អានតួអត្ថបទ
ហុងកុង-សិទ្ធិសេរីភាព

ចិនផ្តល់​ហេតុផល​នៃការ​ចាប់​ខ្លួនអតីត​​ប្រមុខសាសនាកាតូលិក ​នៅ​ហុងកុង

ដោយ​សំអាង​លើ​ច្បាប់​សន្តិសុខជាតិ​ អាជ្ញាធរ​ហុងកុង​បាន​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យហុងកុង​​ដ៏​ល្បីល្បាញ​បួន​នាក់ ទាំង​កណ្តាលអាធ្រាត្រ​​យប់​ថ្ងៃពុធ​ឆ្លង​ចូល​ថ្ងៃព្រហស្បតិ៍ ក្នុង​នោះ​មាន​ម្នាក់​ជាអតីត​​ប្រមុខ​វិហារ​កាតូលិក​ ​​វ័យ​៩០ឆ្នាំ។ ​នៅ​ល្ងាច​ថ្ងៃ​ទី១២​ឧសភា ដដែល ក្រោម​សម្ពាធ និង​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ ចិន​​បាន​ចេញ​មក​បំភ្លឺ​និង​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ។

ប្រមុខ​វិហារកាតូលិក​ហុងកុង​ចូលនិវត្តន៍​ Joseph Zen ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅថ្ងៃទី ១២​​ ឧសភា​ ២០២២ មុន​នឹង​ដោះលែង​វិញ​ក្នុង​ថ្ងៃ​ដដែល
ប្រមុខ​វិហារកាតូលិក​ហុងកុង​ចូលនិវត្តន៍​ Joseph Zen ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នៅថ្ងៃទី ១២​​ ឧសភា​ ២០២២ មុន​នឹង​ដោះលែង​វិញ​ក្នុង​ថ្ងៃ​ដដែល AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

“ជនពាក់ព័ន្ធ​នឹងការ​ចាប់​ខ្លួន មាន​ជាប់​សង្ស័យ​ពី​បទ​ផ្សំ​គំនិត​ជាមួយ​បរទេស​ ឬ​កង​កម្លាំង​បរទេស​ ដែល​ជា​តំណាង​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ​-ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ”។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​តំណាង​ក្រសួង​ការបរទេស​ចិន​នៅ​ហុងកុង។ រដ្ឋាភិបាល​ហុងកុង​បាន​បន្ថែមទៀត​ថា នាម​ជា​បុព្វជិតមិន​អាច​ជួយ​អ្វី​បាន​ទេ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​អង្គុយលើ​ច្បាប់​បាន​ឡើយ។

​​សម្រាប់​ចិន ជនទាំងបួន គឺ ​អតីត​ប្រមុខសាសនា​កាតូលិក លោក Joseph Zen ហ្សូស្ហេ ហ្សេន អាយុ​៩០ឆ្នាំ​ តារា​ចម្រៀង​ និង​ជា​សកម្មជន​គាំទ្រ​សិទ្ធិអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា Denise Ho មេធាវី Magaret Ng និង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ  Hui Po-Keung បាន​ចូល​រួម​​បង្កើត​មូលនិធិ​មនុស្សធម៌ ៦១២ Humanitarian Relief ​ដើម្បី​ប្រមូល​ហិរញ្ញវត្ថុ​ទៅ​ជួយ​សកម្មជន​ប្រជាធិបតេយ្យ​ដែល​ប៉ូលិស​​ចាប់​ខ្លួនបាន​ក្នុង​អំឡុងពេល​ផ្ទុះ​មហាបាតុកម្ម​ប្រជាធិបតេយ្យ​កណ្តាលក្រុង​ហុងកុង​ឆ្នាំ​២០១៩។ ​មូលនិធិនោះ​​​លែង​មាន​រូប​រាង​ហើយ​ពេល​នេះ។

គេច​ពី​សៀងហៃ​មក​ហុងកុង នៅឆ្នាំ​១៩៤៩ ពេល​បក្ស​កុម្មុយនិស្ត​ឡើង​កាន់​អំណាច​នៅ​ចិន សង្ឃ Joseph Zen បាន​ក្លាយ​ជា​​ប្រមុខ​វិហា​រកាតូលិក​នៅ​ហុងកុង និង​បាន​ក្លាយ​ជា​​ឥស្សរជនការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ​​ដ៏​ល្បី​ល្បាញ នៅអាស៊ី បន្ទាប់​ពី​​ធ្លាប់​បាន​ដឹកនាំ​ធ្វើ​សកម្មភាព​រិះគន់​​ច្បាប់​ប្រឆាំង​វិទ្ធង្សនា​របស់​បក្ស​កុម្មុយនិស្ត​ចិន​ឆ្នាំ​២០០៣ និង​បាន​​​រិះគន់​ដោយ​ចំៗការ​តែង​តាំង​ប្រមុខ​សាសនា​កាតូលិក​នៅ​ចិន​។ ប្រមុខ​សាសនាកាតូលិក​​នៅហុងកុង​ក្រោយៗ ពុំ​ដែល​ហ៊ាន​វាយប្រហារ​របប​ប៉េកាំងទេ។

បន្ទាប់​ពី​ចាប់​ខ្លួន​អស់ពេញ​​មួយ​ថ្ងៃ​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​ឧសភា​ដដែល អាជ្ញាធរ​ហុងកុង​បានដោះលែងឥស្សរ​ជន​ទាំង​បួន ឱ្យ​មាន​សេរីភាព​ជា​បណ្តោះ​អាសន្ន និង​​​ដោយ​មាន​​លក្ខខណ្ឌ តែ​រឹប​អូស​យក​លិខិត​ឆ្លង​ដែន​ទុក។ ជាមួយ​បទ​ចោទ​ប្រកាន់​បែប​​នេះ ជន​ទាំង​បួន អាច​នឹង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ គិត​ចាប់​តាំង​ពី​ហុងកុង​មានច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ នៅ​ខែមិថុនា​២០២០​មក មាន​ជនហុងកុង​ចំនួន​ជាង១៨០នាក់​បាន​ចាប់​ខ្លួន​។ ហើយជា​ទូទៅ​ជន​ជាប់​សង្ស័យ​មិន​អាច​សុំ​នៅ​ក្រៅ​ឃុំ​បាន​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ