អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាអះអាងថា គ្មានការបំពុលខ្យល់ទេ ខណៈភាគីថៃចង់ពិភាក្សាបញ្ហានេះ

ក្រសួងបរិស្ថានបានចេញមកច្រានចោលការចោទប្រកាន់ថា នៅកម្ពុជាមានការបំពុលខ្យល់ខ្លាំងដែលបង្កជាផលប៉ះពាល់ដល់សុខមាលភាពពលរដ្ឋ និងការបំភាយទៅប្រទេសជិតខាង។ តាមក្រសួងបរិស្ថាន ការបំពុលខ្យល់នៅកម្ពុជា គឺមានកម្រិតតូចជាងកម្រិតស្តង់ដាដែលកំណត់ដោយអង្គការសុខភាពពិភពលោក។

អ្នករើសសម្រាម
អ្នករើសសម្រាម © ODC
ផ្សាយពាណិជ្ជកម្ម

 

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៣ កុម្ភៈ ក្រសួងបរិស្ថានបញ្ជាក់ថា កម្រិតខ្យល់ពុលនៅកម្ពុជា គឺមានត្រឹមចន្លោះពី២០ ទៅ៤០ µg/m3 ដែលជាកម្រិតទាបជាងកម្រិតស្តង់ដារ៥០ µg/m3កំណត់ជាផ្លូវការដោយអង្គការសុខភាពពិភពលោក(WHO) និងបានឱ្យដឹងទៀតថា កម្រិតនេះមិនគួរឱ្យមានការព្រួយបារម្ភឡើយ។

មិនគួរព្រួយបារម្ភត្រង់ថា ក្រសួងបរិស្ថាន បានចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងវិធានការប្រើប្រាស់ប្រេងឥន្ទនៈស្តង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាសច្រើន។ ចំណែកចំនួនភ្លើងឆេះព្រៃវិញ ក្រសួងបរិស្ថានអះអាងថា មានការថយចុះច្រើនដែរ បើធៀបនឹងឆ្នាំ២០១៩ និង២០២០ ខណៈកម្រិតការបំពុលខ្យល់ដោយភាគល្អិតនិចលPM.25ក៏មានការថយចុះស្ថិតក្រោមកម្រិតស្តង់ដាដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សម្រាប់ ក្រសួងបរិស្ថាន កិច្ចការពារគុណភាពខ្យល់នៅតែជាអទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវស្របតាមយុទ្ធសាស្ត្រចក្ខុវិស័យបរិស្ថាន២០២៣-២០២៨។

ការបំភ្លឺរបស់ក្រសួងបរិស្ថានកម្ពុជានេះ គឺធ្វើឡើងស្របពេលកាសែតថៃ The Nation នៅថ្ងៃទី០៤ កុម្ភៈបានចុះផ្សាយថា ភាគីថៃនិងបន្តពិភាក្សាជាមួយកម្ពុជាក្នុងការទប់ស្កាត់រាល់ការបំពុលខ្យល់ឆ្លងដែនដែលបង្កឡើងមកពីការដុតព្រៃ សំណល់កសិកម្ម ឬដុតសំរាមក្នុងទីវាលចំហ។

តាមកាសែតThe Nation រដ្ឋាភិបាលថៃស្នើឱ្យបង្កើតគណៈកម្មាធិការរួមគ្នាមួយដែលធ្វើឡើងរវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ និងក្រសួងបរិស្ថានរបស់កម្ពុជា ក្រោមកម្មវត្ថុដោះស្រាយវិបត្តិខ្យល់ពុលឆ្លងដែន។ ភាគីថៃបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មិនមែនធ្វើឡើងតែចំពោះកម្ពុជានោះទេ ពោលគឺធ្វើឡើងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ដែលមានការបំពុលខ្យល់ក្នុងកម្រិតខ្ពស់។

គួរបញ្ជាក់ថា ប្រទេសថៃនៅតែចាត់ទុកករណីខ្យល់ពុលដែលមានក្នុងប្រទេសខ្លួនកន្លងមក គឺសាយភាយចេញពីកម្ពុជាតាមរយៈការដុតព្រៃ ដុតចំបើងនៅតាមវាលស្រែជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ