អានតួអត្ថបទ

តុលាការរុស្ស៊ី សម្រេចឃុំខ្លួនអ្នកកាសែតសញ្ជាតិ រុស្ស៊ី-អាមេរិកាំងម្នាក់ រហូតដល់ថ្ងៃទី ៥ ធ្នូ

ថ្ងៃចន្ទទី ២៣ តុលា តុលាការរុស្ស៊ី បានបញ្ជាឲ្យឃុំខ្លួនអ្នកកាសែតសញ្ជាតិពីររុស្ស៊ី-អាមេរិកាំង លោកស្រី Alsu Kurmasheva ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន។ នេះគឺជាលើកទី ២ ដែលរុស្សីចាប់ឃុំ អ្នកយកការណ៍ ដែលមានជាប់សញ្ជាតិអាមេរិកាំង។

តុលាការរុស្ស៊ី ឃុំខ្លួនអ្នកកាសែតម្នាក់សញ្ជាតិពីរ រុស្ស៊ី-អាមេរិកាំង រហូតដល់ថ្ងៃទី ៥ ធ្នូ
តុលាការរុស្ស៊ី ឃុំខ្លួនអ្នកកាសែតម្នាក់សញ្ជាតិពីរ រុស្ស៊ី-អាមេរិកាំង រហូតដល់ថ្ងៃទី ៥ ធ្នូ AP - Claire Bigg
ផ្សាយពាណិជ្ជកម្ម

តាំងពីប្រទេសរុស្ស៊ី ចាប់ផ្តើមវាយលុកចូលអ៊ុយក្រែន នៅខែ កុម្ភៈ ឆ្នាំ២០២២ មក រុស្ស៊ីបានពង្រីកប្រតិបត្តិការបង្ក្រាប ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការក្រៅរដ្ឋាភិបាល ក្រុមមេធាវី និង បណ្តាអ្នកប្រឆាំងនានា។ 

ស្ត្រីអ្នកកាសែត Alsu Kurmasheva រូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធទី ១៨ តុលា ដោយជាប់ចោទពីបទ មិនព្រមចុះហត្ថលេខាក្រោមអត្ថបទរបស់ខ្លួន ព្រមទទួលស្គាល់ថា មានឈ្មោះជាភ្នាក់ងារបរទេស ដែលបានផ្សព្វផ្សាយដោយចេតនា នូវពត៏មាននានា ទាក់ទងនឹងសកម្មភាពយោធា ដែលអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិរុស្ស៊ី។

លោកស្រី Kurmasheva ដែលធ្វើការឲ្យ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង Radio Free Europe/Radio Liberty (RFE/RL) អាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។ ប្រធានស្តីទី របស់អ្នកស្រី លោក Jeffrey Gedmin បានអំពាវនាវ ឲ្យដោះលែងអ្នកកាសែតរូបនេះជាបន្ទាន់។

នៅក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានសម្តែង ក្តីព្រួយបារម្ភ របស់រដ្ឋាភិបាលអាមេរិក ចំពោះបញ្ហានេះ។ ថ្លែងនៅថ្ងៃចន្ទទៅកាន់ក្រុមអ្នកកាសែត លោកមានប្រសាសន៍ថា ៖ យើងបានសុំឲ្យកុងស៊ុលអាមេរិក អាចចូលជួបសួរសុខទុក្ខអ្នកកាសែតនេះ ប៉ុន្តែនៅមិនទាន់ទទួលបានការយល់ ព្រមពីខាងអាជ្ញាធររុស្ស៊ី នៅឡើយទេ។

គួរបញ្ជាក់ថា ការជាប់ចោទជា ភ្នាក់ងារបរទេស គឺតម្រូវឲ្យបុគ្គលរូបនោះ ទទួលពិន័យផ្នែករដ្ឋបាល និងត្រូវស្ថិតនៅក្រោម ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ផ្នែកហិរញ្ញវត្ថុ។ ពុំតែប៉ុណ្ណោះ ក្នុងនាមជាភ្នាក់ងារបរទេស សាមីខ្លួនត្រូវចុះហត្ថលេខា និង បញ្ជាក់ប្រាប់ច្បាស់ នៅពីក្រោមអត្ថបទនានា ដែលខ្លួនចេញផ្សាយ ថាខ្លួនពិតជាមានតួនាទីជា ភ្នាក់ងារបរទេស ប្រាកដមែន ។

សូមរំឭកថា បុគ្គលសំខាន់ៗដែលហ៊ានចេញមុខទិតៀន លោក វ៉្លាឌីមៀរ ពូទីន ក៏បានជាប់ឈ្មោះជា ភ្នាក់ងារបរទេសដែរ តួយ៉ាង ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក Dmitri Mouratov ដែលជានិពន្ធនាយកនៃ កាសែតឯករាជ ឈ្មោះ Novaya Gazeta ។

លោកស្រី Kurmasheva ដែលរស់នៅក្រុង Prague ប្រទេស ឆែក ជាមួយស្វាមី និងកូនស្រី ពីរនាក់ បានធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២០ ឧសភា ២០២៣ កន្លងទៅ ក្រោមមូលហេតុ បញ្ហាគ្រួសារបន្ទាន់។ តែអ្នកស្រី ពុំអាចវិលត្រឡប់ទៅវិញបាន ដោយសារលិខិតឆ្លងដែនអាមេរិកាំង និង លិខិតឆ្លងដែនរុស្ស៊ី របស់គាត់ ត្រូវបានអាជ្ញាធររុស្ស៊ីរឹបអូសយក។

យោងតាមគេហទំព័រ Tatar Inform ស្ត្រីសញ្ជាតិពីររូបនេះ ត្រូវបានផ្តន្ទាទោសឲ្យបង់ប្រាក់ពិន័យ កាលពីថ្ងៃ ១១ តុលា ពីបទមិនបានប្រកាសអំពីសញ្ជាតិអាមេរិកាំងរបស់គាត់ ឲ្យអាជ្ញាធររុស្ស៊ីបានដឹង។

គួរបញ្ជាក់ថា ស្ត្រីអ្នកកាសែតខាងលើ គឺជាអ្នកយកការណ៍អាមេរិកាំងទី២ ដែលត្រូវបានចាប់ខ្លួននៅរុស្ស៊ី ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីអ្នកកាសែតអាមេរិកាំងម្នាក់ទៀត គឺលោក Evan Gershkovitch ។ អ្នកយកការណ៍ របស់កាសែត The Wall Street Journal រូបនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ២៩ មិនា ២០២៣​ ក្នុងពេលដែលលោកកំពុងបំពេញការងារខ្លួន ហើយកំពុងជាប់ឃុំខ្លួននៅក្រុងម៉ូស្គូ មកទល់បច្ចុប្បន្ន។

លោក Gershkovitch ដែលធ្លាប់បានធ្វើការឲ្យភ្នាក់ងារព័ត៌មាន AFP ប្រចាំនៅរុស្ស៊ី បានជាប់ចោទពីបទ ចារកិច្ច ដែលជាឧក្រិដ្ឋកម្មធំមួយនៅរុស្ស៊ី ដែលអាចជាប់ពន្ធនាគាររហូត ដល់ ២០ ឆ្នាំ ។ ការចោទប្រកាន់នេះ ត្រូវលោក Gershkovitch ក្តី ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងក្រុមហ៊ុនកាសែត និង សាច់ញាតិរបស់លោកក្តី ច្រានចោល យ៉ាងដាច់អហង្ការ។

គេដឹងថា ប្រទេសរុស្ស៊ី មិនដែលលើកយកភស្តុតាង មកសំអាងលើការចោទប្រកាន់ទាំងនេះឡើយ ហើយនីតិវិធីទៀតសោត តែងប្រព្រឹត្តទៅក្នុងភាពសម្ងាត់ ជានិច្ច។

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានពលរដ្ឋអាមេរិកាំងជាច្រើនរូប ដែលត្រូវបានចាប់ខ្លួននៅរុស្ស៊ី តែបានទទួលសេរីភាពវិញ តាមរយៈការដោះដូរអ្នកទោសទៅវិញទៅមក ជាមួយក្រុងវ៉ាស៊ីនតោន។ ក្រោយពីការចាប់ខ្លួន រូបលោកស្រី Kurmasheva វិមានក្រេមឡាំង បានថ្លែងបដិសេធច្រានចោល ការចោទប្រកាន់ថា រុស្ស៊ី “ធ្វើទុក្ខបុកម្នេញ” លើក្រុមអ្នកកាសែត អាមេរិកាំង។

ចាប់តាំងពី រុស្ស៊ីបានវាយលុកចូលអ៊ុយក្រែនមក ក្រុមសកម្មជន និង អ្នកកាសែតរុស្ស៊ីមួយចំនួន បានរត់ចេញពី ប្រទេសរបស់ខ្លួន ដ្បិតភ័យខ្លាចត្រូវរងការចាប់ឃុំខ្លួនពីសំណាក់អាជ្ញាធររុស្ស៊ី។ តែទោះជាយ៉ាងនេះក្តី ក៏មានសកម្មជនល្បីឈ្មោះមួយចំនួន ដែលត្រូវរងការចោទប្រកាន់ និង ស្ថិតក្នុងពន្ធនាគារ មកទល់សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ