អានតួអត្ថបទ
កាណាដា-ឃាតកម្ម

ការវាយប្រហារ​ដោយ​កាំបិតសម្លាប់មនុស្ស​យ៉ាងហោច ១០នាក់ នៅ​កាណាដា

នៅ​កាណាដា ប៉ូលិស​កំពុង​បើកប្រតិបត្តិការ​តាមចាប់បុរស​២រូប ដែល​គេ​សង្ស័យថា ជាអ្នកដើរចាក់​សម្លាប់​មនុស្ស នៅ​ក្នុង​ក្រុង​ចំនួន ២​នៅ​ភាគខាងលិច​ប្រទេស។ នៅក្រោយ​ទទួល​បាន​ទូរស័ព្ទសុំជំនួយ កាលពី​នៅថ្ងៃអាទិត្យ ប៉ូលិស​កាណាដា​បាន​ចុះ​ដល់​ទៅ​សហគមន៍​រស់នៅ​របស់​ជនជាតិដើម និង​បាន​ប្រទះឃើញ​សាកសព​មនុស្ស​១០នាក់ ចំណែក មនុស្ស​ជាង​១៥នាក់​រងរបួស និង​ត្រូវ​បាន​គេ​ដឹកយកទៅព្យាបាល​នៅ​មន្ទីរពេទ្យ។ នាយករដ្ឋមន្រ្តី​កាណាដា លោក​Justin Trudeau​ចាត់ទុក​ការវាយប្រហារ​កាលពីថ្ងៃអាទិត្យថា ជា​អំពើអាក្រក់ព្រៃផ្សៃ និង​គួរ​ឲ្យរន្ធត់បំផុត នៅកាណាដា។

ប៉ូលិស​ធ្វើ​កោសល្យវិច័យ​នៅកន្លែងឃាតកម្ម​ចាក់សម្លាប់មនុស្ស​ដោយ​កាំបិត​ទៅ​ទីក្រុងJames Smith Cree Nation ​ដែលសំបូរជនជាតិដើម នៅកាណាដា កាលពីថ្ងៃទី ៤ កញ្ញា ២០២២
ប៉ូលិស​ធ្វើ​កោសល្យវិច័យ​នៅកន្លែងឃាតកម្ម​ចាក់សម្លាប់មនុស្ស​ដោយ​កាំបិត​ទៅ​ទីក្រុងJames Smith Cree Nation ​ដែលសំបូរជនជាតិដើម នៅកាណាដា កាលពីថ្ងៃទី ៤ កញ្ញា ២០២២ REUTERS - DAVID STOBBE
ផ្សាយពាណិជ្ជកម្ម

តាំងពីថ្ងៃ​អាទិត្យ ប៉ូលិស​កាណាដា​តាមប្រមាញ់​ចាប់ ជនសង្ស័យ​២នាក់ ដែល​បាន​ចាក់​សម្លាប់​មនុស្ស យ៉ាងហោច ១០នាក់ នៅ​ទីក្រុង​ដាច់ស្រយាល​ចំនួន ២​នៅភាគខាងលិច​កាណាដា។ នៅក្រោយ ទទួល​ទូរស័ព្ទសុំជំនួយ​បន្ទាន់ នៅព្រឹកព្រលឹម​ថ្ងៃអាទិត្យ ប៉ូលិស​បាន​ចុះទៅ​ដល់​សហគមន៍​ជនជាតិដើម នៅ​ទីក្រុង​James Smith Cree Nation និង​Weldon ជាទី​ដែល​គេ​រកឃើញ​សាកសព​មនុស្ស​១០នាក់ ចំណែក​មនុស្ស​១៥នាក់ផ្សេងទៀត​រងរបួស។

តាម​ស្នងការរង​ប៉ូលិសជាតិ​កាណាដា លោកស្រី Rhonda Blackmore នៅក្នុង​ការស៊ើបអង្កេត គេរកឃើញ មាន​កន្លែងឃាតកម្ម ចំនួន ១៣។ ជាមួយគ្នានោះ គេ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​២រូប អាយុ ៣០ និង​៣១​ឆ្នាំ ដែល​គេជឿថា បាន​រត់គេចខ្លួន​ជាមួយ​រថយន្ត​ម៉ាក នីសាន់ មួយគ្រឿង។

នៅក្នុងសារទ្វីត​កាលពីថ្ងៃ​អាទិត្យ នាយករដ្ឋមន្រ្តីកាណាដា លោក​Justin Trudeau បានបរិហារ​ចាត់ទុក​ការចាក់សម្លាប់មនុស្ស​ជាខែ្ស កាលពីថ្ងៃ​អាទិត្យ ថា ជាអំពើឃោឃៅ និង​គួរ​ឲ្យ​រន្ធត់បំផុត។ លោកបាន​សំដែងផងដែរ ការចូលរួមរំលែកទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ និង​អ្នករបួស កាលពីថ្ងៃម្សិលមិញ។

អាជ្ញាធរ​កាណាដា​វាយតម្លៃថា ជនរងគ្រោះមួយចំនួន អាច​ជា​ផ្ទាំងស៊ីបវាយប្រហារ​ផ្ទាល់​របស់​ឧក្រិដ្ឋជន ចំណែក ជនរងគ្រោះ​មួយចំនួន​ផ្សេងទៀត អាច​ត្រូវ​ឧក្រិដ្ឋជន​ចាក់សម្លាប់ ដោយចៃដន្យ។ យ៉ាងណាក៏ដោយ សម្រាប់​ប៉ូលិស​កាណាដា វា​នៅឆាប់ពេក ដើម្បីសន្និដ្ឋាន​ពី​មូលហេតុ​ដែលធ្វើ​ឲ្យ​ជនសង្ស័យ​ដើរចាក់សម្លាប់មនុស្ស នៅពេលនេះ។​

លោកស្រី ស្នងការរងប៉ូលិស​ជាតិ​កាណាដា​បាន​អះអាង​ថា ដោយបិទ​ផ្លូវ​ច្រកចេញចូល​ខេត្ត​Saskatchewan ប៉ូលិស​នឹងប្រើ​គ្រប់មធ្យោបាយ ជា​អតិបរមា ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ។ គិតនៅត្រឹម​ថ្ងៃ​អាទិត្យ ជនសង្ស័យ​ទាំងពីររូប​ត្រូវបាន​គេឃើញ​ដាន​នៅ​ទីក្រុង​Regina ដែល​ស្ថិតនៅ​ចម្ងាយ​៣០០គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ។ ប្រតិបត្តិការ​តាមប្រមាញ់​ជនសង្ស័យ ត្រូវ​បាន​ពង្រីក​ចូលទៅខេត្ត​២ផ្សេងទៀត របស់​កាណាដា ដែលមាន​ទំហំផ្ទៃដី​ស្មើ​ពាក់កណ្តាល​ទឹកដីអឺរ៉ុប។

នៅ​ទីក្រុង​កើតហេតុ Jame Smith Cree Nation ក្នុង​ខេត្ត​Saskatchewan ដែល​មាន​ប្រជាជន ជនជាតិដើម រស់នៅប្រមាណ ២៥០០​នាក់ អាជ្ញាធរបានប្រកាស​ដាក់​ក្រុង​ក្នុងស្ថានភាពអាសន្ន ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាជន​ស្ថិតក្នុងផ្ទះ ដើម្បី​សុវត្ថិភាព។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កាណាដា​បាន​ជួប​ព្រឹត្តិការណ៍ដ៏​ហិង្សា​ជាបន្តបន្ទាប់។ នៅខែ មេដា ឆ្នាំ ២០២០ ខ្មាន់កាំភ្លើងម្នាក់ ដែល​តែងតួខ្លួន​ជា​ប៉ូលិស​បាន​បាញ់សម្លាប់មនុស្ស​១៦នាក់ នៅ​Nouvelle-Ecosse។ នៅខែ​មករា ឆ្នាំ ២០១៧ មនុស្ស​៦នាក់​ស្លាប់នៅក្នុង​ការវាយប្រហារ​ទៅលើ​វិហារអ៊ីស្លាម​នៅ កេបិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ