អានតួអត្ថបទ
ឥណ្ឌូណេស៊ី-បច្ចេកវិទ្យា

Microsoft វិនិយោគ​នៅឥណ្ឌូណេស៊ី ១៧០០លានដុល្លារក្នុងវិស័យបញ្ញាសិប្បនិម្មិត AI

ក្រុម​ហ៊ុន​Microsoft នឹងវិនិយោគទឹកប្រាក់ចំនួន​ ១៧០០លានដុល្លារ នៅឥណ្ឌូណេស៊ី ក្នុងវិស័យ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង​។ នេះបើផ្អែកតាមការប្រកាស របស់​លោក Satya Nadella អគ្គនាយក​Microsoft ដែលបានទៅជួប​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃ​អង្គារទី​៣០មេសានេះ។ សូមបញ្ជាក់ថា ជាមួយ​នឹងប្រជាជន​ប្រមាណ​​២៨០លាននាក់ ឥណ្ឌូណេស៊ីគឺជាទីផ្សារ​ដ៏មានសក្តានុពល​បំផុត​នៅតំបន់អាស៊ីអាគ្នេយ៍​ ក្នុងវិស័យសេដ្ឋកិច្ច​បច្ចេកវិទ្យាទំនើប​។

លោក​ប្រធានធិបតី​ឥណ្ឌូណេស៊ី Joko Widodo ទទួលជួប​លោក​អគ្គនាយក​ក្រុមហ៊ុន Microsoft  Satya Nadella នៅវិមាន​ Merdeka រដ្ឋធានី​ចាការតា ថ្ងៃទី៣០មេសា២០២៤​
លោក​ប្រធានធិបតី​ឥណ្ឌូណេស៊ី Joko Widodo ទទួលជួប​លោក​អគ្គនាយក​ក្រុមហ៊ុន Microsoft Satya Nadella នៅវិមាន​ Merdeka រដ្ឋធានី​ចាការតា ថ្ងៃទី៣០មេសា២០២៤​ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

នៅវិមានប្រធានាធិបតី​ទីក្រុងចាការតា លោក​ Satya Nadella អគ្គនាយក​Microsoft បានចូលទៅជួប​សំណេះ​សំណាល ជាមួយ​លោក​ ចូកូ វីដូដូ នៅថ្ងៃអង្គារទី​៣០មេសា។ ចប់ជំនួប​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ថ្លែងសុន្ទរកថាស្តីអំពីសក្តានុពល​នៃវិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយ​ដែល​ឥណ្ឌូណេស៊ី កំពុងតែទទួល​បាន​នូវចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បណ្តាក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ។ លោក​ចូកូ វីដូដូ បានប្រកាសថា ក្រុមហ៊ុន​Microsoft បានសម្រេច​ថានឹង​មកវិនិយោគនៅឥណ្ឌូណេស៊ី ក្នុងវិស័យ​បញ្ញាសិប្បនិម្មិតជាមួយ​នឹងទឹក​ប្រាក់ចំនួន ១៧០០លានដុល្លារ​។

លោក Satya Nadella អគ្គនាយក​Microsoft ​បានបញ្ជាក់បន្ថែមថា ការវិនិយោគនេះ គឺផ្តោតទៅលើ​ការសាងសង់​ទីតាំង​មជ្ឈមណ្ឌល​ទិន្នន័យ ជាច្រើនកន្លែង ដើម្បី​អនុញ្ញាតឲ្យ​ឥណ្ឌូណេស៊ី អាចទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​ដ៏ទំនើបចុងក្រោយ​បង្អស់​។ ហើយ​បន្ថែមពីនេះ ក្រុមហ៊ុន Microsoft នឹងធ្វើការបណ្តុះបណ្តាលជំនាញ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដល់​មនុស្សចំនួន​ប្រមាណ​២លាន​៥សែននាក់ទូទាំងអាស៊ីអាគ្នេយ៍ ដែល​ក្នុងនោះគ្រាន់តែ​នៅឥណ្ឌូណេស៊ី គឺមាន​ប្រមាណ​៨៤ម៉ឺននាក់ ពីពេលនេះដល់ឆ្នាំ​២០២៥​។

ក្រុមហ៊ុន​ Microsoft បានចេញ​លិខិតប្រកាសមួយ ដោយ​បាន​បញ្ជាក់ថា នេះ​គឺជាការបោះទុនវិនិយោគ​ធំបំផុតមិន​ធ្លាប់​មាន ដែល​​Microsoftបានធ្វើនៅឥណ្ឌូណេស៊ី។ ជាការវិនិយោគដែល Microsoft នឹងឆ្លើយតបទៅនឹង​ការរីកចម្រើន​ខ្លាំងបំផុត នៃ​វិស័យសេវាកម្ម​Cloud នៅឥណ្ឌូណេស៊ី។ លិខិតនេះបាន​លើកឡើងថា យោងតាមការសិក្សាវិភាគទីផ្សា​រ ធ្វើឡើងដោយការិយាល័យ​ប្រឹក្សាអន្តរជាតិ Kearney គឺវិស័យបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ នឹងចូលរួមបង្កើនចំណូលដុល PIB នៅទូទាំង​​អាស៊ីអាគ្នេយ៍​ សរុប​ចំនួន​១០០០ពាន់លានដុល្លារ ពីនេះដល់ឆ្នាំ​២០៣០។ ហើយ​គ្រាន់តែទីផ្សារឥណ្ឌូណេស៊ី គឺអាចបានទទួល​ដល់ទៅ​១ភាគ​៣នៃចំណែក​នេះ​។ ចេញពីឥណ្ឌូណេស៊ី លោក Satya Nadella អគ្គនាយក​Microsoft ​នឹងបន្តដំណើរទៅថៃ និង​ម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​។

គួរកត់សំគាល់ថា​ ក្រុមហ៊ុនMicrosoft កំពុងតែឡើងសន្ទុះនាំមុខខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសហការ​​ជាមួយOpen AI ក្នុងតម្លៃទឹកប្រាក់​​១៣០០០លានដុល្លារ​ កាលពីឆ្នាំ​២០២៣។ ការលក់​សេវាកម្ម​និងផលិត​ផលរបស់ Microsoft បានកើនឡើងចំនួន​១៧% រវាងពីខែ​មករាដល់ខែ​មីនា ជាមួយ​នឹងប្រាក់ចំណូលសរុប ៦១,៩ពាន់លានដុល្លារ​។

គួរបញ្ជាក់ដែរថា មិនមែនមាន​តែ Microsoft ទេ ដែលចាប់អារម្មណ៍ទីផ្សារឥណ្ឌូណេស៊ី។ កាលពីថ្ងៃទី​១៧មេសា លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple ក៏បានទៅជួបថ្នាក់ដឹកនាំឥណ្ឌូណេស៊ីដែរ ដើម្បីសិក្សាពីគម្រោងវិនិយោគ ស្របពេល​ដែល​ Apple កំពុងរកផ្លូវ​បណ្តាញផ្គត់ផ្គង់ផ្សេងក្រៅពីចិន​។ ផ្អែកតាម​លោក Tim Cook គឺApple ចាប់អារម្មណ៍​លើវិស័យ​ កម្មន្តសាលរបស់ឥណ្ឌូណេស៊ី ដើម្បី​ផលិត​និង​បង្គំផលិតផល​របស់Apple​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ