អានតួអត្ថបទ
កម្ពុជា-សង្គម

លោកសឹន ជុំជួន៖ព្រះចៅអធិការវត្តនិងខ្មែរក្រោម២នាក់ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំដោយ​អយុត្តិធម៌

អាជ្ញាធររដ្ឋវៀតណាមបានចាប់ផ្សឹកព្រះចៅអធិការ និងចាប់ពលរដ្ឋខ្មែរក្រោម  ២រូបផ្សេងទៀតទៅឃុំនៅថ្ងៃទី២៦មីនា ឆ្នាំ២០២៤។ អាជ្ញាធរវៀតណាមបានចោទពលរដ្ឋខ្មែរក្រោមទាំង៣រូបពីបទបានរំលោភ បំពានច្បាប់រដ្ឋវៀតណាម។ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមជាការរំលោភសិទ្ធិ និងទាមទារឱ្យដោះលែងពលរដ្ឋខ្មែរក្រោមទាំង៣នាក់ជាបន្ទាន់។

លោកសឹន ជុំជួន៖ព្រះចៅអធិការវត្តនិងខ្មែរក្រោម២នាក់ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំដោយអយុត្តិធម៌
លោកសឹន ជុំជួន៖ព្រះចៅអធិការវត្តនិងខ្មែរក្រោម២នាក់ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំដោយអយុត្តិធម៌ © សហការី
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរវៀតណាមក្នុងខេត្តវិញឡុងបានចាប់ផ្សឹកព្រះចៅអធិការវត្តទ្រនុំសេក ព្រះនាម ថាច់ ច័ន្ទតារា និងពលរដ្ឋខ្មែរក្រោម២នាក់ទៀត  គឺលោក គឹម ឃីម និងលោក ថាច់ វាសនាកាលពីថ្ងៃទី២៦ មីនា។ តាមដីការសម្រេចពីអាជ្ញាធរវៀតណាម ពលរដ្ឋខ្មែរក្រោមទាំង៣រូបនេះត្រូវឃុំខ្លួនរយៈពេល៣ខែ។ ការចាប់ផ្សឹកព្រះចៅអធិការថាច់ ច័ន្ទតារា និងការចាប់ខ្លួនលោក គឹម ឃីម ធ្វើឡើងតាមមាត្រា៣៣១នៃក្រមព្រហ្មទណ្ឌវៀតណាមពីបទកេងផលប្រយោជន៍ពីសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ  និងបុគ្គល។ បើតាមកាសែតអនឡាញក្នុងស្រុកវៀតណាម ទីភ្នាក់ងារស៊ើបការវៀតណាមបានរកឃើញថា ចាប់ពីឆ្នាំ២០២០ តេជគុណថាច់ ច័ន្ទតារា និងគឹម ឃីមបានយកបណ្តាញសង្គមទៅបង្ហោះចែករំលែកព័ត៌មានបង្កាច់បង្ខូច និងប្រមាថកេរ្តិ៍ឈ្មោះអ្នកដទៃយ៉ាងសម្បើម។ ទន្ទឹមគ្នានេះ តេជគុណ ថាច់ ច័ន្ទតារាក៏ត្រូវរដ្ឋវៀតណាមចោទពីបទបានបំពានធម្មនុញ្ញសង្ឃវៀតណាមដែរ។

ដោយឡែក ការចាប់ខ្លួនលោកថាច់ វាសនាបានធ្វើឡើងតាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ វៀតណាមពីបទការចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួនមនុស្សដោយខុសច្បាប់ ប្រព្រឹត្តិទៅកាលពីថ្ងៃទី២២  វិច្ឆិកាឆ្នាំ២០២៣។ តែអង្គការសមាគមខ្មែរក្រោមអះអាងថា លោក ថាច់ វាសនាមិនបានចាប់ខ្លួនមនុស្សខុសច្បាប់ទេ និងថាលោកបានអប់រំនិងអន្តរាគមន៍លើក្រុមក្មេងទំនើង និងជនខិលខូចដែលមកលុកលុយក្នុងវត្ត។

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៨មីនា លោក សឹន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមនេះជាការរំលោភគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សិទ្ធិជនជាតិដើមនៃអង្គការសហប្រជាជាតិ។ លោក សឹន ជុំជួន យល់ថា អាជ្ញាធរវៀតណាមកំពុងព្យាយាមកេងចំណេញពីខ្លឹមសារច្បាប់ព្រហ្មទណ្ឌនេះ ដើម្បីធ្វើទុក្ខបុកម្នេញ និងគម្រាមកំហែងបំបាក់ស្មារតីពលរដ្ឋខ្មែរក្រោម។

ដោយឡែក ក្នុងថ្ងៃទី២៧មីនា លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោមបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរវៀតណាម និងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងអង្គទូតនានាអន្តរាគមន៍លើរដ្ឋវៀតណាមដែលបានធ្វើការគាបសង្កត់សិទ្ធិខ្មែរក្រោមជាបន្តបន្ទាប់។ គួរជម្រាបជូនថាថ្មីនេះ មានពលរដ្ឋខ្មែរក្រោមសរុប៧អង្គ/នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំ។ ការណ៍នេះជំរុញឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនៅថ្ងៃទី៧ឧសភាខាងមុខនេះ ដើម្បីទាមទារឱ្យ​វៀតណាមដោះលែងព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ