អានតួអត្ថបទ
បញ្ញាសិប្បនិម្មិត

អង់គ្លេស​បើកជំនួប​កំពូល​ពិភពលោកស្តីពីហានិភ័យ​នៃ​បញ្ញាសិប្បនិម្មិត

ប្រមុខ​ដឹកនាំ​នយោបាយ​ មេ​ដឹកនាំក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ធំៗ​​និង​អ្នក​ជំនាញ​ផ្នែក​បញ្ញា​សិប្បនិម្មិត​បាន​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃពុធទី​១​វិច្ឆិកា​និង​ព្រហស្បតិ៍ទី២​វិច្ឆិកា​​នេះ នៅ​ប្រទេស​អង់គ្លេស​ ដើម្បី​បើក​​ជំនួប​កំពូល​ពិភពលោក​ស្តីពី​ហានិភ័យ​នៃ​បញ្ញាសិប្បនិម្មិត។

អង់គ្លេស​បើកជំនួប​កំពូល​ពិភពលោកស្តីពីហានិភ័យ​នៃ​បញ្ញាសិប្បនិម្មិត​
អង់គ្លេស​បើកជំនួប​កំពូល​ពិភពលោកស្តីពីហានិភ័យ​នៃ​បញ្ញាសិប្បនិម្មិត​ © Tung Nguyen de Pixabay
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពិភពលោក​បើក​​ជំនួប​កំពូល​ស្តីពី​​ហានិភ័យ​នៃ​បច្ចេកវិទ្យា​ដ៏ទំនើប​ដែលវិវឌ្ឍ​យ៉ាង​លឿន​រហ័សគឺ​ “បញ្ញា​សិប្បនិម្មិត”។ ​​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីតាំង​ប្រកប​ដោយ​និម្មត្តរូប​បំផុតក្នុង​ប្រទេស​អង់គ្លេស គឺ​វិមាន​Bletchley ដែល​ធ្លាប់​ជា​មណ្ឌល​​សិក្សា​កូដ​សម្ងាត់​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ជំនួប​កំពូលចង់​ឆ្លុះ​ឱ្យ​ឃើញ​ថា​បញ្ញា​សិប្បនិម្មិត ​ជា​​បដិវត្ត​ផ្នែក​បច្ចេកវិទ្យា ដ៏​គួរ​ឱ្យ​ទាក់​ទាញ​និង​ប្រកប​ដោយ​​ក្តី​សង្ឃឹម។ ប៉ុន្តែ​បញ្ញា​សិប្បនិម្មិត​ក៏​​ជា​តំណាងនៃ​​ក្តី​ព្រួយ​បារម្ភ​ដែរ។

នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ជំនួប​កំពូល អ្នក​ចូល​រួម​ត្រូវ​ជជែក​ពិភាក្សា​អំពី​សក្តានុពល​នៃ​គ្រោះ​ថ្នាក់ដែល​អាច​បង្ក​ឡើង​ដោយ​បច្ចេកវិទ្យា​សិប្បនិម្មិត។ ចំណែក​ប្រមុខ​ដឹកនាំ​នយោបាយជាន់​ខ្ពស់​ ដូចជា​​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ៊ួរស៊ូឡា វ៉ុនឌឺឡេយ៉ែន​ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ អនុប្រធានាធិបតី​អាមេរិក​លោកស្រី​ កាម៉ាឡា ហារីស ព្រមទាំង​ប្រមុខ​ដឹកនាំ​រដ្ឋ-រដ្ឋាភិបាល​ក្រុមប្រទេស​ហ្សេ៧​ នឹង​បង្ហាញ​វត្តមាន​​ក្នុង​ជំនួប​កំពូល​នេះ​ក្នុង​ថ្ងៃ​ទី​ពីរ។ ទោះ​បី​កំពុង​ប្រឈម​មុខ​តាន​តឹង​ដាក់​គ្នា និង​ទោះ​មាន​ក្តីសង្ស័យ​ទាក់​ទង​នឹង​ចារកិច្ច​ឧស្សាហកម្ម​ក៏​ដោយ ក៏​ចិន​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​មក​ចូលរួម​ដែរ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​ជំនួប​កំពូល​ អង់គ្លេស​ចង់ធ្វើ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជុំ​វិញ​ប្រធានបទ​បញ្ញា​សិប្បនិម្មិត ដោយ​សង្ឃឹម​ថា​នឹង​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​អន្តរជាតិ ជា​​លើក​ដំបូង​ស្តី​ពី​ប្រភេទ​នៃ​ហានិភ័យ​របស់​បញ្ញា​សិប្បនិម្មិត។ ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ស្នើ​សុំ​ឱ្យ​បង្កើតអង្គការ​​ក្រុម​អ្នក​ជំនាញ​បញ្ញាសិប្បនិម្មិត​ តាម​គំរូ​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ហៅកាត់​ថា​Giec ដើម្បី​ធានា​ថា​ពិភពលោក​ពិត​ជា​មាន​មនុស្ស​ល្អ​ មានអ្នក​ជំនាញ​ត្រឹម​ត្រូវ​អង្គុយ​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​អំពី​របៀបដែល​យើង​អាច​​កំរិត​ហានិភ័យសម្រាប់​ថ្ងៃ​​អនាគត​។

បញ្ញា​សិប្ប​និម្មិត​ជា​ក្តី​សង្ឃឹម​ធំ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ​និងអប់​រំ​ តែ​អាច​​​ផលិត​អាវុធ អាច​ធ្វើ​ឱ្យ​សង្គមបាត់​បង់​លំនឹង ហើយ​ហានិភ័យ​មាន​កាន់​តែ​ធ្ងន់ធ្ងរ​បើ​បច្ចេកវិទ្យា​វិវឌ្ឍ​លឿន​ជ្រុល​ពេករហូត​​របូត​គេ​ច​រួច​ពី​ការ​ឃុំ​គ្រង​របស់​មនុស្ស ឬមនុស្ស​គ្រប់​គ្រង​លែង​បាន។ នេះ​បើ​តាម​របាយការណ៍​អង់គ្លេស​ដែល​ជំរុញ​ឱ្យ​ជំនួប​កំពូល​សម្រេច​កំរិត​ហានិភ័យ​ដោយ​មិ​ន​រារាំង​ដល់​ការ​​ធ្វើ​ទំនើប​កម្ម​បញ្ញាសិប្បនិម្មិត​របស់​មន្ទីរពិសោធន៍​ធំៗ​និង​ក្រុមយក្ស​ផ្នែក​បច្ចេកវិទ្យា។ តាម​សំណើ​អង់គ្លេស​ ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​OpenAI Meta DeepMind (Google) ព្រម​លាត​ត្រដាង​ជា​សាធារណៈ​ច្បាប់​វិធាន​សុវត្ថិភាព​របស់​ពួកគេក្នុង​ផ្នែក​បញ្ញាសិប្បនិម្មិត។ តែ​អង្គការជាង​មួយ​រយ អ្នក​ជំនាញនិង​សកម្មជន​អន្តរជាតិ​ ​​បាន​ចេញ​លិខិត​ចំហ​មួយ​រិះគន់​ថា​ជំនួប​កំពូល​ស្តីពី​ហានិភ័យ​បញ្ញាសិប្បនិម្មិត​ប្រព្រឹត្តទៅ​ដោយ​បិទ​ទ្វារ​ មាន​តែ​មហាយក្ស​ផ្នែក​បច្ចេកវិទ្យា​ចូល​រួម​ ឯ​សង្គម​ស៊ីវិល​ចូល​រួម​យ៉ាង​មាន​កំរិត​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ