អានតួអត្ថបទ
អាមេរិក-នយោបាយ

លោក ត្រាំ ឈ្នះសំឡេង​នាំមុខក្នុង​រដ្ឋ៣ទៀត នៅ៣ថ្ងៃមុនបោះឆ្នោត Super Tuesday

នៅសហរដ្ឋអាមេរិក លោក​អតីតប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ទទួលជ័យជម្នះនាំមុខនៅរដ្ឋ៣ទៀត នៅថ្ងៃ​សៅរ៍​ ទី​២មីនា។​ ពោល​គឺ​នៅ៣ថ្ងៃមុនការបោះឆ្នោត Super Tuesday ដើម្បីក្លាយជាបេក្ខជនផ្លូវការ តំណាងឲ្យ​បក្សសាធារណរដ្ឋ សម្រាប់​ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ២០២៤។ តាមរយៈ​ការ​ឈ្នះ​សំឡេងអង្គបោះឆ្នោត​​​ក្នុង​រដ្ឋ​៣ថែមទៀតចុង​សប្តាហ៍​នេះ ​បង្ហាញឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា លោក ត្រាំ ទំនង​ជានឹង​​ឈ្នះ​គូប្រជែង​ លោកស្រី នីកគី ហាឡី ហើយ​និងក្លាយ​ជាអ្នក​​តំណាង​បក្ស​សាធារណរដ្ឋជាផ្លូវការ ដើម្បីប្រកួត​ប្រជែង​នឹង​លោក ចូ បៃដិន អ្នក​តំណាង​គណ​បក្ស​ប្រជាធិបតេយ្យ។ ​

ក្នុងរដ្ឋមីសស៊ូរី ពីថ្ងៃសៅរ៍ ទី២មីនា លោក ត្រាំ ឈ្នះដាច់លោកស្រី ហាឡី។
ក្នុងរដ្ឋមីសស៊ូរី ពីថ្ងៃសៅរ៍ ទី២មីនា លោក ត្រាំ ឈ្នះដាច់លោកស្រី ហាឡី។ REUTERS - Jonathan Drake
ផ្សាយពាណិជ្ជកម្ម

ពន្លឺនៃក្តីសង្ឃឹម កាន់តែភ្លឺច្បាស់​ ចំពោះ​លោក ដូណាល់ ត្រាំ ដើម្បីក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​តែមួយ​គត់របស់​គណបក្ស​សាធារណរដ្ឋ។ ពន្លឺកាន់តែ​ភ្លឺច្បាស់ ដ្បិត​ថា ​អតីត​ប្រធានាធិបតី​​រូបនេះ បាន​វ៉ា​ដាច់​ផ្តួនៗ​លើគូប្រជែង​ក្នុង​បក្សតែមួយ​ គឺ​លោកស្រី នីកគី ហាឡី ដែលធ្លាប់​ធ្វើជា​ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការ​សហប្រជា​ជាតិ​ក្នុងអាណត្តិ​ដឹកនាំរបស់​លោក ត្រាំ​។​

ក្នុង​រដ្ឋ​មីសស៊ូរី ពី​ថ្ងៃសៅរ៍​ ទី​២មីនា លោក ត្រាំ ឈ្នះដា​ច់លោកស្រី ហាឡី ហើយ​នៅឱកាស​ជួប​មីទ្ទីញជាមួយ​អ្នក​គាំទ្រ​ជាង ២ពាន់​នាក់ ​ក្នុង​រដ្ឋមីឈីហ្កាន់ លោក ត្រាំ ក៏​បាន​ទាក់ចិត្ត​អង្គតំណាង​បោះឆ្នោត​ដល់ទៅ ៣៩ បន្ថែម​លើ ១៦ ដែលបាន​​គាំទ្ររូប​លោក​​ស្រេចទៅហើយ ​កាល​ពីដើម​សប្តាហ៍។ បណ្តាញ​សារព័ត៌មាន​អាមេរិក នាំគ្នា​ភ្ញាក់​ផ្ញើ​ចាប់អារម្មណ៍​ចុងផ្សាយសរុប​តែម្តង ​ថា លោក ត្រាំ វ៉ាដាច់​នាំមុខ​ក្នុងរដ្ឋ​ដល់ទៅ ៣ គឺ​រដ្ឋ​មីសស៊ូរី ​រដ្ឋមីឈីហ្កាន់ និងរដ្ឋអាយដាហូ។

ទីភ្នាក់ងារសារព័ត៌មាន​បារាំងអាអេហ្វប៉េ​ ក៏​កត់​សម្គាល់​ដែរ ថា មកទល់ពេលនេះ លោក ត្រាំ ហាក់​កំពុងតែ​នាំមុខ​ច្រើន​ និង​ទទួល​បាន​លទ្ធផលល្អ​ស្ទើរតែ​គ្រប់រដ្ឋ។ ​ការ​ទទួល​សំឡេង​ឈ្នះ​ដាច់ ដល់ទៅ​៣ រដ្ឋ កាន់តែជំរុញ​ឲ្យរូប​​លោក មាន​ប្រៀប​ច្រើនខ្លាំង​ សម្រាប់​ការ​បោះឆ្នោត​ នៅថ្ងៃ​អង្គារ ទី៥ មីនា ដែល​គេហៅថា​ Super Tuesday។ ​បណ្តារដ្ឋ​ចំនួន ១៥ រៀបចំ​បោះឆ្នោត​រួម​គ្នាក្នុង​ថ្ងៃ​តែម្តង​ ហើយ​ជាទូទៅ  Super Tuesday ​ជាថ្ងៃ​ដែល​​កំណត់​ជោគវាសនា​របស់​អ្នក​តំណាង​តែ១គត់​របស់​គណបក្ស។

ដើម្បីក្លាយជាបេក្ខជន​ប្រធានាធិបតី​តំណាង​តែមួយ​គត់​ឲ្យ​គណបក្ស​ ​ត្រូវការ​សំឡេង​គាំទ្រ​ ​ យ៉ាងហោច ចំនួន ១ ២១៥ ​​អង្គបោះឆ្នោត។ ពេល​នេះ លោក ត្រាំ ទទួល​បាន​ ជាង ២៤៤ ឈ្នះ​ដាច់​១០ដង ឆ្ងាយ​ពី​គូប្រជែង​ លោកស្រី នីកគី ហាឡី ដែល​​​ទទួល​បាន​ត្រឹមតែ ២៤ អង្គបោះឆ្នោត​ តែ​ប៉ុណ្ណោះ។ នេះបើតាម​ របស់ ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក Associated Press ដែល​រាប់​ត្រួសៗ​ជាបណ្តោះ​អាសន្ន កាល​ពីថ្ងៃសៅរ៍​។ ​ការ​ស្ទង់​មតិ​ចុងក្រោយ នៅ​រដ្ឋការូលីន​ខាងត្បូង បញ្ជាក់ថា អ្នក​គាំ​ទ្របក្ស​សាធារណរដ្ឋ ដល់ទៅ ៤០% មិនគាំទ្រ​ មិនពេញចិត្ត​លោក ត្រាំ ទេ។ លោកស្រី នីកគី ហាឡី បាន​យកចំណុច​នេះ​ទៅរិះគន់​លោក ត្រាំ ជាគូប្រជែង​ថា ៤០%នៃអ្នក​ស្រឡាញ់​បក្ស​​សាធារណរដ្ឋ មិន​ចង់​បាន​លោក ត្រាំ​ តំណាងឲ្យ​ពួក​គេ នោះឡើយ​។ ដូច្នេះ​ លោក ត្រាំ ជា​បញ្ហា ទោះបីលោក​មិន​ទទួល​ខ្លួន​ឯង​ក៏​ដោយ។​

គ្រានេះ លោក ដូណាល់ ត្រាំ ឈរ​នៅលើទីតាំង​​មាន​ប្រៀប​ជាង​គូប្រជែង​។ បើតាម​អ្នក​ជំនាញ​កិច្ចការអាមេរិក​ អ្វីដែល​លោក ត្រាំ ប្រឈម​មុខ​ធំជាងគេ ​គឺ​ពេលវេលា។ ពេលវេលា​ដែលត្រូវរំខាន​ដោយ​បណ្តឹង​ផ្លូវ​ច្បាប់​ជា​ច្រើន​នៅតុលាការ និង​ដែលតម្រូវ​ឲ្យ​រូប​លោក ត្រូវ​ធ្វើ​ដំណើរ​ផ្លាស់ទី​ចុះ​ឡើង​ចេញចូល​សាលា​ជម្រះក្តី​ ហើយ​រឿងក្តីក្តាំនៅតុលាការ​នេះ មិនមែន​​ជា​ប្រផ្នូល​ល្អ​សម្រាប់​អ្នក​បោះឆ្នោត​ឡើយ។​ ស្របពេលនោះ​ លោក ត្រាំ ត្រូវការ​ពេល​វេលា​ប្រមូលលុយ​មូលនិធិ និង​ពេល​វេលា​ធ្វើមីទ្ទីញ ជួបជុំមនុស្ស សម្រាប់ឃោសនាថែមទៀត​។ ក្នុង​ការ​ឃោសនា​ ពីថ្ងៃ​សៅរ៍​ ទី​២មីនា លោក ដូណាល់​ ត្រាំ បានបន្ត​​ឆ្លៀត រិះគន់ និង​ ចោទប្រកាន់ ​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ចូ បៃដិន ថា​គំរាមកំហែង​ដល់​ប្រជាធិបតេយ្យ​អាមេរិក​ និង​ឃុបឃិត​ជាមួយ​បរទេស​ផ្តួល​រំលំ​សហរដ្ឋ​អាមេរិក​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ