អានតួអត្ថបទ

ហៃទី៖ ពួក​​​ជនអន្ធពាលបង្ខំ​ឲ្យ​នាយករដ្ឋមន្ត្រីចុះពីតំណែង និងព្រមាន​ពី​សង្គ្រាម​ស៊ីវិល

​​​នៅ​ប្រទេស​ហៃទី ស្ថានការណ៍អ​សន្តិសុខកាន់តែ​ដុប​ដាបខ្លាំង។​ អំពើ​ហិង្សា​ផ្ទុះ​ឡើង​ពេញ​ផ្ទៃប្រទេស ព្រោះតែបាតុកម្ម​ហិង្សា និង​ការ​ប៉ះទង្គិចគ្នា រវាង​កម្លាំងសមត្ថកិច្ច និង​​ក្រុម​ជន​ទំនើង​អន្ធពាល​ប្រដាប់អាវុធ។ ប៉ុស្តិ៍​តម្រួត​នគរបាល ជាង​ ១០ កន្លែងត្រូវ​ដុត​​បំផ្លាញ។​ ប៉ុន្មានថ្ងៃ​មកនេះ ​មនុស្ស​ស្លាប់ យ៉ាងតិច​​ជាង ​៧០ នាក់បន្ថែមទៀត​។ នាយករដ្ឋមន្ត្រី​ហៃទី បាន​ចាកចេញ​ក្រៅប្រទេស នៅ​មិនទាន់​ហ៊ាន​ចូល​ស្រុក​វិញទេ​។ មេ​​ក្រុម​ប្រដាប់អាវុធ​ បាន​ព្រមាន​អំពី​ សង្គ្រាម​ស៊ីវិល ប្រសិន​បើ​នាយករដ្ឋមន្ត្រី​ហៃទី មិន​ព្រម​លាឈប់​ពី​តំណែង​។​

ដើមខែមីនានេះ បាតុករ​ស្រែក​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះពី​តំណែង​។
ដើមខែមីនានេះ បាតុករ​ស្រែក​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះពី​តំណែង​។ REUTERS - RALPH TEDY EROL
ផ្សាយពាណិជ្ជកម្ម

«ប្រសិន​បើ នាយករដ្ឋមន្ត្រី អារីយែល អង់រី មិនលា​ចុះពីតំណែង​ទេ ហើយ​ប្រសិនបើ សហគមអន្តរជាតិ​នៅ​តែបន្ត​គាំទ្រ​គាត់ទៀត នោះ​បានន័យថា ពួក​គេ​ជំរុញ​ឲ្យ​យើង​​ឈាន​ទៅរក​សង្គ្រាម​ស៊ីវិល ហើយវា​នឹង​ត្រូវ​បញ្ចប់​ដោយការ​កាប់សម្លាប់​ប្រល័យ​ពូជសាសន៍​ ជា​ពុំ​ខាន​ »។​ នេះបើតាមសម្តីរបស់ ​មេក្រុម​ទំនើង​ប្រដាប់អាវុធ លោក ជីមី ស្សេរីហ្ស៊ីយេ ​ដែលបាន​​ថ្លែង​ប្រកាសក្នុង​សប្តាហ៍​នេះ នៅ​ចំពោះ​មុខ​គ្នី​គ្នាគាត់​។​ លោក ជីមី ស្សេរីហ្ស៊ីយេ ជា​អតីត​ប៉ូលិស ហើយ​ប្រែខ្លួន​ជា​បងធំ​នាំមុខគេនៃបណ្តា​ក្រុម​ជនទំនើង​​អន្ធពាល​ប្រដាប់​អាវុធ។​ បក្សពួក​គេ មាន​គ្នា​ច្រើនក្រុម ដែល​ប្រមូល​ផ្តុំ​ដោយ អតីត​នគរបាល អតីត​ក្រុម​កម្លាំង​សន្តិសុខ និង​ក្រុម​ក្មេងទំនើង រួម​ទាំង​ ពួក​អ្នក​ទោស​ដែល​រួច​រត់​ពី​ពន្ធនាគារ។​ សរុប ច្រើន​ជាង​ ១ ពាន់​នាក់ ដែល​កំពុង​ធ្វើ​ព្យុះ​ធ្វើភ្លៀង​នៅ​ហៃទី។​

ហៃទី ជា​ប្រទេស​កោះ ឋិតនៅ​ប៉ែក​អាគ្នេយ៍​​សហរដ្ឋអាមេរិក ហើយនិងមាន​ប្រជាជន​ប្រមាណ ជិត ១២ លាន​នាក់។ ហៃទី ជួប​បញ្ហា​វិបត្តិ​រ៉ាំរៃ គ្មាន​ប្រធានាធិបតី គ្មាន​រដ្ឋ​សភា និង​គ្មាន​ការបោះឆ្នោត តាំងពី​ឆ្នាំ២០១៦មក។ អតីត​នាយករដ្ឋមន្ត្រី​ហៃទី លោក ហ្សូវើនែល មូរីស ​ ​ត្រូវគេ​ធ្វើឃាត​ ស្លាប់​ក្នុងផ្ទះ នៅ​ឆ្នាំ​២០​២១។ លោក អារីយែល អង់រី ​​ឡើង​កាន់តំណែង​នាយករដ្ឋមន្ត្រី ​និងបាន​សន្យា​​ចុះពី​តំណែង នៅមុខ​ការ​រៀបចំ​ការ​បោះឆ្នោត​ នៅ​ដើម​ខែកុម្ភៈ​​។ ប៉ុន្តែ នេះជាការ​សន្យា​ខ្យល់ ហើយក៏ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​ កាន់តែ​បាន​លេស​ បញ្ឆេះ​កំហឹង​បោះបោលកាន់តែខ្លាំង​។​

នាយករដ្ឋមន្ត្រីហៃទី​ ​អារីយែល អង់រី បាន​ចេញក្រៅប្រទេស​ ដើម្បី​ទៅចុះកិច្ចព្រមព្រៀង​ផ្នែក​សន្តិសុខ​​ជាមួយ​ប្រទេស​កេនយ៉ា។ ពេលនេះ លោក​នៅមិនទាន់​ហ៊ាន​ចូល​ប្រទេសហៃទី​ផងទេ​ ព្រោះតែ​​បារម្ភខ្លាច​បញ្ហា​អសន្តិសុខ។ លោក​ចុះ​យន្តហោះ​នៅ​កោះ​ ព័រតូ-រីកូ ជា​ដែន​កោះ​​ត្រួតត្រា​ដោយ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក តាមរយៈ​អ្ន​កនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​ស្នើ​ឲ្យលោក អារីយែល អង់រី សម្រួល​ដំណើរ​អន្តរកាល​ដឹកនាំ​ប្រទេស ហើយ​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោតជាថ្មី​។ ​

ពី១ថ្ងៃទៅ១ថ្ងៃ អំពើ​ហិង្សាផ្ទុះ​ឡើង​ច្រើនទៅៗ​នៅក្នុងប្រទេសហៃទី​​៖ ​ការ​កាប់ស្លាប់ ​បាញ់បោះ លួច ឆក់​ ប្លន់ ចាប់ជំរិត រំលោភភេទ​ គ្រឿង​ញៀន ដុត​បំផ្លាញ ។ល។ បើតាម​ទិន្នន័យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ, គ្រាន់តែ​ប៉ុន្មាន​ខែដើមឆ្នាំ២០២៤នេះ មនុស្ស​ប្រមាណ ១ ២០០ នាក់ ត្រូវ​គេ​សម្លាប់​​ ហើយ​ប្រហែល ៧០០ នាក់ ​រង​របួស។ ប្រជា​ពលរដ្ឋ​ ​​ជាង ៣៥ ម៉ឺននាក់ ត្រូវបង្ខំចិត្ត​ផ្លាស់ទីលំនៅ រត់​ចោល​ផ្ទះ​សម្បែង។

នៅថ្ងៃពុធ ទី​៦កុម្ភៈ​ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​កោះប្រជុំ​ជាបន្ទាន់​ ​ហើយ​ ឯកអគ្គរដ្ឋ​ទូត​អេក្វាទ័រ បាន​ថ្លែងថា គ្រប់គ្នា​មាន​ក្តី​ព្រួយ​បារម្ភ​ជាពន់ពេក​ចំពោះ​សភាព​ការ​ណ៍​​ធ្ងន់ធ្ងរ​នៅ​ហៃទី។ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​ នៃ អង្គការ​សហប្រជាជាតិ​ លោក វ៉ុលក័រ តួក ក៏​ធ្លាប់បាន​អំពាវនាវ​ឲ្យ​បញ្ចូន​ជំនួយ ​កម្លាំង​ការពារ​សន្តិសុខក្របខណ្ឌ​​របស់​អង្គការ​សហប្រជាជាតិ​  ទៅជួយ​ហៃទី​ ​ជាបន្ទាន់​ និង​ មិនត្រូវ​​ពន្យារពេល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ