អានតួអត្ថបទ
កម្ពុជា-វៀតណាម

កម្ពុជាបន្តបញ្ជូនអដ្ឋិធាតុទាហានវៀតណាមទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ

មានអដ្ឋិធាតុទាហានវៀតណាមយ៉ាងហោចណាស់ ប្រមាណជាង៧០នាក់ត្រូវបានកម្ពុជាបញ្ជូនត្រលប់ទៅវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស ជិតខាងទាំងពិរ។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម មានអដ្ឋិធាតុទាហានវៀតណាមចំនួន៧៧នាក់ត្រូវបានរកឃើញបន្តទៀតនៅក្នុងដំណាក់កាលទី១ នៃរដូវប្រាំងឆ្នាំ២០២៣-២០២៤។

កម្ពុជាបន្តបញ្ជូនអដ្ឋិធាតុទាហានវៀតណាមទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ
កម្ពុជាបន្តបញ្ជូនអដ្ឋិធាតុទាហានវៀតណាមទៅឲ្យរដ្ឋាភិបាលវៀតណាមវិញ © VNA
ផ្សាយពាណិជ្ជកម្ម

យោងតាមការផ្សាយរបស់សារព័ត៌មាន Vietnam Plus ក្នុងថ្ងៃទី២៥ មករា អដ្ឋិធាតុទាហានវៀតណាមចំនួន៤៣នាក់ដែលស្លាប់អំឡុងសង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ជូនទៅប្រទេសវៀតណាម តាមខេត្ត Binh Phouc។ តាម Vietnam Plus អដ្ឋិធាតុទាហានវៀតណាមទាំង៤៣រូប ត្រូវបានរកឃើញនៅក្នុងខេត្តក្រចេះ និងកំពង់ធំតាំងពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣ ដោយក្រុមជំនាញ K72របស់វៀតណាម។

ទន្ទឹមនឹងរកឃើញអដ្ឋិធាតុទាហានវៀតណាមចំនួន៤៣នាក់នេះ កាសែតមួយ ទៀតឈ្មោះ Vietnam News បានឲ្យដឹងពីការបញ្ជូនអដិ្ឋធាតុទាហានវៀតណាមចំនួន៣៤នាក់ផ្សេងទៀតដែលបានស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជាដូចគ្នា។ តាម Vietnam News ក្រុមជំនាញ៥១៥របស់វៀតណាមបានទទួលអដ្ឋិធាតុទាហានស្ម័គ្រចិត្តរបស់ខ្លួនចំនួន៣៤នាក់តាមច្រកខេត្ត Long An របស់វៀតណាម។ អដ្ឋិធាតុទាហានវៀតណាមទាំង៣៤នាក់នេះ ត្រូវបានរកឃើញនៅក្នុងខេត្តប៉ៃលិន បាត់ដំបង និងស្វាយរៀងក្នុងដំណាក់កាលទី១ នៃរដូវប្រាំងឆ្នាំ២០២៣-២០២៤។

ជាសរុប មានអដ្ឋិធាតុទាហានវៀតណាមចំនួន៧៧នាក់ត្រូវបានបញ្ជូនទៅវៀតណាមនៅថ្ងៃទី២៥ មករាឆ្នាំ២០២៤។ 

គួរជម្រាបថា ប្រតិបត្តិការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាមត្រូវបានធ្វើឡើងជារៀងរាល់រដូវប្រាំង តាំងពីឆ្នាំ២០០០ ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម។ ភាគីវៀតណាមជឿថា មានទាហានរបស់ខ្លួនចំនួនប្រមាណជាង២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងសង្រ្គាមនៅកម្ពុជា ពិសេសក្នុងពេលកងទ័ពវៀតណាមចូលវាយបណ្ដេញ និងផ្ដួលរំលំរបបខ្មែរក្រហម ថ្ងៃទី៧មករា ឆ្នាំ១៩៧៩។ 

គិតត្រឹមឆ្នាំ២០២២ កន្លងទៅ មានអដ្ឋិធាតុទាហានវៀតណាមសរុបចំនួន ២៣ ០៧៤នាក់ត្រូវបានរកឃើញលើទឹកដីកម្ពុជា និងបញ្ជូនទៅឲ្យវៀតណាមវិញ។ នេះបើតាមការបញ្ជាក់របស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ