ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម
នៅថ្ងៃទី៧ ឧសភា ពលរដ្ឋខ្មែរក្រៅប្រទេសបានធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីសដើម្បីទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារវៀតណាម។ បាតុកម្មនេះធ្វើឡើងចំពេលដែលតំណាងវៀតណាមចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកពីបារាំង អ៊ីតាលី ស្វីស ហូឡង់ និងបណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀតបាននាំគ្នាធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្រុងហ្សឺណែវ ប្រទេសស៊្វីស។ តាមសារព័ត៌មានសំឡេងកម្ពុជា (VOKK) ដែលបានចុះយកព័ត៌មានផ្ទាល់ មានពលរដ្ឋប្រមាណជាង ១០០អង្គ/នាក់បានចូលរួមធ្វើបាតុកម្មនេះដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារវៀតណាមចំនួន ១៣អង្គ/នាក់។ បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះធ្វើឡើង ចំពេលដែលតំណាងប្រទេសវៀតណាមចូលរួមនៅក្នុងកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។
នៅក្នុងកិច្ចប្រជុំមួយនេះដែរ វៀតណាមក៏ត្រូវឆ្លើយបំភ្លឺចំពោះអង្គការសហប្រជាជាតិអំពីការសន្យារបស់ខ្លួនក្នុងការអនុវត្តអនុសាសន៍ដែលដាក់ជូនដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិនាកិច្ចប្រជុំត្រួតពិនិត្យជុំទី៣កាលពីឆ្នាំ ២០១៩។ សម្រាប់ក្រុមបាតុករ ការចូលរួមធ្វើបាតុកម្មនៅខាងមុខទីស្នាក់ការអង្គការសហប្រជាជាតិពេលនេះជាការបង្ហាញឱ្យសហគមន៍អន្តរជាតិបានឃើញថា សេចក្តីថ្លែងការណ៍ និងការធ្វើរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាមជារឿងមិនពិត និងជាការភូតភរកុហកសហគមន៍អន្តរជាតិ។
ក្រុមបាតុករខ្មែរនៅក្រៅប្រទេសចាត់ទុកការចាប់ឃុំពលរដ្ឋខ្មែរទាំង ១៣អង្គ/នាក់របស់រដ្ឋវៀតណាមក្នុងរយៈពេលជាង៦ខែកន្លងទៅជាអំពើអយុត្តិធម៌ ជិះជាន់ ឈ្លានពាន និងជាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមនៅវៀតណាម។ ក្នុងន័យនេះ ក្រុមបាតុករទាមទារឲ្យរដ្ឋវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមជាប់ឃុំទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ គួររម្លឹកថា ពលរដ្ឋខ្មែរក្រោមទាំង ១៣អង្គ/នាក់ត្រូវបានអាជ្ញាធរវៀតណាមសម្រេចកាត់ទោស និងចាប់ឃុំក្នុងបទរំលោភបំពានច្បាប់រដ្ឋវៀតណាម។
ដើម្បីបន្តទាមទារដាក់សម្ពាធឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមទាំង១៣នាក់នេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសពីគម្រោងដឹកនាំបន្តធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមក្នុងប្រទេសផ្សេងទៀតដូចជានៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី១១ ឧសភា និងនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ