អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ផ្កាយរណបថៃ៖ មានចំណុចឆេះជាង ១០០០កន្លែងនៅកម្ពុជា និងជាង ១០០០កន្លែងនៅថៃ

ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសឈ្មោះ GISTDA បានបញ្ជាក់ថា ទីតាំងក្តៅក្នុងប្រទេសកម្ពុជាដែលកើតចេញពីការដុតព្រៃមានចំនួនជាង១៣០០កន្លែង និងនៅក្នុងប្រទេសថៃមានជាង ១០០០កន្លែង។ តាមរូបភាពថតចេញពីផ្កាយរណប តំបន់ឆេះព្រៃក្នុងប្រទេសកម្ពុជាភាគច្រើនស្ថិតក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ បាត់ដំបង និងកំពង់ស្ពឺ។

ភ្លើងឆេះព្រៃ(រូបតំណាង)
ភ្លើងឆេះព្រៃ(រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

រូបភាពចុងក្រោយថតដោយផ្កាយរណប GISTDA ក្នុងថ្ងៃទី០៩ កុម្ភៈបានឱ្យឃើញថា ទីតាំងក្តៅរវាងប្រទេសកម្ពុជា និងថៃមានចំនួនប្រហាក់ប្រហែលគ្នាក្នុងនោះ កម្ពុជាមានតំបន់ក្តៅចំនួន១៣១៥កន្លែង និងថៃមានចំនួន ១០៥៤កន្លែង។ តាម GISTDA ទីតាំងក្តៅមានការប្រែប្រួលពីមួយទៅមួយថ្ងៃ។ ជាក់ស្តែងក្នុងថ្ងៃទី ០៨ កុម្ភៈ កម្ពុជាមានទីតាំងក្តៅត្រឹមតែ៥២៤កន្លែង និងថៃមានរហូតដល់ ១១៥១កន្លែង។

ទីតាំងក្តៅភាគច្រើនក្នុងប្រទេសកម្ពុជាកើតចេញពីការដុតសម្រាម ដុតចម្ការ និងភ្លើងឆេះ ក្នុងនោះ ខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាខេត្តដែលកើតច្រើនជាងគេ។ ចំណែកខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ស្ពឺស្ថិតក្នុងចំនួនតិច ឬមធ្យម។

ដោយឡែក កាសែតក្នុងស្រុកថៃ The Nation ចេញផ្សាយថ្ងៃទី១១ កុម្ភៈបានរាយការណ៍ដោយសំអាងលើរូបភាពផ្កាយរណប GISTDA ថា តំបន់ក្តៅក្នុងប្រទេសកម្ពុជាកើនឡើងរហូតដល់ជាង ៤០០០កន្លែង ខណៈតំបន់ក្តៅក្នុងប្រទេសថៃមានត្រឹមតែជាង៦០០កន្លែងប៉ុណ្ណោះ។ តែ GISTDA មិនទាន់ធ្វើបច្ចុប្បន្នភាពណាមួយលើការចុះផ្សាយរបស់កាសែតថៃ The Nation ទេ។ នេះសបញ្ជាក់ឲ្យឃើញថា រូបភាពចុងក្រោយរបស់ផ្កាយរណប GISTDA មានត្រឹមថ្ងៃទី០៩ កុម្ភៈប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការអះអាងទាំងនេះ លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានសុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។

សូមរម្លឹកថា បញ្ហាខ្យល់ពុលបានក្លាយជាប្រធានបទដែលភាគីថៃបន្តជជែកជាមួយកម្ពុជា និងស្នើឱ្យមានដំណោះស្រាយ។ ថៃបានចោទកម្ពុជាពីបទបានបំភាយសារធាតុល្អិតៗតាមខ្យល់ ឬសារធាតុខ្យល់ពុលទៅថៃតាមរយៈការដុតសម្រាម ភ្លើងឆេះព្រៃ និងដុតកាកសំណល់ផ្សេងៗ។ តែកម្ពុជាតាមរយៈក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ថា ខ្យល់ពុលនៅកម្ពុជាមានកម្រិតទាប បើធៀបនឹងកម្រិតស្តង់ដារដែលកំណត់ដោយអង្គការសុខភាពពិភពលោក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ