អានតួអត្ថបទ

ក្រុមជាតិនិយមថៃជំរុញឱ្យកងទ័ពជើងទឹកមានជំហរម៉ឺងម៉ាត់ក្នុងការចរចាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា

នៅថ្ងៃទី២៨មករា ឆ្នាំ២០២៤ ក្រុមអ្នកតវ៉ាជាតិនិយមថៃបានប្រមូលផ្តុំគ្នាដាក់ញត្តិស្នើឱ្យកងទ័ពជើងទឹកថៃប្រកាន់ជំហរការពារដែនអធិបតេយ្យភាពនៅក្នុងកិច្ចចរចាបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា។ តាមខ្លឹមសារនៃញត្តិដែលត្រូវបានកាសែតបាំងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី២៩ កុម្ភៈនេះ ក្រុមជាតិនិយមថៃចោទរដ្ឋាភិបាលថៃដែលដឹកនាំដោយបក្សភឿថៃថាកំពុងស្ថិតក្រោមឥទ្ធិពលរបស់ត្រកូល ថាក់ស៊ីន។ ក្តីបារម្ភរបស់ក្រុមជាតិនិយមថៃនេះកើនឡើងទ្វេរដង បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកហ៊ុន សែនបានជួបគ្នាកាលពីសប្តាហ៍មុន។

ក្រុមជាតិនិយមថៃជំរុញឱ្យកងទ័ពជើងទឹកមានជំហរម៉ឺងម៉ាត់ក្នុងការចរចាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា
ក្រុមជាតិនិយមថៃជំរុញឱ្យកងទ័ពជើងទឹកមានជំហរម៉ឺងម៉ាត់ក្នុងការចរចាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា © The Nation
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកតវ៉ាជាតិនិយមថៃនេះមកពីបណ្តាញ «កំណែទម្រង់ជាតិ និងមជ្ឈមណ្ឌលប្រជាជនការពាររាជាធិបតេយ្យថៃ»។ ពួកគេបានប្រមូលផ្តុំគ្នានៅមុខទីបញ្ជាការកងទ័ពជើងទឹកថៃនៅទី២៨ កុម្ភៈ ឆ្នាំ២០២៤ និងបានដាក់ញត្តិស្នើឱ្យមេបញ្ជាការកងទ័ពជើងទឹកកុំបន្ទន់ជំហរចរចាជាមួយកម្ពុជាលើបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ តាមខ្លឹមសារនៃញត្តិដែលចុះផ្សាយដោយកាសែតបាំងកកប៉ុស្តិ៍នៅថ្ងៃទី២៩កុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលថៃត្រូវតែធានាឱ្យបានថាដែនទឹកថៃនឹងមិនធ្លាក់ក្នុងដៃកម្ពុជាសូម្បីតែមួយចង្អាម។

តាមខ្លឹមសារញត្តិដដែល ក្រុមជាតិនិយមចោទរដ្ឋាភិបាលថៃដែលដឹកនាំដោយបក្សភឿថៃថាកំពុងស្ថិតក្រោមឥទ្ធិពលរបស់ត្រកូលថាក់ស៊ីន និងព្យាយាមដោះដូរផលប្រយោជន៍ជាតិជាមួយកម្ពុជាតាមរយៈកិច្ចចរចាតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ។ នៅពេលដាក់ញត្តិ ក្រុមជាតិនិយមថៃបានប្រកាសមិនទទួលស្គាល់ដាច់ខាតនូវអនុស្សារណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃដែលព្រមព្រៀងដោយលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាកាលពីឆ្នាំ២០០១។

តាមក្រុមជាតិនិយមថៃ កិច្ចព្រមព្រៀងនេះធ្វើឡើងតាមការទាមទារជាឯកតោភាគីរបស់កម្ពុជាតែប៉ុណ្ណោះ។ គួររម្លឹកថា ក្តីបារម្ភរបស់ក្រុមជាតិនិយមបានកើនទ្វេរដង បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោក ហ៊ុន សែន បានជួបគ្នានៅប្រទេសថៃកាលពីសប្តាហ៍មុន។ ក្រុមអ្នកតវ៉ាជាតិនិយមថៃយល់ថា ជំនួបក្រោមរូបភាពលោក ហ៊ុន សែនសួរសុខទុក្ខលោក ថាក់ស៊ីនកាលពីថ្ងៃ២១កុម្ភៈ អាចនឹងមានកិច្ចពិភាក្សាសម្ងាត់ណាមួយពាក់ព័ន្ធនឹងដំណើរការចរចាស្តីពីតំបន់ត្រួតស៊ីគ្នារបស់រដ្ឋាភិបាលថៃ និងកម្ពុជា។

រដ្ឋាភិបាលកម្ពុជានៅមិនទាន់ឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់ក្រុមអ្នកជាតិនិយមថៃចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ពេលនេះទេ។ តែសំណុំរឿងមួយនេះធ្លាប់ត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែ  និងថាមពល លោកកែវ រតនៈបញ្ជាក់កាលពីខែមករាឆ្នាំ២០២៤នេះថា កម្ពុជានឹងឈរលើជំហរស្មើភាព និងយុត្តិធម៌ចំពោះការចរចាតំបន់ប្រេងត្រួតស៊ីគ្នានេះ។ តាមលោក កែវ រតនៈ តំបន់ប្រេងត្រួតស៊ីគ្នា ទំហំ ២៦ ០០០គីឡូម៉ែត្រការ៉េនឹងទាញបានជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសទាំងពីរនៅក្រោយការចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ