អានតួអត្ថបទ
ហ្វីលីពីន-អូស្ត្រាលី

អូស្ត្រាលីនិងហ្វីលីពីនចាប់ដៃគ្នា​ធ្វើសមយុទ្ធ​ក្បែរតំបន់ទឹកដែលចិនដណ្តើមទៅគ្រប់គ្រងកាលពី​១០ឆ្នាំមុន

ហ្វីលីពីន និង​អូស្ត្រាលីរៀបចំសមយុទ្ធរួមគ្នា ក្នុងទ្រង់ទ្រាយដ៏​ធំ ​នៅក្នុង​តំបន់ដែនទឹកជាប់ជម្លោះជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ សមយុទ្ធនៅ​ថ្ងៃ​សុក្រទី ២៥​សីហា ២០២៥ ដែលមានការចូលរួម​ពីកងទ័ពជើងគោក ជើងអាកាស និង​ជើងទឹក​របស់ប្រទេស​ទាំងពីរ​ប្រព្រឹត្តទៅក្រោមក្រសែភ្នែក​តាមដាន​របស់​ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ និង​រដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី

សមយុទ្ធយោធា​ដ៏ធំលើកទី១​ដែល​ហ្វីលីពីន ចាប់ដៃសហការជាមួយ​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ ​នៅមូលដ្ឋានទ័ពហ្វីលីពីននៅលើកោះ​Luçon​
សមយុទ្ធយោធា​ដ៏ធំលើកទី១​ដែល​ហ្វីលីពីន ចាប់ដៃសហការជាមួយ​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ ​នៅមូលដ្ឋានទ័ពហ្វីលីពីននៅលើកោះ​Luçon​ AP
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធយោធា​ដ៏ធំលើកទី១​ដែល​ហ្វីលីពីន ចាប់ដៃសហការជាមួយ​អូស្ត្រាលី​ប្រព្រឹត្ត​ទៅ ​នៅមូលដ្ឋានទ័ពហ្វីលីពីននៅលើកោះ​Luçon​ដែលស្ថិតនៅ​ចម្ងាយប្រមាណ​២៣០គីឡូម៉ែត្រ​ពី​តំបន់​ថ្ម​ប៉ប្រះទឹក Scarborough។ ជា​តំបន់ដែលសំបូរត្រី ធនធានធម្មជាតិ ថ្មប៉ប្រះទឹកScarboroughធ្លាប់ជា​កន្លែងនេសាទ​របស់​ប្រជាជនហ្វីលីពីន មុននឹង​ត្រូវ​ចិន​រំលោភដណ្តើមយកទៅគ្រប់គ្រង​ដោយ​ខុសច្បាប់​អន្តរជាតិ​ កាលពី​ឆ្នាំ ២០១២។

​សមយុទ្ធយោធា ក្នុង​តំបន់ទឹកជាប់ជម្លោះជាមួយចិន នៅសមុទ្រ​ចិនខាងត្បូង ជា​លំហាត់សមយុទ្ធបែបធ្វើត្រាប់ ដែលផ្តោតទៅ​លើ​ការវាយដណ្តើមយកមកវិញ ដីកោះដែលសត្រូវបានវាយចូលកាន់កាប់។ ជាមួយ យន្តហោះចម្បាំង​ដ៏ទំនើប ២គ្រឿង របស់អូស្ត្រាលី ដែលជាអ្នកធានាការពារ​ដែនអាកាស និងនាវាចម្បាំង២គ្រឿងដើម្បីការពារ​ដែនទឹក កងទ័ពអូស្ត្រាលីចំនួន​១២០០នាក់ និង​ទាហានជើងទឹកហ្វីលីពីន៥៦០ ឡើងលើឆ្នេរ បង្កើតខ្សែត្រៀមចាំវាយសមុ្រកទៅលើសត្រូវ។

តាមដានមើលសមយុទ្ធយោធារួមគ្នាជាមួយ​អូស្រ្តាលី ប្រធានាធិបតីហ្វីលីពីន លោក​ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ លើកឡើង​ពីសារៈសំខាន់​នៃ​សមយុទ្ធយោធា​ ការពង្រឹងសហប្រតិបត្តិការយោធា​រវាងអូស្ត្រាលី និងហ្វីលីពីន នៅក្នុង​បរិបទ​ដែលតំបន់​កំពុង​រងអង្រួនដោយ​ព្រឹត្តិការណ៍ជាច្រើននៅប៉ុន្មាន​ឆ្នាំមកនេះ។ សម្រាប់រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី សមយុទ្ធយោធា​រួមជាមួយហ្វីលីពីន​មានគោលដៅ​ទាមទារ​ឲ្យ​ប្រទេស​ជាប់ជម្លោះក្នុងសមុទ្រ​ចិនខាងត្បូង​គោរពច្បាប់​អន្តរជាតិ។​

តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​​ឲ្យ​ហ្វីលីពីន​ឈ្នះ​ចិននៅក្នុង​ជម្លោះដណ្តើមដែនទឹកនៅសមុទ្រចិនខាងត្បូង ប៉ុន្តែ តែ​ចិនមិន​ទទួល​ស្គាល់ មិនគោរពតាម និង​ផ្គើនបញ្ជូន​កប៉ាល់ល្បាត និង​ទូកនេសាទរាប់រយគ្រឿង​ទៅបោះយុថ្កានៅ​តំបន់ថ្មប៉ប្រះទឹក​ Scarborough។

តាមប្រមុខការពារជាតិអូស្ត្រាលី ប្រទេស​ទាំងពីរ​កំពុង​ពិភាក្សា​គ្នា​ពីគម្រោងល្បាត​រួមគ្នា​របស់​នាវាចម្បាំង​អូស្ត្រាលី និង​ហ្វីលីពីន​នៅ​សមុទ្រ​ចិនខាងត្បូង និងនៅកន្លែងដែលមាន​ផលប្រយោជន៍រួមគ្នា​របស់​ហ្វីលីពីន និងអូស្ត្រាលី។

សមយុទ្ធយោធា​ហ្វីលីពីន​ជាមួយ​អូស្ត្រាលី​កើតនៅ​៣សប្តាហ៍​ក្រោយដែល​ឆ្មាំសមុទ្រចិន​ធ្វើបាបបាញ់ទឹក រារាំង​មិន​ឲ្យ​នាវាចម្បាំង​ហ្វីលីពីន​ដឹកនាំ​យក​ស្បៀងអាហារ​ទៅ​ផ្គត់ផ្គង់​កងទ័ព ប្រចាំការ​នៅលើ​ខ្មោចចម្បាំងដែលហ្វីលីពីន​អូសយកទៅដាក់បញ្ឈរជាទីតាំង​ខ្សែព្រំដែនទឹក​របស់ខ្លួន។ ទោះជាចិន​ទាមទារឲ្យហ្វីលីពីន​អូសយកខ្មោចកប៉ាល់ចម្បាំង​ចេញពីតំបន់ទឹកដែល​ចិនចាត់ទុកជា​កម្មសិទ្ធិរបស់ខ្លួន កងទ័ពហ្វីលីពីន​នៅតែព្យាយាម​ដឹកជញ្ជូនស្បៀង​បានសម្រេច​យកទៅ​ចិញ្ចឹមទាហានប្រចាំការ​នៅលើ​ខ្មោចកប៉ាល់ កាលពីថ្ងៃអង្គារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ