អានតួអត្ថបទ

នៅសហរដ្ឋអាមេរិក Shutdown ត្រូវបានបញ្ជៀស តែជាដំណោះស្រាយបណ្តោះអាសន្ន

នៅ​សហរដ្ឋអាមេរិក Shutdown ឬ​វិបត្តិ​ថវិកា​របស់​រដ្ឋសហព័ន្ធ​ត្រូវ​បាន​បញ្ជៀស​ដោយ​សភា និង​ព្រឹទ្ធសភា​បាន​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​នាទី​ចុង​ក្រោយ​នា​យប់​ថ្ងៃ​សៅរ៍ ទី៣០ កញ្ញា។ ប្រធានាធិបតី​លោក​បៃដិន​បាន​សាទរ និង​បាន​ស្នើ​ឲ្យ​សភា​ទាំង​ពីរ​អនុម័ត​លើ​ថវិកា​សម្រាប់​បន្ត​ជួយ​អ៊ុយក្រែន​ដែល​កំពុង​ប្រឈម​នឹង​សង្រ្គាម​ទល់​នឹង​រុស្ស៊ី។

នៅសហរដ្ឋអាមេរិក  Shutdown ត្រូវបានបញ្ជៀស តែជាដំណោះស្រាយបណ្តោះអាសន្ន។
នៅសហរដ្ឋអាមេរិក Shutdown ត្រូវបានបញ្ជៀស តែជាដំណោះស្រាយបណ្តោះអាសន្ន។ Getty Images via AFP - ANNA MONEYMAKER
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​សភា​បោះឆ្នោត​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៣៣៥សំឡេង​ទល់​នឹង​សំឡេង​ប្រឆាំង​ចំនួន ៩១សំឡេង។ ចំណែក​ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៨៨សំឡេង​ទល់​នឹង​សំឡេង​ប្រឆាំង​ចំនួន ៩សំឡេង។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចព្រមព្រៀង​មួយ​នេះ​នៅ​ជា​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ដែល​មាន​សុពលភាព​ត្រឹម ៤៥ថ្ងៃ និង​គ្មាន​ខ្ទង់​ចំណាយ​សម្រាប់​ជួយ​អ៊ុយក្រែន​ទេ។ គួរ​បញ្ជាក់​ថា ខ្ទង់ចំណាយ​សម្រាប់​អ៊ុយក្រែន​នេះ​ជា​ឧបសគ្គ​ចម្បង​នៃ​ការ​ប្រទាញប្រទង់​គ្នា​រវាង​ក្រុម​អ្នក​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា និង​ក្រុម​អ្នកប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី​លោក​បៃដិន។

ក្រុម​អ្នកសាធារណរដ្ឋ ពិសេស​ក្រុម​អ្នក​គាំទ្រ​លោក​ដូណាល់ ត្រាំ​បាន​ប្រឆាំង​ដាច់​ណាត់​នឹង​កិច្ចព្រមព្រៀង​ណា​ដែល​មាន​ខ្ទង់ចំណាយ​សម្រាប់​ជួយ​អ៊ុយក្រែន​នៅ​ក្នុង​កញ្ចប់​ថវិកា​ថ្មី​របស់​រដ្ឋសហព័ន្ធ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​អ្នកសាធារណរដ្ឋ​លោក Kevin McCarthy បាន​ស្នើ​នៅ​នាទី​ចុង​ក្រោយ គឺ​ដក​ខ្ទង់​ចំណាយ​សម្រាប់​ជួយ​អ៊ុយក្រែន​ចេញ។ លោក Hakeem Jeffries ប្រធាន​ក្រុម​សំឡេង​ភាគតិច​អ្នកប្រជាធិបតេយ្យ​នៅ​សភា​បាន​សាទរ និង​ចាត់​ទុក​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​នេះ​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ។« យើង​បាន​គេច​ផុត​ពី Shutdown ដែល​ចង់​បាន​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក​ដូណាល់ ត្រាំ ហើយ​យើង​នឹង​បន្ត​គាំទ្រ​ផលប្រយោជន៍​របស់​ពលរដ្ឋ​អាមេរិក » នេះ​ជា​ការ​ការ​ថ្លែង​របស់​លោក Hakeem Jeffries។

ការ​សាទរ​ក៏​មាន​ពី​ប្រធានាធិបតី​លោក​ចូ បៃដិន​ដែរ។ តែ​អ្វី​ដែល​លោក​បៃដិន​បាន​ស្នើ​ដោយ​ទទូច គឺ​សុំ​ឲ្យ​ក្រុមអ្នកសាធារណរដ្ឋ​គិតគូរ​ពី​ថវិកា​សម្រាប់​ជួយ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​បន្ត​សង្រ្គាម​តតាំង​នឹង​ប្រទេស​រុស្ស៊ី។ សរុប​មក សហរដ្ឋអាមេរិក​បាន​ធូរទ្រូង និង​បាន​គេច​ផុត​ពី Shutdown រយៈពេល ៤៥ថ្ងៃ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​នៅ ៤៥ថ្ងៃ​ក្រោយ​មក តើ​សហរដ្ឋអាមេរិក​នឹង​អាច​បញ្ចៀស Shutdown បាន​ជា​ថ្មី ឬ​អត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ