អានតួអត្ថបទ
អាមេរិក-បាតុករ-ហ្កាហ្សា

ប៉ូលិសអាមេរិកបំបែក​ជំរំនិងចាប់ខ្លួន​​និស្សិត​បាតុករ​គាំទ្រប៉ាឡេស្ទីននៅ​សកលវិទ្យាល័យColumbia

នៅ​សហរដ្ឋអាមេរិក​ នគរបាល​ក្រុង​ញូវយ៉ក បាន​ចាប់ខ្លួន​ពួក​យុវជន​និស្សិត​បាតុករ​ជាច្រើន​នាក់ ដែល​បោះជំរំ​និង​ធ្វើ​បាតុកម្ម​សម្តែង​មតិ​គាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន​ នៅសកលវិទ្យាល័យ Columbia។ ក្រៅពីចាប់​ខ្លួនហ្វូងនិស្សិត​បាតុករ, ប៉ូលិស​អាមេរិកក៏​​បាន​បោសសម្អាត​ជំរំ​ប្រមូល​ផ្តុំ​ក្នុងបរិវេណ​កន្លែងសិក្សា​ ហើយដាក់​ពង្រាយ​កង​ក​ម្លាំង​សមត្ថកិច្ច​ប្រចាំការ ដើម្បី​យាម​ឃ្លាំមើល កុំឲ្យ​មាន​សកម្មភាព​បោះជំរំ​ជាថ្មី។​ អន្តរាគមន៍​របស់​នគរបាលក្រុង​ញូវ​យ៉កនេះ​ ត្រូវរងការ​រិះគន់​យ៉ាងខ្លាំងពីសំណាក់​ក្រុម​ការពារ​សិទ្ធិមនុស្ស ថាប៉ូលិស​អាមេរិក​​«ប្រព្រឹត្ត​ឃោរ​ឃៅហួសហេតុ» ក្នុង​សង្គម«​បិតាប្រជាធិបតេយ្យ»។​ ​

​ អន្តរាគមន៍​របស់​នគរបាលក្រុង​ញូវ​យ៉កនេះ​ ត្រូវរងការ​រិះគន់​យ៉ាងខ្លាំងពីសំណាក់​ក្រុម​ការពារ​សិទ្ធិមនុស្ស ថាប៉ូលិស​អាមេរិក​​«ប្រព្រឹត្ត​ឃោរ​ឃៅហួសហេតុ» ក្នុង​សង្គម«​បិតាប្រជាធិបតេយ្យ»។​ ​
​ អន្តរាគមន៍​របស់​នគរបាលក្រុង​ញូវ​យ៉កនេះ​ ត្រូវរងការ​រិះគន់​យ៉ាងខ្លាំងពីសំណាក់​ក្រុម​ការពារ​សិទ្ធិមនុស្ស ថាប៉ូលិស​អាមេរិក​​«ប្រព្រឹត្ត​ឃោរ​ឃៅហួសហេតុ» ក្នុង​សង្គម«​បិតាប្រជាធិបតេយ្យ»។​ ​ Getty Images via AFP - SPENCER PLATT
ផ្សាយពាណិជ្ជកម្ម

 

ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​បណ្តា​យុវជន​និស្សិត​អាមេរិក បាន​ធ្វើ​បាតុកម្មសម្តែង​មតិ​​នៅ​បណ្តា​សកល​វិទ្យាល័យ​​អាមេរិក​​ និង​នៅ​រដ្ឋជាច្រើន​ ផ្សេងៗ​គ្នា​។  បរិ​វេណ​សកលវិទ្យាល័យ​ខ្លះ​ក៏​មាន​បោះ​ជំរំ​ដេក​ចាំ​តែម្តង​ តួយ៉ាងនៅ​សកល​វិទ្យាល័យ Columbia។ ពួក​បាតុករច្រើន​នាក់​​​​, គេសម្គាល់​​ឃើញ​មា​នពាក់​កំណត់​ទទូលក្បាល ឬ​រុំ​ជុំវិញក ជា​​កំណត់​ប្រពៃណី​របស់ពួក​អារ៉ាប់។ ពួក​គេ​ស្រែក​ថា «សេរីភាព​ប៉ាឡេស្ទីន»។​ ដោយ​អត់​ទ្រាំពុំបាន, លោកស្រី​ Minouche Shafik សាកលវិទ្យាធិការ នៃ​សកលវិទ្យាល័យ Columbia ​​បាន​សរសេរ​លិខិត​ស្នើសុំ​អន្តរាគមន៍​ពីនគរបាល​ក្រុង​ញូវយ៉ក ដោយ​សម្អាង​ថា ព្រោះតែសកម្មភាព​របស់​បាតុករ​ជាច្រើន​ថ្ងៃនេះ ធ្វើ​ឲ្យ​សកលវិទ្យាល័យ គ្មាន​ជម្រើស​អ្វីផ្សេងទេ​។​

យប់​ថ្ងៃ​អង្គារ ទី​៣០មេសា​ ឈាន​ចូល​ថ្ងៃ​ពុធ ទី​១ឧសភា​ ប៉ូលិសអាមេរិក​​ប្រឆាំង​កុបកម្ម ច្រើន​រាប់​រយនាក់ បាន​ធ្វើ​អន្តរាគមន៍​ បង្ក្រាប ចាប់ខ្លួន​និស្សិត​បាតុករ​​ និង​បោសសម្អាត ជំរំ​​ សកល​វិទ្យាល័យ Columbia។ អន្តរាគមន៍​ខ្នាត​ធំដូច្នេះ ជាគាស់​រម្លើង​តែម្តង។ នៅម៉ោង​ប្រហែល៣ទៀប​ភ្លឺ​​នៅអាមេរិក អ្នក​នាំពាក្យ​នគរបាល​ក្រុង​ញូវយ៉ក បញ្ជាក់ថា «បោះសម្អាត​ស្អាតអស់​​ហើយ គ្មាន​មនុស្ស​​ស្នាក់​នៅ​ក្នុង​បរិវេណ​សកល​វិទ្យាល័យ Columbia ទៀត​ទេ»។​ បណ្តាញ​អ្ន​កកាសែត​ក្នុងស្រុក​អាមេរិក​ ក៏រាយការណ៍​ដែរថា សម្ភារៈ​បោះជំរំ​របស់​និស្សិត​បាតុករ ត្រូវ​ប៉ូលិស​បោស​សម្អាត និង​បោះចោល​ក្នុងគំនរ​សំរាម​អស់​ហើយ។​

​លិខិត​សុំ​អន្តរាគមន៍​របស់​សាកលវិទ្យាធិការ Columbia ក៏បាន​ស្នើឲ្យ​​ដាក់​ពង្រាយ​កង​ក​ម្លាំង​សមត្ថកិច្ច​ប្រចាំការ ដើម្បី​យាម​ឃ្លាំមើល កុំឲ្យ​មាន​សកម្មភាព​បោះជំរំ​ជាថ្មី ហើយ​និង​សុំ​ឲ្យ​ប៉ូលិស​មា​នវត្តមាន​ យ៉ាង​ហោច រហូត​ដល់​ថ្ងៃ​ទី​១៧ ឧសភា ដ្បិត​សាលា​នឹង​មានកម្ម​​ពិធី​ចែក​សញ្ញាបត្រ នៅពាក់​កណ្តាល​ខែ​នេះ​។​

នៅសហរដ្ឋ​អាមេរិក ប្រមាណ​ជា ២សប្តាហ៍​មកហើយ ដែល​និស្សិត​អាមេរិក​ងើប​បោះបោល​បាតុកម្ម​សម្តែង​មតិ​ ប្រឆាំងនឹង​សង្គ្រាម​អ៊ីស្រាអែល​នៅតំបន់​ហ្កាហ្សា ហើយ​និង​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ល​ពរដ្ឋប៉ាឡេស្ទីន។ សកម្មភាព​នេះ ​នាំឲ្យ​គេ​រំឮក​នឹក​ដល់​ ចលនានិស្សិត​ប្រឆាំង​នឹង​សង្គ្រាម​នៅវៀតណាម ក្នុង​អំលុង​ទសវត្សរ៍​១៩៦០-១៩៧០។

ដូចគ្នា​នេះដែរ នៅប្រទេស​បារាំង​ សកម្មភាព​បាតុកម្មប្រឆាំង​អ៊ីស្រាអែល​និងគាំទ្រ​ប៉ាឡេស្ទីន ផ្តួច​ផ្តើម​ពី​ក្រុម​និស្សិត​​​ ក៏​មានច្រើន​កន្លែង​​ដែរ​ នៅ​រដ្ឋធានី និង​តាម​បណ្តាខេត្ត​។​  សកលវិទ្យាល័យបារាំង បណ្តា​មហាវិទ្យាល័យ​ធំៗ ដូចជា នៅ​ Sorbonne និង​នៅ​វិទ្យាស្ថាន​នយោបាយ​ Sciences Po នៅក្រុង​ប៉ារីស និងសាលា​ខេត្ត​ដទៃ​ ក្រុម​និស្សិត​បាតុករ​គាំទ្រ​ប៉ាឡេស្ទីន បាន​ទាមទារ​ឲ្យ​ផ្តាច់​កិច្ចសហការ​ផ្លាស់ប្តូរ​និស្សិត​ជាមួយ​អ៊ីស្រាអែល​ និង​ដាក់​សម្ពាធ​រដ្ឋ​អំណាច​ ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា។​ នៅ​ប្រទេស​អង់គ្លេស សន្ទុះ​និស្សិត​បាតុករ ក៏​ស្ទុះ​ខ្លាំងណាស់ដែរ នៅ​ទីក្រុង​ឡុងដ្រ៍​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ