អានតួអត្ថបទ
សិង្ហបុរី-ហ្វេសប៊ុក

ក្រុមហ៊ុន​ហ្វេសប៊ុក​ដកចេញ​ទំព័រមួយ​ដែល​មាននិន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សិង្ហបុរី​

ក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃអង្គារទី១៨ កុម្ភៈ បានសម្រេចដកចេញនូវទំព័រនយោបាយមួយ នៅក្នុងប្រទេសសិង្ហបុរី ទៅតាមការទាមទាររបស់រដ្ឋាភិបាលនៃប្រទេសអាស៊ីមួយនេះ។ ហ្វេសប៊ុក បានពន្យល់ថា ចំណាត់ការរបស់ខ្លួនធ្វើឡើងដោយគោរពទៅតាម ច្បាប់ដ៏ចម្រូងចម្រាសរបស់សិង្ហបុរី ដែលប្រឆាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធ័រនែត។

ស្លាកសញ្ញាហ្វេសប៊ុក។
ស្លាកសញ្ញាហ្វេសប៊ុក។ REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

នៅសិង្ហបុរី ច្បាប់គ្រប់គ្រងព័ត៌មានតាមអ៊ីនធ័រនែត ត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ តាមរយៈច្បាប់នេះ រដ្ឋមន្ត្រីសិង្ហបុរី មានសិទ្ធិបញ្ជាឲ្យម្ចាស់ក្រុមហ៊ុនអ៊ីនធ័រនែតឬបណ្តាញសង្គម ធ្វើការព្រមានដល់ម្ចាស់គេហទំព័រ ឬម្ចាស់គណនីបណ្តាញសង្គមណាមួយបាន។ មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋាភិបាលសិង្ហបុរី ក៏អាចបញ្ជាឱ្យ ក្រុមហ៊ុនអ៊ីនធ័រនែត បិទទំព័រនានា នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

គេហទំព័រនយោបាយ States Times Review (STR) នៅគ្រាកន្លងមក ធ្លាប់បានចេញផ្សាយអត្ថបទរិះគន់រដ្ឋាភិបាលជាញឹកញយ និងត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀត ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត។

រដ្ឋាភិបាល នៅគ្រាកន្លងមក ធ្លាប់បានទាមទារជាផ្លូវការឲ្យ STR កែតម្រូវព័ត៌មានរបស់ខ្លួនដែរ ប៉ុន្តែ STR បានបដិសេធមិនធ្វើតាមការបង្គាប់បញ្ជារបស់រដ្ឋអំណាចសិង្ហបុរីឡើយ។ ដូច្នោះហើយទើបអាជ្ញាធរសិង្ហបុរី នៅសប្តាហ៍នេះ សម្រេចចេញបញ្ជាឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទទំព័រនេះចោលតែម្តង។

ពាក់ព័ន្ធរឿងនេះដែរ ខាងក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួនពិតជាបានដកចេញនូវទំព័រនយោបាយរបស់គេហទំព័រព័ត៌មាន (STR) ពិតមែន តាមបទបញ្ជារបស់អាជ្ញាធរសិង្ហបុរី។ ដោយគោរពទៅតាមបទបញ្ជានេះ ហ្វេសប៊ុកថាខ្លួនត្រូវបានបង្ខំ ដោយភាពស្របច្បាប់ នៅក្នុងដែនដីសិង្ហបុរីដែលជារដ្ឋមានបទបញ្ញត្តិតឹងរឹងខ្លាំង។

ក្រៅពីហ្វេសប៊ុក ក្រុមហ៊ុនជាច្រើនទៀតមានដូចជា Google Twitter  បូករួមទាំងក្រុមអ្នកការពារសិទ្ធិមនុស្ស បានសំដែងនូវក្តីបារម្ភ ថាច្បាប់នេះ អាចជាឧបករណ៍ប្រើប្រាស់ សម្រាប់រឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសសិង្ហបុរី។

ដោយឡែក រដ្ឋអំណាចសិង្ហបុរី បាននិយាយដោយទទូចថា ច្បាប់នេះ មិនមែនបង្កើតឡើង ដើម្បីត្រួតត្រាសេរីភាពបញ្ចេញមតិរបស់បុគ្គលណា ឬស្ថាប័នណាមួយនោះទេ តែសិង្ហបុរី ត្រូវការច្បាប់នេះជាចាំបាច់ ដើម្បីបញ្ឈប់ការរីករាលដាលនៃការនិយាយភូតកុហក តាមអ៊ីនធ័រនែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ