អានតួអត្ថបទ
ព្រះមហាក្សត្រឆាលស៍

ព្រះមហាក្សត្រ​អង់គ្លេស ឆាលស៍​ទី​៣ កើត​ជំងឺ​មហារីក

សារ​របស់​មេដឹកនាំ​ក្នុងពិភពលោកសម្រាប់​ព្រះមហាក្សត្រអង់គ្លេស គឺ​ព្រះអង្គ​ឆាលស៍ទី៣​មានជាបន្តបន្ទាប់ នៅថ្ងៃអង្គារ​នេះ បន្ទាប់ពី​ព្រះរាជវាំង​ប្រកាស​ជាសាធារណៈ​ថា ព្រះអង្គឆាលស៍ កើតមជំងឺមហារីក។ តាម​ព្រះរាជវាំង ព្រះមហាក្សត្រ​អង់គ្លេស​ចាប់ផ្តើម​ការព្យាបាល​ជំងឺមហារីក តាំងពីថ្ងៃ​ចន្ទ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រូវ​ផ្អាក​ព្រះរាជកិច្ចទាំងអស់ ដោយ​លើកលែង​ការជួប​ពិភាក្សា​កិច្ចការប្រទេស​ជាតិ ជាមួយ​នាយករដ្ឋមន្រ្តីអង់គ្លេស តែប៉ុណ្ណោះ។ ដំណឹងព្រះមហាក្សត្រ ឆាលស៍​កើតជំងឺមហារីកជា​ដំណឹង​រន្ធត់​សម្រាប់​ប្រជានុរាស្រ្ត​អង់គ្លេស រួម​ទាំង​ព្រះអង្គម្ចាស់​ហារី​ផង ដែល​ជា​បុត្រាទី​២។ នៅថ្ងៃ​ចន្ទម្សិលមិញ ព្រះអង្គម្ចាស់​ហារី​ប្រាប់​អ្នកកាសែត​ថា ព្រះអង្គ​នឹង​យាងទៅ​មើល​ព្រះបិតា​នៅក្នុង​សប្តាហ៍នេះ។ 

កាសែត​អង់គ្លេស​គ្រប់ទំព័រមុខ​ចុះផ្សាយថា ព្រះមហាក្សត្រ​អង់គ្លេស ឆាលស៍​ទី​៣ កើត​ជំងឺ​មហារីក
កាសែត​អង់គ្លេស​គ្រប់ទំព័រមុខ​ចុះផ្សាយថា ព្រះមហាក្សត្រ​អង់គ្លេស ឆាលស៍​ទី​៣ កើត​ជំងឺ​មហារីក REUTERS - TOBY MELVILLE
ផ្សាយពាណិជ្ជកម្ម

ទើប​ឡើង​គ្រងរាជសម្បត្តិ​បន្តពី​ព្រះមាតា ព្រះមហាក្សត្រី អេលីហ្សាបិត​ទី​២ បាន​១ឆ្នាំកន្លះ ព្រះមហាក្សត្រ​អង់គ្លេស ឆាលស៍​ទី​៣ ក្នុងព្រះជន្ម​៧៥ព្រះវស្សា កើត​ជំងឺ​មហារីក។ ព្រះរាជវាំង​អង់គ្លេស​បាន​ប្រកាសដំណឹងដ៏​រន្ធត់ និង​ទុក្ខសោក នៅថ្ងៃ​អង្គារទី ៦​កុម្ភៈ​នេះ ពោល​គឺនៅ​​បន្ទាប់​ពីព្រះមហាក្សត្រ​ឆាលស៍​ទើប​យាងចាកចេញ​ពី​មន្ទីរពេទ្យ​ទីក្រុង​ឡុងដ៍ ជាទី​ដែល​ព្រះអង្គ​ទទួល​ការព្យាបាល​ជំងឺប្រូស្តាត។

ព្រះរាជវាំង​មិន​បាន​លម្អិត​ពី​ប្រភេទ​ជំងឺមហារីក ដែល​ក្រុមគ្រូពេទ្យ​រកឃើញ នៅក្នុង​អំឡុងពេល​ព្រះអង្គ​ទទួល​ការព្យាបាល​ជំងឺប្រូស្តាត នៅមន្ទីរពេទ្យ ប៉ុន្តែ គ្រាន់តែ​បញ្ជាក់ថា មិនមែនជា​ជំងឺមហារីក​ប្រូស្តាត។ តាម​ព្រះរាជវាំង​ដដែល តាំងពីថ្ងៃចន្ទ ព្រះមហាក្សត្រ ឆាលស៍​​ចាប់ផ្តើម​ការព្យាបាល​ជំងឺមហារីក​ដែលត្រូវការពេលវេលាវែង។ នៅក្នុងអំឡុងពេលនេះ ក្រុមគ្រូពេទ្យ​បានផ្តល់​យោបល់​ឲ្យ​ព្រះអង្គ​ត្រូវផ្អាក​រាល់​ព្រះរាជកិច្ច​នៅក្រៅព្រះរាជវាំង ដោយ​លើកលែង​តែ កិច្ចការ​ដែលទាក់ទង​តួនាទី​របស់​ព្រះអង្គ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​របស់​ប្រទេស​ចំនួន១៥ ដែល​នៅក្នុង​មាន រាជាណាចក្រ​អង់គ្លេស។

នៅក្រោយ ទទួល​បាន​ដំណឹង​ថា ព្រះបិតា កើតជំងឺ​មហារីក ព្រះអង្គ​ម្ចាស់​ហារី ដែល​កំពុង​រស់នៅ​រដ្ឋ​កាលីហ្វ័នីញ៉ា ជាមួយ​ភរិយា​ជាតារាភាពយន្តអាមេរិក ប្រាប់​អ្នកកាសែត​ថា ព្រះអង្គ​នឹង​យាងទៅអង់គ្លេស នៅមើលព្រះបិតា នៅ​សប្តាហ៍នេះ។ ដំណឹង​ព្រះមហាក្សត្រឆាលស៍​កើតជំងឺមហារីក​បាន​បណ្តាល​ឲ្យមានប្រតិកម្ម​ភ្លាមៗ​ពីប្រជាជន​អង់គ្លេស និង​ថ្នាក់ដឹកនាំបរទេស។

នៅ​ថ្ងៃអង្គារ​នេះ នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​រីស៊ី ស៊ូណាក់​ប្រាប់​ទូរទស្សន៍BBC ថា អង់គ្លេស​ស្លុត និងព្រួយចិត្ត​ដែល​លឺដំណឹងនេះ ប៉ុន្តែ សម្រាប់លោក សំណាងល្អ​ដែល​គេ​ឆាប់​រកឃើញទាល់ពេលវេលា ​ជំងឺមហារីក​របស់​ព្រះមហាក្សត្រ​ឆាលស៍ ដើម្បី​ឲ្យព្រះអង្គ​ឆាប់​ទទួល​បានការព្យាបាល។ មេដឹកនាំ​ប្រទេសធំៗ​ដូចជា ប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តី​ឥណ្ឌា នាយករដ្ឋមន្រ្តីអូស្ត្រាលី និងប្រធានាធិបតី​បារាំង​បាន​ផ្ញើសារ​ជូនពរ​ឲ្យ​ព្រះមហាក្សត្រ​អង់គ្លេស ឆាសល៍​ឆាប់ជា​ក្នុងពេលខាងមុខ។

ព្រះមហាក្សត្រ​ឆាលស៍​ទី​៣ ទើប​ឡើង​គ្រងរាជសម្បត្តិ បន្តពី​ព្រះមាតា ព្រះមហាក្សត្រី​អេលីហ្សាបិត ទី​២ ដែល​សោយទីវង្គត ​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។

ផ្ទុយពី​ព្រះរាជមាតាដែលមិនប្រកាស​ជំងឺ​របស់​ព្រះអង្គនៅមុន​សោយទីវង្គត ព្រះមហាក្សត្រឆាលស៍ ទី ៣​បើកចំហរពីស្ថានភាព​ព្រះរាជសុខភាព​របស់ព្រះអង្គ។ នៅ​ខែមុន​នេះ គេ​បាន​អបអរ​ព្រះអង្គ​ដែលមាន​តម្លាភាព ប្រកាស​ឲ្យគេ​ដឹងថា ព្រះអង្គត្រូវ​ចូលព្យាបាល​ជំងឺប្រូស្តាត។ ក្រុមគ្រូពេទ្យអង់គ្លេស​ផ្ទាល់ កោតសរសើរ​សេចក្តីក្លាហាន​របស់​ព្រះអង្គខ្លាំងណាស់ ព្រោះថា ការនិយាយ​បើកចំហរ​ឲ្យ​គេ​ដឹង​ពី​ជំងឺប្រូស្តាត និង​ជំងឺមហារីក​របស់ព្រះអង្គ ជា​សារលើកទឹកចិត្ត​ឲ្យ​គេ​ចាប់អារម្មណ៍​ពី​ជំងឺប្រូស្តាត និង​ជំងឺ​មហារីកជាទូទៅ។ តាម​វិបសៃតិ៍​សេវាសុខភាពសាធារណៈអង់គ្លេស មាន​ជំងឺមហារីក​ប្រមាណ ២០០ប្រភេទ។ នៅអង់គ្លេស ប្រជាជន​ពាក់កណ្តាល​ធ្លាប់​កើតមានជំងឺមហារីកម្តង​ក្នុងមួយជីវិត​របស់ពួកគេ។ ជំងឺមហារីក​ដែលកើតញឹកញាប់ជាងគេ​នៅអង់គ្លេស គឺ​មហារីកដោះ មហារីកប្រូស្តាត មហារីកសួត និង​មហារីកពោះវៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ