អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ ត្រូវតុលាការផ្ដន្ទាទោសពិន័យជាប្រាក់ ៣៥៥លានដុល្លារ ពីបទក្លែងបន្លំ​ហិរញ្ញវត្ថុ

តុលាការកំពូលរដ្ឋញូយ៉ក បានចេញសាលក្រម​កាលពីថ្ងៃ​សុក្រ ទី​១៦កុម្ភៈ កាត់ទោសលោកដូណាល់ ត្រាំ ដោយ​ពិន័យ​ជាប្រាក់ចំនួនប្រមាណ ៣៥៥លានដុល្លារ ពីបទក្លែងបន្លំហិរញ្ញវត្ថុនៅក្នុង​អាណាចក្រ​ក្រុមហ៊ុនអចលនទ្រព្យ​របស់លោកគាត់​។ សាលក្រមកាត់ទោសនេះ ត្រូវបាន​លោកដូណាល់ ត្រាំ រិះគន់​បរិហារភ្លាមៗ ថាគ្មានការពិត និង​ជាឧបករណ៍​នយោបាយ​ដើម្បីធ្វើបាបរូបលោក​តែប៉ុណ្ណោះ។

លោកដូណាល់ ត្រាំ ពេលចូលបង្ហាញខ្លួននៅសវនាការ តុលាការកំពូលរដ្ឋញូយ៉ក ថ្ងៃទី​៣ តុលា ២០២៣
លោកដូណាល់ ត្រាំ ពេលចូលបង្ហាញខ្លួននៅសវនាការ តុលាការកំពូលរដ្ឋញូយ៉ក ថ្ងៃទី​៣ តុលា ២០២៣ AP - Seth Wenig
ផ្សាយពាណិជ្ជកម្ម

ក្នុងសាលក្រម​កម្រាស់​​៩២ទំព័រ លោក Arthur Engoron ចៅក្រមតុលាការកំពូលរដ្ឋញូយ៉ក បានសម្រេច​ហាមឃាត់​លោកដូណាល់ ត្រាំ មិន​ឲ្យមានតួនាទី​​​គ្រប់គ្រង​ក្រុមហ៊ុន ឬនីតិបុគ្គលណាទាំងអស់ ក្នុងរយៈពេល​៣ឆ្នាំ នៅក្នុងរដ្ឋញូយ៉ក។ បន្ថែមពីនេះ លោក​ដូណាល់ ត្រាំ ត្រូវបង់ប្រាក់ពិន័យ ចំនួន​ ៣៥៤,៨​៦ លាន​ដុល្លារ​។

សូម​រំលឹកថា លោកស្រីអគ្គរដ្ឋអាជ្ញា​ប្រចាំរដ្ឋញូយ៉ក Letitia James បាន​ដាក់ពាក្យ​ប្តឹង​ចោទលោកដូណាល់ ត្រាំ កាល​ពីខែ​តុលាឆ្នាំ​២០២២ ពីបទក្លែងបន្លំហិរញ្ញវត្ថុ។ ពាក្យ​បណ្តឹងនេះ បានចាប់បង្ខំឲ្យ​លោកដូណាល់ ត្រាំ ព្រមទាំង​កូន​ប្រុសទាំង២នាក់ និង​អាណាចក្រក្រុម​ហ៊ុន​ Trump Organization ត្រូវចូលខ្លួន​ក្នុង​សវនាការរដ្ឋប្បវេណី ដែលចាប់​ផ្តើមពីខែ​តុលា ដល់ខែ​មករា​កន្លងទៅ ដោយបានទាមទារ​ឲ្យ​ភាគីជាប់ចោទ បង់ប្រាក់ពិន័យចំនួន ៣៧០លានដុល្លារ។

ភ្លាមៗក្រោយតុលាការកំពូលចេញសាលក្រម លោកដូណាល់ ត្រាំបានអះអាងថាលោកនឹងប្តឹងទាស់ ទៅតុលាការឧទ្ធរណ៍។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកត្រាំបានសរសេរថា គ្មាន​ឡើងការក្លែងបន្លំ​ហិរញ្ញវត្ថុ ដូចតុលាការចោទ ហើយផ្ទុយទៅវិញសាលក្រមនេះ គឺជា​ឧបករណ៍​នយោបាយដើម្បីធ្វើបាបមកលើរូបលោក​តែប៉ុណ្ណ។ លោកដូណាល់ ត្រាំ បានសរសេរបរិហារ ចោទលោកចៅក្រម​ Arthur Engoron និងលោកស្រីអគ្គរដ្ឋអាជ្ញា Letitia James ថាសុទ្ធតែជាមនុស្ស​ពុករលួយដង្កូវស៊ី។​

ដោយឡែក ផ្អែកតាម​លោក​ Brian Quinn សាស្ត្រាចារ្យច្បាប់​នៅ​ Boston College គឺទោះបី​លោក​ដូណាល់ ត្រាំ សម្រេច​ប្តឹងទាស់ទៅ​តុលាការឧទ្ធរណ៍​ក៏ដោយ តែវាមិនមែនមានន័យថា លោកត្រាំ អាចគេចវេស មិនបង់​ប្រាក់ពិន័យ ៣៥៥លានដុល្លារ ក្នុងពេលនេះ​នោះទេ។

សូមបញ្ជាក់ថា លោកដូណាល់ ត្រាំ និងកូនៗ ត្រូវបាន​តុលាការរដ្ឋញូយ៉ក ចោទថាបាន​បំប៉ោងតួលេខ​ហិរញ្ញវត្ថុ ក្នុងកំឡុងឆ្នាំ២០១០ ដល់​២០២០។ យោងតាមការស៊ើបអង្កេត គឺ​លោកដូណាល់ ត្រាំ បានបំប៉ោងតួលេខ​តម្លៃទ្រព​សកម្ម របស់​ក្រុមហ៊ុន Trump Organization ជាក់ស្តែងដូចជា តម្លៃ​អគារTrump Tower តម្លៃសណ្ឋាគារប្រណិត ឬតម្លៃក្លឹប​វាយ​កូនហ្គោលជាដើម​ ដើម្បីទទួលបាន​ប្រាក់កម្ចី​​កាន់តែច្រើនពីធនាគារ និង​បានទទួល​លក្ខខណ្ឌធានាដ៏ប្រសើរ ពីសំណាក់ក្រុមហ៊ុនធានារ៉ាបរង។

ជាឧទាហរណ៍ អគ្គរដ្ឋអាជ្ញា​រដ្ឋញូយ៉ក បានបង្ហាញភស្តុតាងយ៉ាងច្បាស់ថា នៅរវាង​ពីឆ្នាំ​២០១៤ ដល់ឆ្នាំ​២០២១ ក្រុមហ៊ុនលោកដូណាល់ ត្រាំ បានបំភ្លើស​តួលេខទ្រព្យសកម្ម ចំនួនពី ៨១២លានទៅ ២២០០លានដុល្លារ ក្នុងមួយឆ្នាំ​ៗ។ ដោយ​សង្កេតឃើញ​ អំពើក្លែងបន្លំម្តងហើយម្តងទៀតនេះ លោកចៅក្រម​ Arthur Engoron ធ្លាប់​បានសម្រេច​ជម្រះបញ្ជី បិទក្រុមហ៊ុន​ជាច្រើន ក្នុងបណ្តាញក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Trum Organization។

កាលពីថ្ងៃសុក្រទី​១៦កុម្ភៈ ក្នុងពេល​ប្រកាសសាលក្រម លោកចៅក្រម​ Arthur Engoron បានលើកឡើងថា ចំនួនទឹកប្រាក់ពិន័យ​នេះ គឺសក្តិសមណាស់ បើប្រៀបធៀបទៅនឹង​អាកប្បកិរិយារបស់​លោកដូណាស់ ត្រាំ និងកូនប្រុសទាំង​២នាក់ ដែល​​ក្រអឺតក្រទម មើលងាយ​ប្រព័ន្ធយុត្តិធម៌ ហើយប្រកែកទាំងងងើល ​មិនទទួល​ស្គាល់​កំហុស​ខ្លួន បើទោះបីមានភស្តុតាងយ៉ាងប្រត្យក្សក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ