នាំ ២០២២ ជប៉ុន​បានបង្កើត​ទ្រឹស្តីថ្មី​ស្តីពី​សន្តិសុខ​ជាតិ ដែលនៅក្នុងនោះ ជប៉ុនត្រូវ​បង្កើន​ថវិកា​កងទ័ព​ឲ្យបាន​ទ្វេដង ដើម្បីពង្រឹង​សមត្ថភាពកងទ័ពជប៉ុន និងដើម្បី សម្របខ្លួន​ទៅតាម​ស្ថានការណ៍ប្រែប្រួល​នៅក្នុងតំបន់ និងពិភពលោកទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ