អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បាតុកម្ម

លោកដូណាល់ត្រាំ គំរាមប្រើកម្លាំងយោធា បើបាតុកម្មហិង្សានៅ​តែបន្ត

នៅ​ពេល​ថ្លែង​ជា​សាធារណៈ​ ដោយ​ផ្ទាល់​ពី​សេតវិមាន លោក ដូណាល់ ត្រាំ បាន​ប្រកាស​ស្តារ​សណ្តាប់​ធ្នាប់​សង្គមឡើង​វិញ និង​បាន​គំរាម​ប្រើកម្លាំង​ទ័ព​ ដាក់ពង្រាយ​តាម​ផ្លូវ​ថ្នល់ គ្រប់​រដ្ឋ​ ប្រសិន​បើ​បាតុកម្ម​ហិង្សា​នៅតែ​បន្ត។ លោកប្រធានាធិបតី​បាន​ជ្រើសរើស ដំឡើង​សំឡេង​មួយ​កំរិត​ទៀត ក្នុង​ពេល​ដែល​ លទ្ធផលកោសល្យវិច័យជា​ផ្លូវការ បាន​បង្ហាញ​ បុរស​ស្បែក​ខ្មៅ​ ចច ហ្វឡយ ពិត​ជា​បាន​ស្លាប់​ដោយ​ការថប់​ដង្ហើម​នៅ​ពេលប៉ូលិស​យក​ជង្គង់​សង្កត់ក​ឱ្យ​ដក​ខ្យល់លែង​រួច។

លោក ដូណាល់ ត្រាំ គំរាម​ប្រើ​កម្លាំង​ទ័ព បើ​បាតុកម្ម​នៅ​តែ​បន្ត
លោក ដូណាល់ ត្រាំ គំរាម​ប្រើ​កម្លាំង​ទ័ព បើ​បាតុកម្ម​នៅ​តែ​បន្ត REUTERS/Tom Brenner
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក បាន​បញ្ជា​ ​នៅ​ថ្ងៃ​ចន្ទទី ១​មិថុនា ឱ្យ​បញ្ចប់​ភ្លាម​ បាតុកម្មប្រឆាំង​នឹងការរើសអើង​ពណ៌​សម្បុរ​ដ៏​​​​ហិង្សា​ ដែល​កំពុ​ង​បន្ត​ពុះ​កញ្ជ្រោល​នៅ​តាម​ទីក្រុង​ធំៗ សំខាន់ៗ​ និងនៅ​​រដ្ឋ​ធានី​របស់​សហរដ្ឋ​អាមេរិក តាំង​ពី ចន ហ្វឡយ បុរសស្បែក​ខ្មៅ អាយុ​៤៦​ឆ្នាំ ស្លាប់​ ដោយ​ស្នាដៃប៉ូលិស​អាមេរិកស្បែកសមក។ 

នៅក្នុង​សុន្ទរកថា ពីសេតវិមាន​ ដែល​​​ផ្សាយ​បន្ត​ផ្ទាល់តាម​កញ្ចក់ទូរទស្សន៍ លោក ដូណាល់ ត្រាំ បាន​ចាត់​ទុកអំពើ​ហិង្សារាលដាល​ជាសកម្មភាព​អនាធិបតេយ្យ ​អសណ្តាប់​ធ្នាប់​ស៊ីវិល នៅ​ថ្ងៃទី ៣១​ឧសភា ថាជា​ទង្វើ​ដ៏​គួរ​ឱ្យ​អៀន​ខ្មាស និង​ជា​ទង្វើ​បែបភេរវនិយម​ផ្ទៃក្នុង។ ស្ថានភាព​បែប​នេះ បើ​យោង​តាម​ច្បាប់​បះបោរ អាមេរិក​អាច​ប្រមូល​និង​​បញ្ចេញ​កងកម្លាំង​ទ័ព​ ដើម្បី​បញ្ចប់​សកម្មភាព​កុប្បកម្ម​ សកម្មភាព​បំផ្លិចបំផ្លាញ​ លួច​ ដុត សម្បត្តិ​រដ្ឋ​-ឯកជន។ ដើម្បីការពារអាមេរិក ប៉ូលិស និង​យោធា​ប្រដាប់​អាវុធនឹងត្រូវ​ដាក់​ពង្រាយ​យ៉ាង​ច្រើនសន្ធឹកសន្ធាប់ ដល់​ទៅ​រាប់ពាន់​នាក់ ​នៅ​តាម​ផ្លូវ​ ក្នុង​រដ្ឋ​ធានី វ៉ាស៊ីនតោន។ នេះ​ជាការ​គូសបញ្ជាក់​បន្ថែម​របស់​លោក​ប្រធានាធិបតី។

សូមបញ្ជាក់​ថា​ ​លើក​ចុងក្រោយដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ប្រើ​ច្បាប់​នេះ គឺនៅ​​​ឆ្នាំ​១៩៩២ តាម​សំណើ​របស់អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា ក្រោយ​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ឈ្មោះ Roney King។

ជាង​នេះទៀត លោកដូណាល់ ត្រាំ បានអំពាវនាវ​ឱ្យ​អភិបាល​ក្រុង និង​អភិបាល​រដ្ឋ​អាមេរិក​ទាំង​អស់ ពង្រាយកម្លាំង​ការពារ ក្រុង​ និង​រដ្ឋរបស់​ខ្លួន។ ប្រសិន​បើ​ក្រុង​ណា​រដ្ឋ​ណាមិនចាត់​វិធានការ បណ្តោយ​ឱ្យ​មានការខូចខាត​​​ទ្រព្យ​សម្បត្តិ​​ និងជីវិត​ពលរដ្ឋ​ នោះ​លោក​នឹងបញ្ជូន​យោធា​ឱ្យ​ជួយ​ដោះស្រាយ។ រហូតមកទល់​នឹងពេល​នេះ ពុំ​ទាន់មាន​អភិបាលក្រុង​ឬរដ្ឋ​ណា​ ទាមទារ​សុំអន្តរាគមន៍​យោធា​ទេ។ អភិបាល​ភាគច្រើន​យល់​ថា ការ​ពង្រាយ​ទ័ព អាច​នឹង​ធ្វើ​ស្ថានភាព​កាន់​តែ​យ៉ាប់យឺន។

ចប់សុន្ទរកថា លោកប្រធានាធិបតី​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ទៅវិហារ​កាតូលិក Saint-John ដែលនៅ​ក្បែរ​សេតវិមាន និង​ដែល​ទើប​រង​ការ​ដុតនិងបំផ្លិច​បំផ្លាញ​ពី​សំណាក់​បាតុករ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ