លោកព្រាប កុលទទួលយកការសុំទោសលោកយ៉ង ប៉ាក់ដែលចោទថាលោកលួចកិបលុយ៨០លានដុល្លារ
លោកព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានទទួលយកពាក្យសុំទោសរបស់លោកយ៉ង ប៉ាក់ដែលធ្លាប់ចោទថា លោកបានលួចកិបកេងលុយចំនួន ៨០លានដុល្លារពីក្រុមហ៊ុន CIC កន្លងមក។ តែការទទួលយកពាក្យសុំទោសនេះ នៅមិនអាចឱ្យលោកព្រាប កុលដកពាក្យបណ្តឹងផ្លូវច្បាប់លើលោកយ៉ង់ ប៉ាក់បានឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៨
នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន លោកព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានរៀបរាប់ថា លោកត្រេកអរដែលលោក យ៉ង ប៉ាក់ព្រមទទួលកំហុសរបស់ខ្លួន។ តែទន្ទឹមនឹងការទទួលពាក្យសុំទោសរបស់លោកយ៉ង ប៉ាក់ លោកព្រាប កុលក៏បានបង្ហាញអារម្មណ៍សោកស្តាយដែលលោកយ៉ង ប៉ាក់បោះបង់ឱកាស និងការយោគយល់ពីលោកតាំងពីដំបូង។ សោកស្តាយក៏ព្រោះថាការសុំទោសនេះមិនអាចបញ្ឈប់លោកឱ្យដកពាក្យបណ្ឌឹងផ្លូវច្បាប់លើលោកយ៉ង់ ប៉ាក់បានឡើយ។ តាមលោកព្រាប កុល លោកយ៉ង ប៉ាក់គួរសុំទោសលោកជាសាធារណៈតាំងតែពីមុនពាក្យបណ្តឹងផ្លូវច្បាប់ធ្វើឡើង។
បើតាមសំណេររបស់រដ្ឋមន្ត្រីប្រតិភូរូបនេះដដែល ការដែលលោកបានសម្រេចប្តឹងលោកយ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Agribee Cambodia គឺដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ខ្លួនតែប៉ុណ្ណោះ។ លោកព្រាប កុលបានបញ្ជាក់ថា ការចោទប្រកាន់របស់លោកយ៉ង ប៉ាក់លើលោកជារឿងមិនសមហេតុផលដែលលោកមិនអាចទទួលយកបានជាដាច់ខាត។
គួរបញ្ជាក់ថា នៅក្នុងលិខិតសរសេរដោយដៃពីក្នុងពន្ធនាគារកាលពីថ្ងៃទី២៧មេសា ឆ្នាំ២០២៤ លោកយ៉ង ប៉ាក់ ហៅប៉ែន ជីវ័ន្ត បានសុំទោសលោកព្រាប កុល និងថា ការដែលលោកចោទលោកព្រាប កុលពីបទលួចកិបលុយ៨០លានដុល្លារធ្វើឡើងដោយពុំមានភស្តុតាង និងមូលដ្ឋានអ្វីឡើយ។ តែកាលមុនត្រូវឃុំខ្លួន លោកយ៉ង់ ប៉ាក់បានចោទលោកព្រាប កុលដោយយកភស្តុតាងមួយចំនួនរួមមាន លំហូរសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ វីដេអូនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលផ្តល់ដោយអ្នកវិនិយោគ និងសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CIC។
គួររម្លឹកថា លោកយ៉ង ប៉ាក់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chivann Pen ត្រូវបានឃុំខ្លួនកាលពីខែមករា ឆ្នាំ២០២៤ ក្រោមបទចោទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងតាមពាក្យបណ្តឹងរបស់មេធាវីលោក ព្រាប កុល។ បទចោទនេះធ្វើឡើងបន្ទាប់ពីលោកផ្សព្វផ្សាយថាលោក ព្រាប កុល កិបកេងលុយជាង ៨០លានដុល្លារ ក្នុងគម្រោងវិនិយោគអចលនទ្រព្យរបស់ក្រុមហ៊ុន CIC៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ