អានតួអត្ថបទ
កាណដា-ទឹកជំនន់

កាណាដាដាក់តំបន់​ភាគ​ខាងលិចប្រទេស​​ក្នុងភាព​អាសន្ន​ទឹកជំនន់

ក្រោយ​រងគ្រោះ​ទឹកជំនន់​ នៅ​ក្នុង​បណ្តាក្រុង​ជា​ច្រើន​ យ៉ាងធ្ងន់ធ្ងរមក កាណាដា​បាន​សម្រេចប្រកាសអាសន្ន​ ដាក់​តំបន់​ប៉ែក​ខាង​លិច​នៃ​ប្រទេស ក្នុង​ភាព​អាសន្ន​ទឹកជំនន់ និង​បាន​ជម្លៀសប្រជាពលរដ្ឋ​រាប់​ពាន់​នាក់។ រដ្ឋាភិបាលកាណាដា​បាន​ថែម​ទាំង​សម្រេច​បញ្ចេញទ័ពមក​ដាក់​ពង្រាយ​ជា​ជំនួយ​ទៀត​ផង។

ទឹកជំនន់​និងការ​ហូរបាក់ដី​នៅខេត្ត  British Columbia ភាគ​ខាងលិចប្រទេស​កាណាដា
ទឹកជំនន់​និងការ​ហូរបាក់ដី​នៅខេត្ត British Columbia ភាគ​ខាងលិចប្រទេស​កាណាដា Handout British Columbia Ministry of Transportation and Safety/AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីរង​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង ឡើង​ដល់​៤៩,៩អង្សា កាលពី​រដូវ​ប្រាំង តាំង​ពី​ថ្ងៃ​អាទិត្យ​មក ទឹក​ភ្លៀងបាន​ហូរ​ធ្លាក់​​យ៉ាង​ខ្លាំង​មិនធ្លាប់​មាន លើ​តំបន់​ប៉ែក​ខាងលិច​កាណាដា ​បណ្តាល​ឱ្យ​មាន​ទឹកជំនន់ ការហូរ​បាក់ដី សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់ និង​បាត់​ខ្លួន​បួន​នាក់។ កន្លែង​កន្លះ កម្ពស់​ទឹកភ្លៀង​​តែ​មួយ​ថ្ងៃ ស្ទើរ​ស្មើ​ភ្លៀង​មួយ​ខែ។ ទឹក​ជំនន់​បានបំផ្លាញ​ជា​ពិសេស​ចម្ការ​កសិកម្ម ដោយ​កសិដ្ឋាន​រាប់​រយ​ត្រូវ​ខូចខាត សត្វ​ពាហនៈរាប់​ម៉ឺនក្បាលបាន​ងាប់។​ ផ្លូវ​ថ្នល់​ត្រូវ​កាត់​ផ្តាច់ ឬ​បិទ ចរាចរណ៍​ផ្លូវដែក​ភ្ជាប់​ទៅកំពង់ផែVancouver ត្រូវ​ផ្អាក បាន​រំខានបណ្តាញ​ផ្គត់ផ្គង់​ប្រទេសយ៉ាង​ខ្លាំង។

បើ​តាម​អភិបាលខេត្ត​​ នេះជាភស្តុតាង​ដ៏​ច្បាស់​លាស់​មួយ​ទៀត​នៃ​ផលវិបាកបង្ក​ឡើង​ដោយ​​ការ​ប្រែប្រួលអាកាសធាតុ​ និង​ដោយ​ទង្វើ​របស់​មនុស្ស។ ​ប្រឈម​នឹង​រលក​រាតត្បាត​សុខភាព​សាធារណៈ​ដ៏ធ្ងន់ធ្ងរផង គ្រោះ​រាំងស្ងួត និង​​ភ្លើង​ឆេះព្រៃ​ដ៏​កំណាច​កាលពី​ខែក្តៅផង ឥលូវ​ត្រូវ​ប្រឈមនឹង​គ្រោះ​ទឹកជំនន់​ទៀត ដូច្នេះ​កាណាដាត្រូវតែចាត់​វិធានការ​បន្ទាន់​ដាក់​ តំបន់​ក្នុង​ភាព​អាសន្ន​។

តាម​រយៈ​វិធានការ​ដាក់​ខេត្តខាង​លិច​ក្នុង​ភាព​អាសន្ន​ ការ​ស្តារ​និង​ស្ថាបនា​ផ្លូវ​ថ្នល់​ដែល​ខូច​ខាត​ដោយ​ទឹកជំនន់​ និង​បិទ​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ នឹង​បាន​លឿន​រហ័ស​។ ក្នុង​រយៈ​ពេល​១៤ថ្ងៃ​ យ៉ាង​តិច រដ្ឋាភិបាលបាន​​ណែនាំ​មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​បម្លាស់​ទី​មិន​ចាំបាច់ ដោយ​ផ្តល់អាទិភាព​ដល់​តែ​ការ​ដឹកជញ្ជូន​សំខាន់ៗ សេវា​សុខាភិបាល និង​សុខភាព​បន្ទាន់។

ថ្ងៃ​​នេះ​មេឃ​ចាប់​ស្រលះ​បន្តិច​វិញ​ហើយ។ នាយក​រដ្ឋមន្ត្រីកាណាដា បានសន្យា​ជួយ​ស្ថាបនាតំបន់​ឡើង​វិញ​ពីគ្រោះ​អាកាសធាតុ​ដ៏កំណាច​នេះ ដោយ​​បានថែម​ទាំងប្រកាស​បញ្ចេញ​កងកម្លាំងទ័ព​អាកាស​ ប្រមាណជាង​១ពាន់​នាក់ ដើម្បីមកជួយ​ធ្វើ​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ ដឹកស្បៀងអាហារ​ និង​ការពារ​ពលរដ្ឋ នៅ​ក្នុង​តំបន់​លិច​ទឹក​និង​តំបន់​បាក់ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ