អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ថៃអនុម័តច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងដែលដុតដំណាំកសិកម្ម

នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីថៃបានអនុម័តច្បាប់ហាមឃាត់ការនាំចូលដំណាំពោតពីប្រទេសណាដែលកសិករបានដាំដុះលើដីដែលដុតដំណាំកសិកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាំងកកប៉ុស្តិ៍។ តាមបាំងកកប៉ុស្តិ៍ ច្បាប់ថ្មីនេះបង្ហាញពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលថៃលើការបំពុលខ្យល់កម្រិតខ្ពស់ដែលបណ្តាលមកពីការដុតស្រែចំការពីប្រទេសជិតខាងដូចយ៉ាងប្រទេសកម្ពុជា។

ថៃអនុម័តច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងដែលដុតដំណាំកសិកម្ម
ថៃអនុម័តច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងដែលដុតដំណាំកសិកម្ម AP - Wally Santana
ផ្សាយពាណិជ្ជកម្ម

តាមកាសែតបាំងកកប៉ុស្តិ៍ គណៈរដ្ឋមន្ត្រីថៃបានអនុម័តក្នុងថ្ងៃទី១៩មីនា ឆ្នាំ២០២៤ នូវច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងណាដែលរកឃើញមានការដុតបំផ្លាញស្រែចំការនៅក្រោយការប្រមូលផល។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានអះអាងនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា វិធានការកំណត់ ឬការហាមឃាត់ការនាំចូលដំណាំពោតជាការអនុវត្តន៍តាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងដោយផ្អែកលើភស្តុតាងត្រឹមត្រូវដែលបញ្ជាក់ថា ផលិតផលកសិកម្មទាំងនោះពិតជាមានជាប់ពាក់ព័ន្ធនឹងការដុតដំណាំកសិកម្មនៅក្រោយប្រមូលផលមែន។

ចំណែកលោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ប្រាប់កាសែតបាំងកកប៉ុស្តិ៍ថា ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងឆ្នាំ២០២៤ និងមានគោលដៅឈានទៅការកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសថៃដែលបង្កឡើងដោយការដុតដំណាំកសិកម្មរបស់ប្រទេសក្បែរខាង។ តែលោក Chai Wacharonke មិនបានលើកចំឈ្មោះប្រទេសជិតខាងណាមួយទេ។ គួរបញ្ជាក់ថាបច្ចុប្បន្ន ថៃបាននាំចូលដំណាំពោតពីប្រទេសជិតខាងប្រមាណជា ១.៦លានតោន ក្នុងនោះពីភូមាប្រមាណពី៦ ទៅ៧សែនតោន ពីឡាវប្រមាណពី ៣ ទៅ ៤សែនតោន និងប្រមាណ ១សែនតោនពីកម្ពុជា។

ក្រសួងបរិស្ថានកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ខ្វៃ អាទិត្យានៅថ្ងៃទី២០មីនានេះមិនបានបញ្ចេញប្រតិកម្មតបនឹងចំណាត់ការរបស់រដ្ឋាភិបាលថៃមួយនេះទេ។ តែលោក ខ្វៃ អាទិត្យាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃកន្លងមកដែលថា កម្ពុជាបានបំភាយខ្យល់ពុលដោយការដុតដំណាំកសិកម្មចូលប្រទេសថៃ។ តាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះដដែល ស្ថានភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតាមបណ្តារាជធានី ខេត្តមានគុណភាពល្អណាស់។

របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជារបស់ក្រសួងបរិស្ថានក្នុងថ្ងៃទី១៩ មីនាបានបង្ហាញថា កំណើនកំហាប់នៃភាគល្អិតនិចល PM2.5 បានស្ថិតក្រោមកម្រិតស្តង់ដារកំណត់ដែលមានន័យថា ស្ថានភាពខ្យល់នៅកម្ពុជាមិនទាន់ឈានដល់កម្រិតប៉ះពាល់សុខភាពគួរឱ្យព្រួយបារម្ភទេ។ តាមលោក ខ្វៃ អាទិត្យា ក្នុងចន្លោះថ្ងៃទី១៣ និង១៩ មីនា ឆ្នាំ២០២៤ ភូមាមានទីតាំងក្តៅ ឬចំណុចឆេះច្រើនជាងគេ ពោលមានដល់ទៅ ៨២៨កន្លែង ឡាវមានចំនួន ២៣៣កន្លែង កម្ពុជាមានចំនួន ១៧៤កន្លែង វៀតណាមមានចំនួន ៨៣កន្លែង និងថៃមានចំនួន ៨០កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ