អានតួអត្ថបទ
ហៃទី

អំពើ​ហិង្សាអាណាធិបតេយ្យ​នៅហៃទី៖ ក្រុមប្រទេសការ៉ាអ៊ីបប្រជុំបន្ទាន់ ដើម្បី​រកដំណោះស្រាយ

អស់រយៈពេលជាច្រើនខែមកហើយ ដែល​ប្រទេសហៃទី បានធ្លាក់ចូលក្នុងអំពើហិង្សា យ៉ាងអាណាធិបតេយ្យ​បំផុត បង្កឡើងដោយ​ក្រុមជនអន្ធពាលប្រដាប់អាវុធ។ ប្រជាជនហៃទី​ដែល​ក្រីក្របំផុតទៅហើយនោះ កំពុងប្រឈមនឹងបញ្ហាលំបាក់ជាខ្លាំង ដោយសារតែ​អំណាចអាជ្ញា​រដ្ឋបានដួលរលំទាំងស្រុង។ ក្រុមប្រទេសក្បែរខាង ក្នុងតំបន់សមុទ្រការ៉ាអ៊ីប បានជួបប្រជុំគ្នាបន្ទាន់ កាលពីថ្ងៃ​ចន្ទទី​១១មីនា ដើម្បី​រកដំណោះស្រាយ ស្តារសន្តិសុខ​និងស្ថិរភាព​របស់​ហៃទីឡើងវិញ។

សមាជិកក្រុមជនអន្ធពាល​ "G9 and Family" ពាក់ក្រណាត់បិតមុខ ឈរស្ពាយកាំភ្លើង នៅពេល​មេក្រុមនេះកំពុងធ្វើសន្និសីទកាសែត នៅក្រុង Port-au-Prince ថ្ងៃទី​៤ មីនា ២០២៤
សមាជិកក្រុមជនអន្ធពាល​ "G9 and Family" ពាក់ក្រណាត់បិតមុខ ឈរស្ពាយកាំភ្លើង នៅពេល​មេក្រុមនេះកំពុងធ្វើសន្និសីទកាសែត នៅក្រុង Port-au-Prince ថ្ងៃទី​៤ មីនា ២០២៤ AP - Odelyn Joseph
ផ្សាយពាណិជ្ជកម្ម

ចុងសប្តាហ៍​កន្លងមកនេះ ទីក្រុង Port-au-Prince របស់ហៃទី​ បានធ្លាក់ចូលកាន់តែជ្រៅ ទៅក្នុងអំពើហិង្សាបាញ់​បោះយ៉ាងអាណាធិបតេយ្យ។ ក្រុមជនអន្ធពាល​ប្រដាប់អាវុធ ព្រមទាំងប្រជាជនហៃទីខ្លះផង បាន​ធ្វើសកម្មភាពហិង្សា ទាមទារឲ្យ​លោកនាយករដ្ឋមន្ត្រី Ariel Henry ត្រូវចុះចេញពីតំណែង​។

ដោយ​សង្កេតឃើញ​អំពើហិង្សា​អាណាធិបតេយ្យ​ធ្ងន់ធ្ងរខ្លាំងបែបនេះ ក្រុមប្រទេសសហគមន៍​សមុទ្រការ៉ាអ៊ីប CARICOM បាន​បើកការប្រជុំបន្ទាន់ នៅថ្ងៃចន្ទទី​១១មីនា នៅ​ប្រទេសហ្សាម៉ាអ៊ីក ដោយ​មាន​វត្តមានតំណាងរដ្ឋាភិបាល​អាមេរិក រដ្ឋាភិបាលបារាំង និងតំណាងអង្គការសហប្រជាជាតិ​ផង។ លោក Bharrat Jagdeo អនុប្រធានាធិបតី​ប្រទេសហ្គូយ៉ាណា បានលើកឡើងថា កិច្ចប្រជុំនេះមានកម្មវត្ថុស្វែងរកផ្លូវ ដើម្បីស្តារសណ្តាប់ធ្នាប់​ឡើងវិញនៅហៃទី​ និងធ្វើ​ឲ្យ​ប្រជាជនហៃទី មានទំនុកចិត្តលើអំណាចអាជ្ញាធររដ្ឋ​។ លោក​បានបន្ថែមថា បច្ចុប្បន្ននេះ​ ក្រុមជនពាល​ប្រដាប់អាវុធ កំពុងតែ​គ្រប់គ្រងធ្វើព្យុះធ្វើភ្លៀងនៅហៃទី។ ហៃទីគ្មានរដ្ឋាភិបាល សេវាសាធារណៈ និងអំណាចអាជ្ញាធរត្រូវដួលរលំទាំងស្រុង។

គួរបញ្ជាក់ថា អំពើហិង្សាចលាចលនៅហៃទី បានបង្ខំឲ្យប្រទេសជាច្រើន​ជម្លៀសបុគ្គលិកស្ថាន​ទូតដែល​មិនចាំបាច់ ចេញជាបន្ទាន់ពីប្រទេសនេះ។ កងទ័ព​អាមេរិក​បានបញ្ជូន​យន្តហោះនិងឧទ្ធម្ភាគចក្រ ទៅដឹកមន្ត្រីទូត កាលពីចុងសប្តាហ៍​កន្លងទៅ។ រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏បាន​ប្រកាសដែរថាបុគ្គលិកទូតខ្លួនបានចាកចេញអស់ហើយ ពីទីក្រុង Port-au-Prince។

យោងតាមលោក Philippe Branchat មន្ត្រី​អង្គការ​អន្តរជាតិដើម្បីជនអន្តោប្រវេសន៍​ ទទួលបន្ទុកហៃទី គឺបច្ចុប្បន្ននេះ ទីក្រុង Port-au-Prince ត្រូវក្រុមជនអន្ធពាល​ឡោមព័ទ្ធជិត។ អាជ្ញាធរហៃទី បាន​ប្រកាសប្រើច្បាប់អាជ្ញាសិក និងដាក់​បម្រាមគោលចរ ហាមចេញដើរពេលយប់។ ក្រុមជនអន្ធពាល មិនត្រឹម​តែ​វាយ​បំផ្លាញ​អគារស្ថាប័នរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបាន​វាយ​បំផ្លាញផ្ទះសំបែង​ និង​ឆក់ប្លន់ទ្រព្យសម្បត្តិ​​ប្រជាពលរដ្ឋថែមទៀតផង។ ព្រលានយន្តហោះ និងកំពង់ផែ​ហៃទី លែងដំណើរការទាំងស្រុង ធ្វើ​ឲ្យ​គេភ័យបារម្ភ អំពីការដាច់ស្បៀងអាហាររបស់ប្រជាជន និង​បញ្ហាខ្វះ​ថ្នាំសង្កូវព្យាបាលអ្នកជំងឺ​​។

ប្រជាជនហៃទី នៅក្រុង Port-au-Prince កំពុងពួននិងរត់គេចពីការបាញ់បោះយ៉ាងអាណធិបតេយ្យ រវាងនគរបាល​និងក្រុម​ជនអន្ធពាលប្រដាប់អាវុធ។ ថ្ងៃទី ១ មីនា ២០២៤
ប្រជាជនហៃទី នៅក្រុង Port-au-Prince កំពុងពួននិងរត់គេចពីការបាញ់បោះយ៉ាងអាណធិបតេយ្យ រវាងនគរបាល​និងក្រុម​ជនអន្ធពាលប្រដាប់អាវុធ។ ថ្ងៃទី ១ មីនា ២០២៤ AP - Odelyn Joseph

សូមបញ្ជាក់ថា ហៃទីជាប្រទេសក្រីក្រជាងគេនៅតំបន់ទ្វីបអាមេរិក​។ ចាប់តាំងពី​ឆ្នាំ​២០១៦មក ហៃទីមិនដែលមានការបោះឆ្នោត​ឡើយ។ លោក​នាយករដ្ឋមន្ត្រីហៃទី Ariel Henry បច្ចុប្បន្ន​កំពុងស្ថិតនៅ​Porto Rico ដោយ​មិនអាចចូល​ប្រទេសបានទេ។ លោក​នាយករដ្ឋមន្ត្រី​ Ariel Henry ត្រូវបានតែងតាំង​កាលពីឆ្នាំ​២០២១ ដោយ​លោក​ប្រធានាធិបតី Jovenel Moïse មុននឹងលោកម្នាក់​នេះ ត្រូវគេធ្វើឃាត។

សូមរំលឹកដែរ ជាច្រើនខែមកហើយ ដែល​ក្រុមប្រឹក្សាសន្តិសុខបាន​បោះឆ្នោតយល់ព្រម ឲ្យ​មានអន្តរាគមន៍​កងទ័ពអន្តរជាតិ ដើម្បីស្តារសន្តិសុខនៅហៃទី។ តែ​អន្តរាគមន៍ ដែល​កេនយ៉ាត្រូវធ្វើជាអ្នកដឹកនាំ​នេះ មិនទាន់ចេញជារូបរាងពិតប្រាកដទេ​។ លោក​ប្រមុខការទូតអាមេរិក និង​លោក​ប្រធានាធិបតីកេនយ៉ា បាននិយាយគ្នាពីបញ្ហានេះ ហើយ​បាន​អះអាងជាថ្មីថា គេនៅតែរក្សាជំហរ គាំទ្រការបញ្ជូនកម្លាំង​អន្តរជាតិទៅអន្តរាគមន៍​នៅហៃទី​ ដើម្បី​រៀបចំសណ្តាប់ធ្នាប់ឡើងវិញ និង​ឈានទៅ​រៀបចំការបោះឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ