អានតួអត្ថបទ

តុលាការ​ហុងកុង បើ​កសវនាការកាត់ទោស លោកសេដ្ឋី ជីមី ឡៃ ចាងហ្វាង​កាសែតប្រឆាំង​ដ៏ល្បីល្បាញ

នៅហុងកុង ​​ថ្ងៃចន្ទ ទី​១៨ធ្នូ​ តុលាការ​បើ​កសវនាការកាត់ទោស អ្នក​ជំនួញ​ លោក ជីមី ឡៃ ជា​ចាងហ្វាង​កាសែតប្រឆាំង​ដ៏ល្បីល្បាញ។ លោកត្រូវ​នគរបាល​ចាប់ឃុំខ្លួន​ជាង ៣ ឆ្នាំមក​ហើយ ក្រោមបទ​ចោទប្រកាន់​«ឃុប​ឃិត​ជាមួយបរទេស»​​បំផ្លាញ​សន្តិសុខជាតិ​។ ច្បាប់​សន្តិសុខជាតិហុងកុង​ បាន​អនុម័ត​​ចេញ​​ក្នុង​ឆ្នាំ២០២០ ក្រោម​អំណាច​ខ្សែញាក់​របស់​ចិន​។ ​ក្រោមអំណាច​​ច្បាប់​សន្តិសុខ​ជាតិ​នេះ គឺ ជន​ជាប់ចោទ​លោក ជីមី ឡៃ អាចនឹងត្រូវ​​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ភ្លាមៗនេះ​ រដ្ឋបាល​សហរដ្ឋអាមេរិក និង​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក ជីមី ឡៃ ជាបន្ទាន់​។​​ សហភាពអឺរ៉ុប​ ក៏​ស្នើឲ្យ​ទម្លាក់​បទចោទប្រឆាំងរូប​លោក។ ចំណែក ​អង្គការ​អ្ន​កកាសែត​គ្មានព្រំដែន បាន​ឲ្យដឹង​ថា គិត​ចាប់ពី​ដើម​ឆ្នាំនេះ​ មេដឹកនាំ​កាសែត​ជាង​១០០​ស្ថាប័ន បាន​ចុះហត្ថលេខា​លើ​ញាតិ​អំពាវនាវ​ឲ្យ​ដោះលែង​លោក​ ជីមី ឡៃ។​

​តុលាការ​ហុងកុង បើ​កសវនាការកាត់ទោស លោកសេដ្ឋី ជីមី ឡៃ ចាងហ្វាង​កាសែតប្រឆាំង​ដ៏ល្បីល្បាញ។
​តុលាការ​ហុងកុង បើ​កសវនាការកាត់ទោស លោកសេដ្ឋី ជីមី ឡៃ ចាងហ្វាង​កាសែតប្រឆាំង​ដ៏ល្បីល្បាញ។ © AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

សេដ្ឋីប្រាក់​ពាន់លាន លោក ជីមី ឡៃ ជា​ម្ចាស់​ក្រុម​ហ៊ុន​ Next Media ដែលក្នុងនោះ ​រួម​មាន​កាសែត​ប្រឆាំង​ Apple Daily ដែរ​។ កាសែត​នេះ គាំទ្រ​យ៉ាងពេញ​ទំហឹង​​ចំពោះ​ចលនា​បាតុកម្ម​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង ដែលផ្ទុះ​ខ្លាំង​កាលពី​​ឆ្នាំ២០១៩​។​

ថៅកែកាសែត​ប្រឆាំងរូបនេះ ត្រូវ​អាជ្ញា​ធរ​ហុងកុង​ ចាប់​ឃុំ​ខ្លួន​តាំងពី​ឆ្នាំ២០២១ ដោយ​ចោទប្រកាន់​អំពីបទ​រួម​ផ្សំគំនិតឃុបឃិត​ជាមួយ​បរទេសប្រឆាំង​នឹង​សន្តិសុខជាតិ  ហើយ​និង​ញុះញង់​ឲ្យ​​ស្អប់ខ្ពើម​ ប្រឆាំង​រដ្ឋ​អំណាច​​។ ​​ឃុំឃាំង​អស់​ជាង ៣ ឆ្នាំ គឺ​​ នេះជាលើកទី១ ដែល​លោក ជីមី ឡៃ បាន​បង្ហាញ​ខ្លួន​។ ​អ្នក​កាសែត​បរទេស​​ឈរជើងនៅហុងកុង ​កត់​សម្គាល់ថា លោក ជីមី ឡៃ ​ទើបតែឈាន​ដល់​វ័យ​៧៦ឆ្នាំ បាន​បង្ហាញ​មុខ ដោយ​ស្នាម​ញញឹម​ស្ងប់ ហើយ​បើតាម​កូនប្រុស​របស់​លោក ជីមី ឡៃ គឺលោក​​ទំនងជាមាន​សុខភាព​ល្អ តែ​ស្រកទម្ងន់​ច្រើន​។​

គួរ​ជ្រាបថា មុនពេល​ចាប់ឃាត់ខ្លួន ​​លោក ជីមី ឡៃ បាន​អញ្ជើញ​ទៅ​រដ្ឋធានី​​​វ៉ាស៊ីនតោន​ និង​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក លោក​ មៃឃ៍ ផែន្ស៍ នៅ​សេតវិមាន នាខែ​កក្កដា​២០១៩។ កាលនោះ លោក ជីមី ឡៃ ​បាន​ប្រកាស​​អំពាវនាវឲ្យ​សហគម​អន្តរជាតិ​​ដាក់​សម្ពាធទណ្ឌកម្ម​លើរដ្ឋបាលហុងកុង និង​ប្រទេស​ចិន។

មួយ​ថ្ងៃ​ មុន​សវនាការ​នេះ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន តាមរយៈ​អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិក​ លោក ម៉ាត់ធីវ មីល្ល័រ​ ​បាន​ជំរុញ​​រដ្ឋអំណាច​ក្រុង​ប៉េកាំង និង​រដ្ឋអំណាច​ហុងកុង​ ឲ្យ​គោរព​សិទ្ធិសេរីភាសារព័ត៌មាន​នៅ​ហុងកុង ហើយ​ត្រូវ​ដោះលែង​លោក ជីមី ឡៃ ព្រមទាំង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត។ បើតាមសេចក្តីថ្លែងការ​របស់​សហរដ្ឋអាមេរិក ពួក​អ្នក​ជាប់ឃុំ​នៅហុងកុង​នោះ គ្មាន​កំហុស​ឡើយ ​​ពីព្រោះថា ពួក​គេ​គ្រាន់តែ​អនុវត្ត​សិទ្ធិសេរីភាព​របស់ខ្លួន​​តែប៉ុណ្ណោះ។ ​

ដូច​សហរដ្ឋ​អាមេរិកដែរ រដ្ឋបាល​ទីក្រុង​ឡុងដ៍​ បាន​អំពាវនាវ​ឲ្យ​ដោះលែង​លោក ជីមី ឡៃ។​ លោកសេដ្ឋី ជីមី ឡៃ ក៏​មាន​សញ្ជាតិ​អង់គ្លេស។ កាលពី​សប្តាហ៍​មុន ថ្ងៃទី​១២ធ្នូ​​ កូនប្រុស​របស់លោក ជីមី ឡៃ ឈ្មោះ​ សេបាស្យាង ឡៃ បាន​ចាកចេញពី​ហុងកុង​ទៅកាន់​អង់គ្លេស។ ក្រុង​ឡុងដ៍​ ជាទី​ដែល​កូនប្រុស​លោក​ ជីមី ឡៃ ជួបជាមួយ​​នឹង​រដ្ឋមន្ត្រី​ការអង់គ្លេស ដេវីដ ខាំមឺរ៉ុន ហើយ​ប្រមុខ​ទូតអង់គ្លេសរូប​នេះ​ ថ្លែង​ថា ការ​ចោទប្រកាន់​ទោសទាំង​ឡាយប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន​នៅហុងកុង​ គឺសុទ្ធតែ​ជា​មូលហេតុ​នយោបាយ។​ បើតាម​កូនប្រុស​របស់​លោក ជីមី ឡៃ គឺ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ពិភាក្សាពី​សប្តាហ៍​មុន ​ជាមួយ​សមភាគីចិន លោក វ៉ាង យី អំពី​សំណុំ​រឿងនេះ។​

តែ​យ៉ាងណាក៏ដោយ នៅព្រឹក​ថ្ងៃ​ច័ន្ទ ចំ​​ពេល​បើកសវនា​ការនៅហុងកុង​​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក វ៉ាង វិនប៊ិន ចាត់ទុក​​ប្រតិកម្ម​របស់​សហរដ្ឋអាមេរិក​និងអង់គ្លេសចំពោះ​​សំណុំ​រឿងនេះ​ ​ថាជា​ឧបាយកលល្បិច ហើយ​ជាការ​បំពាន​លើនីតិរដ្ឋ​និងរំលោភ​គោលការណ៍​ច្បាប់​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ