អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជាមិនដែលមានមហិច្ឆតាចង់បានទឹកដីប្រទេសផ្សេង

រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីជំហរម៉ឺងម៉ាត់របស់ខ្លួនថា កម្ពុជាគ្មានមហិច្ឆតាចង់បានទឹកដីពីប្រទេសជិតខាងណាមួយឡើយ ហើយក៏មិនឱ្យទឹកដីកម្ពុជាបាត់បង់ទៅកាន់ប្រទេសណាមួយដែរ។ ជំហររបស់កម្ពុជានាពេលនេះ ធ្វើឡើងបន្ទាប់ពីពលលរដ្ឋថៃ រួមនឹងសារព័ត៌មានក្នុងស្រុកថៃមួយចំនួនបានចុះផ្សាយថា កម្ពុជាត្រូវតែប្រគល់អតីតខេត្តរបស់ថៃ គឺខេត្តកោះកុងទៅឱ្យប្រទេសថៃវិញ និងជំរុញឱ្យរដ្ឋាភិបាលថៃរក្សាកោះខុត នៅជិតខេត្តកោះកុង​ឱ្យបានល្អជៀសវាងកោះមួយនេះធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្ពុជា។

កន្លែងបូមប្រេងក្នុងឈួងសមុទ្រថៃ( រូបតំណាង)
កន្លែងបូមប្រេងក្នុងឈួងសមុទ្រថៃ( រូបតំណាង) Gino Santa Maria © 2007 All Rights Reserved
ផ្សាយពាណិជ្ជកម្ម

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIនៅរសៀលថ្ងៃទី០២ មីនានេះថា ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវឈរលើការចរចាដោយសន្តិវិធីមិនមែនប្រើគំនិតជាតិនិយមចង្អៀតចង្អល់ឬប្រើកម្លាំងអ្វីឡើយ។

តាមលោក ប៉ែន បូណា អ្វីដែលកើតឡើងនាពេលនេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃប៉ុណ្ណោះ។ លោកយល់ថាបញ្ហាព្រំដែននេះ គឺជាប្រធានបទដែលក្រុមអ្នកជាតិនិយមមិនថាកម្ពុជា ឬថៃ តែងយកមករិះគន់វាយប្រហាររដ្ឋាភិបាលរបស់ខ្លួន។ សម្រាប់អ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិបានខិតខំកសាងព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្វើឡើងក្រោយពលរដ្ឋថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនស្នើ​ឱ្យរដ្ឋាភិបាលថៃទាមទារយកខេត្តកោះកុងមកជារបស់ថៃវិញ ពិសេសរក្សាកោះខុតដែលស្ថិតក្នុងខេត្តត្រាដឱ្យគង់វង្ស ជៀសវាងពីការឈ្លានពានរបស់កម្ពុជា។

សារព័ត៌មានថៃ បានអះអាងថា ខេត្តកោះកុង គឺជាអតីតខេត្តប្រាចាន់តះគិរីខេត្ត និងជាបងប្អូនរបស់ខេត្តប្រាជុបគិរីខាន់ ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់កម្ពុជាក្នុងអំឡុងឆ្នាំ១៨៥៥ ក្នុងគ្រាដែលបារាំងចូលមកកាន់កាប់ក្នុងតំបន់ឥណ្ឌូចិន។

បន្ថែមពីនេះ ពលរដ្ឋថៃស្នើឱ្យរដ្ឋាភិបាលខ្លួន កុំបន្ទន់ឥរិយាបថជាមួយកម្ពុជាក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈួងសមុទ្រថៃ ដោយពួកគេលើកឡើងថា ការទាមទាររបស់កម្ពុជាក្នុងតំបន់ប្រេងត្រួតស៊ីគ្នាបានរំលោភយកផ្នែកខ្លះនៃដែនកោះខុតរបស់ថៃ។

កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ​២០២៤ ក្រុមជាតិនិយមថៃក៏បានប្រមូលផ្តុំគ្នាដាក់ញត្តិជំរុញឱ្យកងទ័ពជើងទឹកថៃប្រកាន់ជំហរ ការពារដែនអធិបតេយ្យភាពក្នុងកិច្ចចរចារបញ្ហាតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា និងត្រូវធានាថាដែនទឹកថៃមិនធ្លាក់ក្នុងដៃកម្ពុជាសូម្បីមួយចង្អាម។

សូមជម្រាបថា តំបន់ប្រេងត្រួតស៊ីគ្នានេះមានទំហំ២៦០០០គីឡូម៉ែត្រការ៉េ​ ដែលភាគីកម្ពុជា និងថៃរំពឹងថា ក្រោយការដោះស្រាយបញ្ចប់ តំបន់ប្រេងខាងលើនេះនឹងផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចមហាសាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ