អានតួអត្ថបទ
អាមេរិក-អវកាស

អាមេរិកត្រលប់ទៅព្រះចន្ទវិញយ៉ាងជោគជ័យ​​ ជាមួយនឹងយាន​របស់​ក្រុមហ៊ុន Intuitive Machines

យានស្ទង់មួយរបស់ក្រុមហ៊ុនអាមេរិក​ Intuitive Machines បានចុះចតយ៉ាង​ជោគជ័យ​ នៅលើព្រះចន្ទ​។ គឺជាបេសកកម្ម​សហការជាមួយ​ទីភ្នាក់ងារអវកាស​អាមេរិក NASA ដើម្បីស្រាវជ្រាវនៅប៉ូលខាងត្បូងរបស់​ព្រះចន្ទ ដែលគេជឿថាមានទឹក​កក។ ជោគជ័យនេះ គឺជាការ​បោះជំហាន​ត្រលប់ទៅព្រះចន្ទវិញ ជាលើកដំបូង សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីបេសកកម្មអាប៉ូឡូ ត្រូវបាន​បិទបញ្ចប់នៅឆ្នាំ​១៩៧២។ ហើយក៏ជាលើកដំបូងដែរ ដែល​យានរបស់​ក្រុមហ៊ុនឯកជន អាចចុះចត​បាន​នៅលើព្រះចន្ទ​។

យន្តចុះចតNova-C ដែលគេដាក់ឈ្មោះបេសកកម្ម​ហៅថាOdysseus
របស់ក្រុមហ៊ុន​ Intuitive Machines កំពុងចូលកៀក​នឹងព្រះចន្ទ ថ្ងៃទី ២១ កុម្ភៈ ២០២៤
យន្តចុះចតNova-C ដែលគេដាក់ឈ្មោះបេសកកម្ម​ហៅថាOdysseus របស់ក្រុមហ៊ុន​ Intuitive Machines កំពុងចូលកៀក​នឹងព្រះចន្ទ ថ្ងៃទី ២១ កុម្ភៈ ២០២៤ via REUTERS - Intuitive Machines
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​២២កុម្ភៈ នៅវេលាម៉ោង ៥និង​២៣នាទី ម៉ោង​នៅហ៊ូស្តុន រដ្ឋតិចសាស់ យាន Nova-C របស់ក្រុមហ៊ុនអាមេរិក​ Intuitive Machines បានចុះចតដោយជោគជ័យ នៅចំងាយ​ប្រមាណ​៣០០គីឡូម៉ែត្រ ពីប៉ូលខាងត្បូងរបស់ព្រះចន្ទ។ Intuitive Machines បានបញ្ជាក់ថា​ យាននេះបានចុះចត ឈរនឹងដូចការគ្រោងទុក ហើយបានចាប់ផ្តើមបញ្ជូនទិន្នន័យ និងរលកសញ្ញាមក​ឲ្យ​ហើយ​។

មាន​ល្បឿន ១៨០០ម៉ែត្រក្នុងមួយវិនាទី ពេលចូលកៀកទៅព្រះចន្ទ តែ​មុនពេល​ចុះចតចំនួនជាង​១០នាទី យាន​ Nova-C បាន​បាញ់​កម្លាំង​ហោះទប់ ដើម្បីចុះដោយ​សន្សឹមសន្សឹមបំផុត។ ក្រុមការងារនៃបេសកកម្ម Odysseus របស់​ក្រុមហ៊ុន​ Intuitive Machine កំពុងរងចាំរូបភាព​ដែលយាននេះ​នឹងផ្ញើរមកឲ្យ ដោយ​ក្នុងនោះគឺមានរូបភាពចុះចត ថតដោយ​កាមេរ៉ា​ពិសេសមួយ ស្ថាបនាដោយ សកល​វិទ្យាល័យ Embry-Riddle ដែលបាន​លោតចេញពីយាន​មិនពេលចុះចតបន្តិច។

គួរបញ្ជាក់ថា ក្រោយ​បេសកកម្មរបស់យាន​​Apollo នៅឆ្នាំ​១៩៧២ គឺអាមេរិក​មិនដែលបាន​បញ្ជូនយានណាមួយ ទៅ​ចុះចត​នៅលើ​ព្រះចន្ទទៀតទេ។ ជោគជ័យរបស់យាន Nova-C នាពេលនេះ គឺជា​ការបើកទំព័រថ្មី ដែលសហរដ្ឋអាមេរិក​បានត្រលប់ទៅព្រះចន្ទវិញ។ ហើយក៏ជាលើកទី១ដែរ ដែល​ក្រុមហ៊ុនឯកជន អាចមានសមត្ថភាព​ចុះចតយានដោយជោគជ័យ​ នៅ​លើព្រះចន្ទបែបនេះ​។ ថ្មីៗនេះ ឥណ្ឌា និងជប៉ុន បានចុះចតយាន​របស់​គេ​ដោយ​ជោគជ័យដែរ នៅលើព្រះចន្ទ តែជាយានរបស់ទីភ្នាក់អវកាសជាតិ​។ កន្លងមក មានក្រុមហ៊ុនឯកជនជាច្រើន មានទាំងអ៊ីស្រាអែល អាមេរិក ជប៉ុនជាដើម បានព្យាយាមបង្ហោះយានទៅចុះចតនៅលើព្រះចន្ទដែរ តែមិនបានជោគជ័យ។

សូមបញ្ជាក់ថា យាន Nova-C របស់ ក្រុមហ៊ុន​ Intuitive Machines មានកំពស់​ជាង​៤ម៉ែត្រ បំពាក់ដោយ​ឧបករណ៍​ស្រាវជ្រាវវិទ្យាសាស្ត្រ​ របស់Nasa ចំនួន​៦។ ​ក្រុមហ៊ុន​​ Intuitive Machines ត្រូវបានទីភ្នាក់ងារ Nasa សម្រេចជ្រើសរើស ប្រគល់ឲ្យ​ធ្វើបេសកកម្មនេះ ​ក្នុងតម្លៃទឹកប្រាក់ចំនួន​១១៨លានដុល្លារ ដើម្បីស្រាវជ្រាវលំអិតនៅប៉ូលខាងត្បូងនៃព្រះចន្ទ។ ក្នុងចំណោម ឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្រទាំង៦ គឺមាន​ឧបករណ៍​សិក្សាអំពីស្រទាប់ប្លាស្មាព្រះចន្ទ ដែលជាស្រទាប់​ឧស្ម័នមានផ្ទុក​ចរន្តអគ្គីសនី និង​ឧបករណ៍​សម្រាប់វាស់​កម្រិត​រលកវិទ្យុ​ មកពីព្រះអាទិត្យ និង​ពីភពផ្សេងទៀត​។

គួរបញ្ជាក់ដែរថា ទីតាំងចុះចតរបស់យាន Nova-C ស្ថិតនៅ៣០០គីឡូម៉ែត្រពី​ប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាតំបន់បាតខ្ទះដែលគេដាក់ឈ្មោះថា Malapert A។ គឺ​តំបន់នេះហើយ ដែល​អ្នកវិទ្យាសាស្ត្រកំពុងចាប់អារម្មណ៍ខ្លាំង ព្រោះគេបានឃើញថាមានទឹកកក។ ទីភ្នាក់ងារ Nasa មានគម្រោង​បញ្ជូន​មនុស្ស​ទៅព្រះចន្ទ នៅរវាង​ឆ្នាំ​២០២៦ ក្នុង​បេសកកម្មArtémis។ គឺក្នុងក្របខណ្ឌបេសកកម្មនេះហើយ ដែល​Nasa ចង់សិក្សាឲ្យ​បានច្បាស់អំពីតំបន់ខាងត្បូងព្រះចន្ទនេះ។

យោងតាម​លោក Joel Kearns អ្នកទទួលបន្ទុកម្នាក់នៅ​Nasa គឺគេគ្រោងស្រាវជ្រាវ​នៅតំបន់នេះ​ អំពីស្រទាប់ដី​ និងល្អងធូលី ហើយថាតើតំបន់នេះ ក្តៅឬត្រជាក់​កម្រិតណា និង​មានកម្រិត​វិទ្យុសកម្ម​ប៉ុណ្ណាដែរ​។ ទាំងអស់នេះ គឺសុទ្ធតែ​ជាការស្រាវជ្រាវដ៏ចាំបាច់ មុននឹងអាច​សម្រេចបញ្ជូនមនុស្ស​ទៅកាន់ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ