អានតួអត្ថបទ
កូរ៉េខាងត្បូង-AUKUS

កូរ៉េខាងត្បូងកំពុងចរចាយ៉ាងសកម្មដើម្បីចូលរួម​ក្នុងគម្រោងការយោធាអាមេរិក អង់គ្លេស​និងអូស្ត្រាលី AUKUS

កូរ៉េខាងត្បូងបោះដៃ ចង់ចូលក្នុងបក្សសម្ព័ន្ធAUKUS​ដើម្បី​អាច​ផលិត​មីស៊ីលអ៊ីពែសូនិក។ នៅក្រោយ​​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ​របស់អូស្ត្រាលី កូរ៉េខាងត្បូង កាលពីថ្ងៃ​ពុធទី​១​ឧសភា នៅទីក្រុង​មែលប៊ន រដ្ឋមន្រ្តីការពារជាតិ​កូរ៉េខាងត្បូង​ លោក​Shin Won-Sik និយាយប្រាប់អ្នកកាសែត​ថា ប្រទេស​របស់​លោក​កំពុងពិភាក្សា​យ៉ាងសកម្ម​ដើម្បី​ចូលរួម​នៅក្នុងគម្រោងបច្ចេកវិទ្យាយោធា របស់​បក្ស​សម្ព័ន្ធ​AUKUS ដែល​អាមេរិកអូស្ត្រាលី និងអង់គ្លេស​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០២១។

​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក​Richard Marles និង​សមភាគីកូរ៉េខាងត្បូង​
នៅក្នុងសន្និសីទកាសែត​នៅទីក្រុង​មែលប៊ន ថ្ងៃទី​១​ឧសភា​២០២៤
​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក​Richard Marles និង​សមភាគីកូរ៉េខាងត្បូង​ នៅក្នុងសន្និសីទកាសែត​នៅទីក្រុង​មែលប៊ន ថ្ងៃទី​១​ឧសភា​២០២៤ AP - Asanka Brendon Ratnayake
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធភាព​AUKUS ដែល​អូស្ត្រាលី អង់គ្លេស និងអាមេរិក​ រួមគ្នា​បង្កើតឡើង​នៅ​ឆ្នាំ ២០២១ អាច​នឹង​ឃើញ​ចំនួន​សមាជិកកើនឡើង​បន្ថែមទៀត។ បន្ទាប់ពី​យកពេលពិចារណា ដូច ជប៉ុន និង​នូវែលសេឡង់ កូរ៉េខាងត្បូងតាមរយៈ​រដ្ឋមន្រ្តីការពារជាតិ​បាននិយាយ​ថា ខ្លួនកំពុង​ពិភាក្សា​ដើម្បី​ចូលរួម​នៅក្នុងសម្ព័ន្ធភាព​AUKUS។

AUKUS បាន​លេចចេញរូបរាង​នៅ​ឆ្នាំ ២០២១ ឆ្នាំដែលអូស្ត្រាលី​លុបចោល​កិច្ចសន្យា​ឈប់​ទិញ​នាវាមុជទឹក​បារាំង និង​ងាក​ទៅ​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក អង់គ្លេស ដើម្បី​ផលិតរួមគ្នា​នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ គម្រោងការរបស់​សម្ព័ន្ធភាព​AUKUS មានបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទី១ គឺ​បញ្ជូន​នាវាមុជទឹក​របស់អាមេរិក​ និងអង់គ្លេស​ទៅប្រតិបត្តិការ​ទ័ពនៅមូលដ្ឋានជើងទឹកអូស្ត្រាលី។ នៅដំណាក់កាលទី២ អូស្ត្រាលី​ទិញ​នាវាមុជទឹកអាមេរិកប្រភេទ​Virginia ចំនួន​៣ គ្រឿង ដែលដើរដោយថាមពលនុយក្លេអ៊ែរ យ៉ាងយូរបំផុត​នៅ​ឆ្នាំ២០៣០។  ចំណែក​នៅដំណាក់កាលទី៣ ដែលជា​ដំណាក់កាលដ៏សំខាន់បំផុត ប្រទេស​ទាំងបីនៅក្នុងសម្ព័ន្ធAUKUS រួមគ្នា​ផលិត​នាវាមុជទឹកចម្បាំង ប្រភេទ​ថ្មី​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។

ឆ្លើយសំណួររបស់អ្នកកាសែត នៅក្រោយ​កិច្ចប្រជុំជាមួយ​សមភាគីអូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា នៅក្នុង​សម្ព័ន្ធAUKUS ​កូរ៉េខាងត្បូងនឹងមិនចូលរួម​នៅក្នុងគម្រោងការ​ផលិត​នាវាមុជទឹក ប៉ុន្តែ ចាប់អារម្មណ៍​គម្រោងការទី២​របស់​AUKUS ដែល​ផ្តោត​ទៅលើ​ការអភិវឌ្ឍ​សព្វាវុធធ្វើសង្រ្គាមទំនើបៗ ដូចជា កម្មវិធីបញ្ញាសិប្បនិម្មិត មីស៊ីល​អ៊ីពែសូនិក ដ្រូនក្រោមទឹក និង​បច្ចេកវិទ្យាឈានមុខ​ផ្សេងទៀត។

បើតាម​យោបល់​របស់​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក​Richard Marles កូរ៉េខាងត្បូង​ជាប្រទេស​ដែលមាន​បច្ចេកវិទ្យាយោធាទំនើបខ្លាំង។ មានព្រំដែនជាមួយកូរ៉េខាងជើងដែលទើ​បប្រកាសខ្លួនជាមហាអំណាចនុយក្លេអ៊ែរ កូរ៉េខាងត្បូង​សំបូរទៅដោយអាវុធទំនើបៗ ជាមួយ​បច្ចេកវិទ្យា​ឈានមុខបើធៀបនឹង​ប្រទេស​ក្នុងតំបន់។ ឆ្លើយតបទៅរដ្ឋមន្រ្តីអូស្ត្រាលី រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង​និយាយ​ថា កូរ៉េខាងត្បូងពេញចិត្ត​ដែល​សមាជិក​របស់សម្ព័ន្ធ​AUKUS  ដូចជា​អូស្ត្រាលី ពិចារណា​ចង់ឲ្យកូរ៉េខាងត្បូង​ក្លាយជាដៃគូ។ ម្យ៉ាង លោកសង្ឃឹមថា កងទ័ព វិទ្យាសាស្រ្ត និង​សមត្ថភាពបច្ចេកវិទ្យារបស់​កូរ៉េខាងត្បូង នឹងចូលរួមចំណែក​ក្នុងការធានា​សន្តិសុខ សន្តិភាព និងការអភិវឌ្ឍគម្រោងការទី២​របស់​សម្ព័ន្ធAUKUS។

សម្ព័ន្ធAUKUSបាន​ទាក់ទាញ​ឲ្យ​ចិន និង​អាមេរិក​ចោទប្រកាន់គ្នា​ទៅវិញទៅមក​ថា ជាដើមហេតុ​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាពសន្តិសុខ​នៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដោយ​ចេះតែឃើញចិន ពង្រីកដែនឥទ្ធិពល​នៅ​ប៉ាស៊ីហ្វិក អាមេរិក​ព្យាយាម​ចាប់ប្រមូលផ្តុំ​ប្រទេសសម្ព័ន្ធមិត្ត​របស់ខ្លួន​ឲ្យ​រួមកម្លាំង ក្នុងរូបភាពពង្រឹង​សហប្រតិបត្តិ​ការ ចងសម្ព័ន្ធភាពយោធា ដូចជា សម្ព័ន្ធ​AUKUS ជាដើម។ ចិនវិញបានចេញប្រឆាំងខ្លាំង និង​​ចោទប្រកាន់សម្ព័ន្ធAUKUS អូស្ត្រាលី អង់គ្លេស និង​អាមេរិកថា មានចេតនា​ញុះញង់​ឲ្យមានការបែកបាក់​នៅអាស៊ី និង​ជំរុញ​ឲ្យមានការរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរនៅអាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ