អានតួអត្ថបទ
ប្រេស៊ីល-អាមេរិក

ប្រេស៊ីល​ទទួល​ប្រមុខការទូត​អាមេរិក​ចំពេល​មាន​ទំនាស់​ការទូត​ជាមួយ​អ៊ីស្រាអែល

កិច្ច​ប្រជុំការទូតលើកដំបូងសម្រាប់​ឆ្នាំ​២០២៤​​ ​នៃក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ជាង​គេ​២០​ដំបូង​នៅលើ​ពិភពលោក ​(ហៅកាត់​ថា​ហ្សេ២០) ដែល​ចាប់​​បើក​ធ្វើ​នៅ​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​នេះនៅប្រទេសប្រេស៊ីល ត្រូវ​គ្រប​ដណ្តប់​ដោយ​ជម្លោះ​នៅ​អ៊ុយក្រែន​និង​នៅ​ហ្កាហ្សា និង​ជា​វេទិកា​ប្រឈម​គ្នា​រវាង​ក្រុម​លោក​ខាង​លិចនិង​រុស្ស៊ី។ នា​ឱកាស​នេះ លោកលូឡា ប្រធានាធិបតី​​ប្រេស៊ីល​ ​បាន​ទទួល​ជួប​លោកប្រមុខ​ការទូត​អាមេរិក​ អង់តូនី ប្លីងកិនដែលអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រេស៊ីល​ជា​លើក​ទីមួយ។ ប៉ុន្តែជំនួប​រវាង​អ្នក​​ទាំងពីរ​ទំនង​ជា​មិន​សូវ​រលូន ព្រោះ​តែ​​ប្រេស៊ីល​កំពុង​មាន​វិបត្តិ​ពាក្យ​សំដី​ជាមួយ​នឹង​អ៊ីស្រាអែល។

ប្រមុខ​ការទូត​អាមេរិកលោក អង់តូនី ប្លីងកិន និង​លោក​ប្រធានាធិបតី​ប្រេស៊ីល​ លូឡា ថ្ងៃទី ២១​កុម្ភៈ​២០២៤
ប្រមុខ​ការទូត​អាមេរិកលោក អង់តូនី ប្លីងកិន និង​លោក​ប្រធានាធិបតី​ប្រេស៊ីល​ លូឡា ថ្ងៃទី ២១​កុម្ភៈ​២០២៤ AFP - EVARISTO SA
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រធានាធិបតី​ប្រេស៊ីល លោក លូឡា​ ដែល​ជា​ម្ចាស់​ផ្ទះ​ ជំនួប​ប្រជុំ​ហ្សេ​២០ជា​វេទិកា​ប្រកប​ដោយ​ឥទ្ធិពល​វិជ្ជមាន​បំផុត​សម្រាប់ដោះស្រាយ​ជម្លោះ​​អន្តរជាតិ​នានា។

ប៉ុន្តែ​មហិច្ឆតាចង់​ធ្វើ​អន្តរការី​ដោះស្រាយ​វិបត្តិ​ពិភពលោក​​របស់​លោក​លូឡា កំពុង​លិប​បាត់​ទៅ​វិញ ដោយ​កាលពី​ថ្ងៃអាទិត្យ​ទី ១៨​កុម្ភៈ លោក​លូឡា បាន​បញ្ឆេះ​វិបត្តិការទូត​ដ៏​សន្ធោសន្ធៅ​មួយ​ជាមួយ​អ៊ីស្រាអែល។ លោក​ប្រធានាធិបតី​ប្រេស៊ីល​បាន​ចោទ​អ៊ីស្រាអែល ថា​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប៉ាឡេស្ទីន​ និង​បាន​​ប្រៀបប្រដូច​ប្រតិបត្តិការយោធា​​អ៊ីស្រាអែលលើ​តំបន់​ហ្កាហ្សា ទៅ​នឹង​សកម្មភាព​របស់​ពួក​ណាហ្ស៊ីទៅ​លើ​ជនជាតិ​ជ្វីហ្វ។ ពាក្យសំដី​ឱ្យ​បាន​ធ្វើ​ឱ្យ​លោក​លូឡា ក្លាយ​ជា​ជន​មិន​ទទួល​ស្វាគមន៍​ពី​អ៊ីស្រាអែល។ កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​មួយ​កំរិត​ទៀត នៅ​ថ្ងៃអង្គារ​ម្សិលមិញ ​រដ្ឋមន្ត្រី​ការបរទេស​ប្រេស៊ីល​បាន​ចោទ​សមភាគី​អ៊ីស្រាអែល​ថានិយាយ​​ភូត​កុហក។

​ក្នុង​ពេល​កំពុង​មាន​វិបត្តិការ​ទូតជាមួយ​​អ៊ីស្រាអែលដ៏​តាន​តឹង​ នៅ​ថ្ងៃ​ពុធ​ទី​២១​កុម្ភៈនេះ ប្រធានាធិបតី​ប្រេស៊ីលបាន​ទទួល​ជួប​ប្រមុខ​ការ​ទូត​អាមេរិក ដែល​ជា​គាំទ្រ​អ៊ីស្រាអែល​ទាំង​ផ្នែក​យោធា​និង​ការទូត។ សហរដ្ឋ​អាមេរិក​ទើប​បាន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​ជា​លើក​ទី​បី នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ច្រាន​ចោល​សំណើ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​នៅ​ហ្កាហ្សា និង​បទ​ចោទ​ប្រកាន់​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។

ដូច្នេះ​ជំនួប​ពិភាក្សារវាងលោក​ប្រធានាធិបតី​​ប្រេស៊ីល​លូឡា និង​លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្លីនកិន ​​ច្បាស់​ជាមិន​ស្វាហាប់​ដូច​ការ​គ្រោង​ទុក​ទេ។ ក្រោយ​កិច្ចពិភាក្សា​នៅ​វិមាន​ប្រធានាធិបតី​ប្រេស៊ីល​រយៈ​ពេល​ជិត​​​៤៥នាទី​ ឥស្សរជន​ទាំងពីរ​មិន​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​អ្វី​ទាំងអស់​នៅ​ចំពោះមុខ​អ្នក​សារព័ត៌មាន។

នេះ​​ជា​លើក​ទីមួយហើយ​ដែលលោក អង់តូនី ប្លីងកិន ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ​​នៅ​ប្រេស៊ីល តាំងពី​ទទួល​តំណែង​ជា​ប្រមុខ​ការទូត​អាមេរិក​មក។ ទំនាក់ទំនង​អាមេរិក​ប្រេស៊ីល​ទើប​បាន​ប្រសើរ​ឡើង​វិញ​បន្តិច​ក្រោយ​ពី​លោក​លូឡា​ត្រលប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ។ ប្រមុខ​ដឹកនាំទាំងពីរ​មាន​មហិច្ឆតា​ដូច​គ្នា​ ក្នុង​ការ​ការពារ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិពលករ និង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

ប៉ុន្តែ​អាមេរិក​និង​ប្រេស៊ីល​ក៏​​មាន​ជំហរ​បញ្ច្រាស​គ្នាច្រើន​​ដែរ មាន​ជា​​អាទិ៍​សំណុំ​រឿង​សង្គ្រាម​អ៊ុយក្រែន​ ឬ​វិបត្តិ​ផ្ទៃក្នុង​​វេណេស៊ុយអេឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ