អានតួអត្ថបទ
ប៊ូអ៊ីង

អាជ្ញាធរអាកាសចរណ៍​អាមេរិក​បើក​អង្កេត​លើ​ប៊ូអ៊ីង​និង​​យន្តហោះ​៧៨៧

សហរដ្ឋ​អាមេរិក បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​យន្តហោះ​ប៊ូអ៊ីង។ អាជ្ញាធរ​អាកាសចរណ៍​ចង់ដឹង​​ថា​តើ​ក្រុមហ៊ុន​អាកាសចរណ៍​ប៊ូអ៊ីង​ពិត​ជា​បាន​ត្រួតពិនិត្យ​តាម​បញ្ជា ពពួក​​យន្តហោះ​៧៨៧Dreamlinerដែរ​ឬ​។ ក្រុម​អ្នក​អង្កេត​សង្ស័យ​ថា​មានការ​រៀប​ចំ​ធ្វើ​ឯកសារ​បន្លំ។

ឋ​អាមេរិក បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​យន្តហោះ​ប៊ូអ៊ីង និង​យន្តហោះ​ប្រភេទ​៧៨៧
ឋ​អាមេរិក បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​យន្តហោះ​ប៊ូអ៊ីង និង​យន្តហោះ​ប្រភេទ​៧៨៧ © Reuters
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក ក្រុម​អធិការ​កិច្ច​របស់​ក្រុម​ហ៊ុន​ប៊ូអ៊ីង​ទំនង​ជា​មិន​បាន​ធ្វើ​តេស្ត​សាកល្បង​តំណ​ស្លាប​របស់​យន្តហោះ​ប្រភេទ​៧៨៧Dreamliner ដែល​ជាដំណាក់កាល​​ការ​ត្រួត​ពិនិត្យដ៏ចាំបាច់​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ត្រូវ​បើក​អង្កេត​ដើម្បី​ដឹង​ដោយ​ប្រាកដ​ថា​ពិត​ជាមាន​ការ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ ហើយ​បុគ្គលិក​ក្រុមហ៊ុន​មិន​រៀប​ចំ​​ឯកសារ​ក្លែង​ក្លាយ​ទាក់ទង​នឹង​យន្តហោះ​នោះ។

តាម​ធម្មតា​ ក្រុមហ៊ុន​ប៊ូអ៊ីង មាន​កាតព្វកិច្ច​ត្រូវ​ត្រួត​​ពិនិត្យឡើង​វិញ នូវ​​គ្រប់​យន្តហោះ​ប្រភេទ​៧៨៧​ដែល​កំពុង​ផលិត​​ផង និង​យន្តហោះ​ដែល​កំពុង​ហោះហើរ​ផង។ អាជ្ញាធរ​អាកាសចរណ៍​អាមេរិក​បានឱ្យ​ពេល​បី​ខែ​ដល់​ក្រុមហ៊ុន​ប៊ូអ៊ីង​ក្នុង​ការ​រៀប​ចំ​ផែនការ​សម្រាប់​ដោះស្រាយ​បញ្ហា​ត្រួត​ពិនិត្យ​ជា​ស្វ័យប្រវត្តិ​ប្រកប​ដោយ​គុណភាព។

ការ​បើក​អង្កេត​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​ក្រុមហ៊ុនយន្តហោះ​ប៊ូអ៊ីង​កំពុង​ឆ្លង​កាត់​វិបត្តិ​ និង​គ្រោះថ្នាក់​ជា​បន្ត​បន្ទាប់។ គំរូ​យន្តហោះ​បី​ប្រភេទ​ក្នុង​ចំណោម​ប្រភេទ​យន្តហោះ​ប៊ូអ៊ីង​ដឹក​អ្នក​ដំណើរទាំង​បួន​ប្រភេទ ត្រូវ​ជាប់​អង្កេត​របស់​ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាមេរិក។

ក្រៅ​អំពី​ប៊ូអ៊ីង ៧៨៧ និង​៧៣៧ ​យន្តហោះ​ប៊ូអ៊ីង​​ប្រភេទ​៧៧៧ ក៏​ត្រូវ​ជាប់ក្នុង​សំណាញ់​របស់​​ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាមេរិក​​ដែរ ព្រោះកាលពី​ថ្ងៃទី​១៤​មេសា ​​អ្នក​ប្រកាស​អាសន្នតាម​បណ្តាញ​សង្គមបួន​នាក់​បាន​អះអាង​ប្រាប់​គណៈកម្មការព្រឹទ្ធសភា​អាមេរិក​ថា​មាន​ភាព​​មិន​ប្រក្រតីធ្ងន់ធ្ងរ​ក្នុង​ផលិត​កម្ម​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧Max ៧៨៧Dreamliner និង​៧៧៧។

យន្តហោះ​ប៊ូអ៊ីង​ប្រភេទ​៧៨៧Dreamliner និង​៧៣៧​Max មាន​បញ្ហា​ផលិតកម្មជាច្រើន​​តាំង​ពី​ឆ្នាំ​២០២៣​មក ដែល​មកពន្យឺត​ការ​ប្រគល់​យន្តហោះ​ទៅ​ឱ្យ​អ្នក​បញ្ជា​ទិញ​យ៉ាង​ខ្លាំង​។ ក្រុមហ៊ុន​ខ្លះ​បាន​កែប្រែ​កាលវិភាគ​ហោះហើរ​ឆ្នាំ​២០២៤​តែម្តងផង។ តាំងពី​ខែ​មករា​មក យន្តហោះ​​ប៊ូអ៊ីង​ប្រភេទ​៧៣៧ដែល​ជា​ផលិតផល​សំណព្វ​​របស់​ក្រុមហ៊ុនប៊ូអ៊ីង ស្ថិត​នៅ​ក្រោមការ​​អង្កេត​​យ៉ាង​កៀកកិត​របស់​ភ្នាក់ងារ​អាមេរិក លើ​រចនា​សម្ព័ន្ធ​ទាំងមូល​របស់​យន្តហោះ។ ៧៣៧​Max ដែល​ធ្លាប់​ជួប​វិបត្តិ​ហាមឃាត់​មិន​ឱ្យ​ហោះហើរ​អស់​ជាង​មួយ​ឆ្នាំ ក្រោយ​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០១៨ និង​អេត្យូពី នៅ​ឆ្នាំ​២០១៩​មក​ យន្តហោះ​ប្រភេទ​នេះ​កំពុង​បន្ត​មាន​បញ្ហា​គុណភាព​និង​សុវត្ថិភាព​ហោះហើរ​មួយចំនួន​ទៀត។ បញ្ហា​ធ្ងន់ធ្ងរ​ចុងក្រោយ​គឺ​ការ​របូត​ទ្វារ​របស់​យន្តហោះអាឡាស្កា​កាលពី​ថ្ងៃទី​៥មករា។ រឿង​អាស្រូវជា​បន្តបន្ទាប់​​នេះ បាន​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ប៊ូអ៊ីង​ សម្រេច​​លាលែង​ចេញពី​តំណែង​នៅ​ដំណាច់​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ