CLC៖ ការចាប់ខ្លួនលោក ម៉ម រិទ្ធី ជាការរំខានធ្ងន់ធ្ងរដល់សិទ្ធិសហជីព
កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ សហភាពការងារកម្ពុជា (CLC) បានហៅការចាប់ខ្លួនលោក ម៉ម រិទ្ធី ថាជាការបំភិតបំភ័យ គំរាមកំហែង និងរំខានធ្ងន់ធ្ងរដល់សិទ្ធិសហជីព ដែលជាអ្នកតំណាងកម្មករនិយោជិត។ ប្រតិកម្មរបស់សហភាពការងារកម្ពុជាដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក ម៉ម រិទ្ធី ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបានអាជ្ញាធរភ្នំពេញចាប់ខ្លួននៅថ្ងៃអង្គារ ទី៧ ខែឧសភាម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
នៅប៉ុន្មានម៉ោងក្រោយអាជ្ញាធរចាប់ខ្លួនលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា សហភាពការងារកម្ពុជារបស់លោក អាត់ ធន់ បានសម្តែងប្រតិកម្មសោកស្តាយ និងហៅសកម្មភាពរបស់អាជ្ញាធរថាជាការបំភិតបំភ័យ សម្លុត គំរាមកំហែង យាយី និងបង្កឧបសគ្គធ្ងន់ធ្ងរដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត ព្រមទាំងជាការវាយប្រហារធ្ងន់ធ្ងរដល់សេរីភាព និងសិទ្ធិសហជីព។
សូមបញ្ជាក់ថា លោក ម៉ម រិទ្ធី ដែលមានតួនាទីជាអនុប្រធានសហភាពការងារកម្ពុជាដែរនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីល្ងាចថ្ងៃទី០៧ ខែឧសភានៅទីស្នាក់ការ CLC ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែកនៅក្នុងដីកាក្នុងថ្ងៃទី០៧ ឧសភាដដែល តុលាការបានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី ដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ តែសេចក្តីថ្លែងការណ៍របស់CLC យល់ឃើញថា ការលើកឡើងរបស់លោក ម៉ម រិទ្ធី នៅលើហ្វេសប៊ុកកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនា និងកែតម្រូវឲ្យមានការអនុវត្តន៍ច្បាប់ឲ្យបានសមស្រប និងប្រកបដោយតម្លាភាពចំពោះការឃុំខ្លួនសមាជិកសហជីពលោកមួយរូបជាស្ត្រីនៅក្រុមហ៊ុនកាស៊ីណូ ជីនប៉ី ក្នុងខេត្តព្រះសីហនុជាមួយជនជាតិចិនជាបុរសច្រើននាក់។
ទោះយ៉ាងណា សហភាពការងារកម្ពុជាបានស្នើឲ្យប្រមុខរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធពិនិត្យមើលរឿងនេះឡើងវិញឲ្យបានហ្មត់ចត់ និងតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ជូនលោក ម៉ម រិទ្ធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ